ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្ដីកម្ពុជានៅថ្ងៃនេះបានប្រកាសទទួលយកពលរដ្ឋខ្មែរដែលអាមេរិកបណ្ដេញចេញត្រឡប់កម្ពុជាវិញ។
ការប្រកាសទទួលយកពលរដ្ឋខ្មែរដែលមានទោសនៅអាមេរិកមកវិញដូចនេះធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មាការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់អូរដឹម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងពិធីនេះ សម្ដេច ហ៊ុន សែន ក៏បានសំនូមពរអោយសា្ថនទូតអាមេរិកប្រចាំនៅកម្ពុជាជួយផ្ញើសារទៅកាន់ក្រុងវ៉ាស៊ិន តោនឱ្យប្រគល់ពលរដ្ឋខ្មែរដែលអាមេរិកត្រៀមបណ្ដេញចេញនោះមកឱ្យកម្ពុជាវិញនឹងសុំឱ្យអាមេរិកជួយផ្ដល់អាហារូបត្ថម្ភជូនពលរដ្ឋខ្មែរដែលត្រូវបានបណ្ដេញចេញនេះផងដែរ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្លាប់ស្នើសុំសហរដ្ឋអាមេរិក ធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្ដីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋដើមកំណើតខ្មែរ ដែលបានប្រព្រឹត្តបទល្មើសនៅសហរដ្ឋអាមេរិក ត្រឡប់ទៅកម្ពុជា វិញ។ សម្ដេច ហ៊ុន សែន ចាត់ទុកថា ទង្វើដែលចាប់បង្ខំពលរដ្ឋខ្មែរត្រឡប់មកកម្ពុជាវិញ គឺ “អគុណធម៌” និង “អសីលធម៌” ជាបំបែកក្រុមគ្រួសារខ្មែរទាំងនោះ។
សូមជម្រាបដែរថាកន្លងមកកម្ពុជាធ្លាប់បដិសេធមិនទទួលយកពលរដ្ឋខ្មែរដែលបណ្ដេញពីអាមេរិកដោយទាមទារឱ្យអាមេរិករក្សាទុកពួកគេវិញ តែក្រោយមកអាមេរិកប្រកាសជាឯកតោភាគី ថាត្រូវតែបញ្ជូនពួកគេមកអោយកម្ពុជាវិញទោះមានការជំទាស់ក៏ដោយដែលបញ្ហានេះនាំកម្ពុជាពិចារណាឡើងវិញ។
គិតមកដល់ពេលនេះ អាមេរិកបានបញ្ជូន ពលរដ្ឋខ្មែរដែលមានទោសឱ្យត្រឡប់មកកម្ពុជា មាន ជាង ៥៥០នាក់ បើទោះជាពលរដ្ឋទាំងនោះខ្លះបានប្រព្រឹត្តិបទល្មើសតិចតួចក្ដី ហើយខ្លះមិនចេះនិយាយភាសាខ្មែរ និងមិនដែលធ្លាប់មកលេង ឬស្គាល់ប្រទេសកម្ពុជា ក៏ដោយ។ កាលពីឆ្នាំ២០១៦ កន្លងទៅ មានពលរដ្ឋដើមកំណើតខ្មែរចំនួន ៤១នាក់ ត្រូវបានចាប់បញ្ជូនមកកម្ពុជាវិញ.
ក្នុងឆ្នាំ២០១៧ នេះ សហរដ្ឋអាមេរិកបានចាប់បញ្ជូនពលរដ្ឋដើមកំណើតខ្មែរចំនួន ១៣នាក់ហើយ មកកម្ពុជាវិញ។ ពលរដ្ឋ៣៦នាក់ទៀត នឹងត្រូវចាប់បញ្ជូនមកកម្ពុជាវិញ នៅពេលខាងមុខឆាប់ៗនេះ៕