en     km
en     km

 ហានិភ័យអ្នកដែលនៅក្រោមកំដៅថ្ងៃយូរប្រឈមកើតជំងឺភ្នែកដុះកន្ទុយថ្លែន

Share

ភ្នំពេញ៖ ភ្នែកគឺជាសិរីរៈដែលមានសារៈសំខាន់ណាស់លើរាងកាយរបស់មនុស្ស។ ភ្នែកក៏ជាអាយុជីវិតមួយរបស់មនុស្សផងដែរ ព្រោះថាប្រសិនបើមនុស្សបាត់បង់ភ្នែកនោះ នោះច្បាស់ណាស់ថាលោកអ្នក នឹងមិនអាចឃើញពិភពលោកដ៏ស្រស់ស្អាតនោះទេ។ ទន្ទឹមនឹងសារៈសំខាន់នៃកែវភ្នែកនេះ ភ្នែកក៏ងាយទទួលរងគ្រោះផងដែរចំពោះការកើតជំងឺផ្សេងៗមួយចំនួន។  

ត្រង់ចំនុចនេះ យើងសង្កេតឃើញថាមានមនុស្សមួយចំនួន បានកើតជំងឺក្រហមភ្នែក ជំងឺភ្នែកទ្បើងបាយ និងជំងឺដុះកន្ទុយថ្លែនជាដើម។

តើមានមូលហេតុសំខាន់ៗអ្វីខ្លះបានជាមនុស្សមានកើតជំងឺដុះកន្ទុយថ្លែន និងជំងឺភ្នែកទ្បើងបាយ?តើជំងឺទំាងនេះភាគច្រើនកើតទៅលើមនុស្សក្នុងវ័យណាខ្លះ? ដើម្បីចង់ដឹងកាន់តែច្បាស់ជាបន្តសូមស្តាប់សេចក្តីអធិប្បាយរបស់លោក ជួន សារ៉េត ដូចតទៅ!

តើអ្វីទៅជាជំងឺភ្នែកដុះកន្ទុយថ្លែន៖

បើតាមទំព័រហ្វេសប៊ុកសុខភាពភ្នែក (Eye Health) បានឱ្យដឹងថា ជំងឺភ្នែកដុះកន្ទុយថ្លែន គឺសំដៅដល់កោសិកាមួយដុំ ដុះនៅលើគ្រាប់ភ្នែកសដែលមានលក្ខណៈជាផ្ទំាងក្រាស់ ឬជាដុំមួយព័ណ៌ស ឬលឿង ដែលឃើញដុះនៅផ្នែកខាងដើមភ្នែកច្រើនជាងនៅផ្នែកកន្ទុយភ្នែក ជួនកាលអាចកើតមានទំាងពីរផ្នែក។

កោសិកាមួយដុំនេះនឹងពង្រីកខ្លួនកាន់តែធំ នៅពេលដែលកើតការរលាកភ្នែក ឈឺភ្នែក រកំាភ្នែក ភ្នែកក្រហម។ ដុំនេះមានលក្ខណៈជាបីជ្រុង មានចុងស្រួចនៅត្រង់ដើមភ្នែកស ហើយលយចូលទៅក្នុងកញ្ចក់ភ្នែកខ្មៅ។

រោគសញ្ញានៃការកើតជំងឺដុះកន្ទុយថ្លែន វាចាប់ផ្តើមចេញពីការរលាកដុំសាច់ ហើយទ្បើងក្រហមជាំ ដែលធ្វើឱ្យយើងមានអារម្មណ៍រកំាភ្នែកហើយរមាស់ ដូចមានធូលីហ៊ុយចូលភ្នែក។ ដុំសាច់កន្ទុយថ្លែនមិនមែនជាដុំសាច់មាហារីកនោះទេ តែវាអាចធ្វើឱ្យភ្នែកយើងរលាកច្រើនជាងធម្មតា។ តាមការសិក្សាស្រាវជ្រាវគេរកឃើញថាអ្នកធ្វើការក្រោមកំដៅថ្ងៃ និងធូលីហ៊ុយចូលភ្នែក ប្រឈមមុខជំងឺភ្នែកដុះកន្ទុយថ្លែន៦ដងជាងអ្នកធ្វើការនៅក្នុងម្លប់។

រូបភាព៖Google

 

តាមការសិក្សាស្រាវជ្រាវ មូលហេតុសំខាន់ៗដែលមនុស្សមានដុះកន្ទុយថ្លែនភ្នែកនេះ គឺ៖ «ដោយសារកម្មរស្មីយូវី របស់កំដៅថ្ងៃធ្វើឱ្យកោសិកានៅលើកញ្ចក់ភ្នែកខូចខាត និងបាត់បង់ ដែលបង្កឱ្យមានជាសរសៃឈាម និងសាច់ដុះចូលមកគ្របពីលើកញ្ចក់ភ្នែក និងប្រសីភ្នែក។ ការណ៍នេះគេសង្កេតឃើញថា អ្នកធ្វើការនៅក្រោមកំដៅថ្ងៃខ្លំាងប្រឈមមុខដុះកន្ទុយថ្លែន៦ដង បើធៀបទៅនឹងអ្នកដែលធ្វើការក្នុងម្លប់។ ចំណែកអ្នករស់នៅតំបន់ជនបទកើត៥ដងធៀបនឹងអ្នករស់នៅទីក្រុង»។

អ្នកឯកទេសភ្នែកពន្យល់បន្ថែម

ចំណែកទំព័រហ្វេសប៊ុក សុខភាពភ្នែកខ្ញុំ ដែលបានដកស្រង់សំដីលោកវេជ្ជបណ្ឌិត ងី ម៉េង អ្នកជំនាញខាងឯកទេសភ្នែក បានឱ្យដឹងដែរថាជំងឺដុះកន្ទុយថ្លែន កើតទ្បើងដោយសារកំារស្មី UV របស់ព្រះអាទិត្យ ធូលី និង កំដៅដែលបានជះមកលើភ្នែកក្នុងរយៈពេលយូរអង្វែងមួយ។

ជំងឺនេះជាជំងឺដែលតែងតែកើតមានទ្បើងទៅលើប្រជាពលរដ្ឋរស់នៅតំបន់វាលខ្សាច់ តំបន់ស្ងួត ហើយក្តៅ និងតំបន់ត្រូវពិច ដូជាប្រទេស កម្ពុជាជាដើម។

តាមការឱ្យដឹងពីវេជ្ជបណ្ឌិត ងី ម៉េង អ្នកដែលមានជំងឺដុះកន្ទុយថ្លែន នឹងមានអារម្មណ៍ដូចជា៖«ស្ងួតភ្នែក មានភាពរកំា មានអារម្មណ៍ថាក្តៅក្រហាយ ដូចមានគ្រាប់ខ្សាច់នៅក្នុងភ្នែក ឧស្សាហ៍ហូរទឹកភ្នែក បើកភ្នែកមិនរួចពេលត្រូវកំដៅថ្ងៃ និងមានអាការៈភ្នែកក្រហមជាប្រចំា »។

សំនួរបានចោទសួរថាចំពោះមនុស្សដែលកើតមានជំងឺដុះកន្ទុយថ្លែននេះអាចបង្កឱ្យមើលមិនឃើញដែរឬទេ?

តាមការបកស្រាយរបស់លោក វេជ្ជបណ្ឌិត ងី ម៉េង ៖ « ជាទូទៅបើសិនជាជំងឺនេះស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើម និងមានទំហំតូចនោះមិនធ្វើឱ្យប៉ះពាល់ដល់ការមើលមិនឃើញនោះទ្បើយ ប៉ុន្តែនៅក្នុងករណីកន្ទុយថ្លែនមានទំហំធំ ឬដុះបំាងមកលើប្រស្រីភ្នែក វានឹងបង្កឱ្យមានការប៉ះពាល់ដល់ការមើលមិនឃើញ»។

វិធីការការពារកុំឱ្យដុះកន្ទុយថ្លែន

វិធីការពារទំាងនោះគឺអ្នកគ្រប់រូបត្រូវថែរក្សាភ្នែករបស់អ្នកកុំឱ្យត្រូវកំដៅថ្ងៃខ្លំាង ដោយប្រើប្រាស់មួក ឬ  ឆ័ត្រ ប្រើមួកសុវត្ថិភាពដោយមានកញ្ចក់ការពារភ្នែក ឬក៏អាចប្រើវែនតាខ្មៅ និងវ៉េនតាការពារកំដៅថ្ងៃដើម្បីការពារជាប្រចំា។

តាមអ្នកជំនាញខាងឯកទេសភ្នែកបានឱ្យដឹងថា ជំងឺដុះកន្ទុយថ្លែននេះ គេអាចព្យាបាលដោយ ការវះកាត់ព្រោះថាជំងឺនេះមិនអាចមានថ្នំាណា អាចព្យាបាលបានទ្បើយ ដែលផ្ទុយពីការភ័ន្តបន្លំរបស់បុគ្គលមួយចំនួនដែលអះអាងថា មានថ្នាំព្យបាលដាច់។

អ្នកជំនាញខាងឯកទេសភ្នែកផ្តល់ជាអនុសាសន៏ថា ចំពោះអ្នកជំងឺដែលដុះកន្ទុយថ្លែនស្ថិតក្នុងកម្រិតតូច អ្នកជំងឺអាចមិនវះកាត់បើសិនជាជំងឺនោះមិនផ្តល់ជារោគសញ្ញា ឬអាការៈធ្វើទុក្ខខ្លំាង។ តែប្រសិនបើវាផ្តល់រោគសញ្ញាដុះកន្ទុយថ្លែនមានទំហំធំ ឬដុះបំាងមកលើប្រស្រីភ្នែកដែលធ្វើឱ្យប៉ះពាល់ដល់ការមើលឃើញនោះអ្នកជំងឺគួរតែស្វះស្វែងរកការព្យាបាលពីគ្រូពេទ្យជំនាញជាបន្ទាន់។

អ្នកឯកទេសខាងភ្នែកបានឱ្យដឹងថាក្រោយពីការបកកន្ទុយថ្លែន អ្នកជំងឺគួរទទួលទានអាហារសម្បូរទៅដោយវីតាមីនអា។ រយៈពេលមួយអាទិត្យដំបូង អ្នកជំងឺត្រូវរក្សាភ្នែកកុំឱ្យប៉ះទឹក។ គួរពាក់វែនតាការពារពន្លឺថ្ងៃការពារខ្យល់ និងធូលីដី។ ដោយទ្បែកចំពោះអ្នកចូលចិត្តអានសៀវភៅវិញមិនត្រូវចំណាយពេលវេលាយូរពេកទេ គឺយ៉ាងច្រើនបំផុតគួរចំណាយពេលតែកន្លះម៉ោង ហើយសម្រាក ១៥នាទីសិន ចាំបន្តការអានបន្តទៀត។

បើតាមគេហទំព័រ Health time copertation បានឱ្យដឹងដែរថា ប្រជាពលរដ្ឋកម្ពុជាច្រើននាក់កំពុងតែជួបបញ្ហាសុខភាព ដែលតម្រូវឱ្យពួកគាត់ទៅទទួលការព្យាបាលពីអ្នកជំនាញខាងឯកទេសភ្នែក។​តាមគេហទំព័រដដែលនេះគូសបញ្ជាក់ថាវិធីសាស្រ្តនៃការព្យាបាលជំងឺនេះ គឺការទទួលយកការវះកាត់ទើបមានប្រសិទ្ធភាពខ្ពស់។ តាមការដកស្រង់អ្នកជំនាញបានឱ្យដឹងដែរថា ជំងឺនេះមិនមែនជាការដុះសាច់ប្រភេទកាច ឬមហារីកនោះទេ ហើយមានការប្រឈមខ្លំាងចំពោះប្រជាពលរដ្ឋដែលមានវ័យពី ៣០ ទៅ ៤០ឆ្នំាទ្បើងទៅ។ ចំណែកជំងឺដុះកន្ទុយថ្លែននេះបានកើតទៅលើស្រ្តី និងបុរស មានចំនួនប្រហាក់ប្រហែលគ្នា តែតំបន់ខ្លះចំនួនស្រ្តីអាចមានអត្រាលើសបន្តិចពីបុរស ឯការកើតទ្បើងលើក្មេងគឺកម្រនឹងជួបប្រទះណាស់។

គួរជម្រាបថាសម្រាប់ការវះកាត់កន្ទុយថ្លែននេះជាទូទៅមិនផ្តល់ផលប៉ះពាល់អ្វីខ្លំាងដល់អ្នកជំងឺនោះទេ។ ការវះកាត់ជាទូទៅចំណាយពេលវេលា ពី ២០ ទៅ ៤០ នាទី តម្រូវទៅលើទំហំ និងចំ​នួនរបស់សាច់ដុះ ហើយមានការឈឺចាប់តិចតួចដែលមិនចាំបាច់ឱ្យអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ។ចំពោះការវះកាត់នេះអ្នកជំងឺអាចប្រកបការងារមួយចំនួនធំបានធម្មតាក្រោយការវះកាត់។ តែអ្នកជំនាញព្រមានថាជំងឺដុះកន្ទុយថ្លែននេះអាចដុះមកវិញនៅលើអ្នកជំងឺមួយចំនួនតូចបើសិនជាមិនបានកាត់បន្ថយការត្រូវពន្លឺថ្ងៃ។

ពាក់ព័ន្ធនឹងអ្នកដែលបានកើតជំងឺនេះប្រសិនបើមិនរួសរាន់ទៅព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ ជំងឺនេះអាចប្រឈមមុខនឹងការវិវឌ្ឍន៏ទៅមុខដែលធ្វើឱ្យសាច់ដុះកាន់តែធំ ភ្នែកកាន់តែក្រហម និងកាន់តែផ្តល់ភាពលំបាកដល់គ្រូពេទ្យក្នុងការវះកាត់ ព្រមទំាងប្រឈមមុខក្នុងស្ថានភាពមិនល្អក្រោយការវះកាត់បើសិនកន្ទុយថ្លែនមានភាពធំជ្រុល៕

Share

Image
Image
Image