ភ្នំពេញ ៖ និស្សិតស្ដ្រី ដែលមកបន្ដការសិក្សានៅភ្នំពេញ បានចងក្រងគ្នាបង្កើតជាផ្សារសហគមន៍ខ្មែរ ដើម្បីផ្ដល់ទីផ្សារសម្រាប់កសិកផលធម្មជាតិ របស់កសិករខ្មែរ ដែលមិនប្រើប្រាស់ជីគីមី និងផ្ដល់ជាកន្លែងស្នាក់នៅសម្រាប់ក្រុមនិស្សិតជាស្ដ្រី ដែលមានជីវភាពក្រីក្រមកពីខេត្ដ។
លោក លៀ ស៊ីណា រាយការណ៍៖
ផ្សារសហគមន៍ខ្មែរ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមានកញ្ញា ស៊ាយ សុម៉ាលី ជាអ្នកផ្ដួចផ្ដើម និង មានការចូលរួមពីក្រុមនិស្សិតក្នុងនោះជាង ៩០ភាគរយជាស្ដ្រី។ ការបង្កើតផ្សារសហគមន៍ខ្មែរនេះ មានទិសដៅជួយរកទីផ្សារសម្រាប់កសិផល របស់កសិករខ្មែរ ដែលមិនប្រើប្រាស់ជីគីមី និង ផ្ដល់ជាទីជម្រកសម្រាប់និស្សិតស្ដ្រីក្រីក្រ ដែលមកបន្ដការសិក្សានៅរាជធានីភ្នំពេញ។
កញ្ញា ស៊ាយ សុម៉ាលី ស្ថាបនិករបស់ផ្សារសហគមន៍ខ្មែរនេះ បានប្រាប់វិទ្យុស្ដ្រីថា កញ្ញាបានធ្វើការងារសង្គមដោយ ស្ម័ក្រចិត្ដ តាមអង្គការក្រៅរាជរដ្ឋាភិបាលជាច្រើន អស់រយៈពេលជិង ២០ឆ្នាំ។ កញ្ញាបានឃើញការលំបាករបស់ស្ដ្រីខ្មែរ ដែលចាកចេញពីស្រុកកំណើតមកបន្ដការសិក្សានៅភ្នំពេញ ដែលពួកគេងាយប្រឈមនឹងការរំលោភបំពានពីជនខិលខូចមួយចំនួន និងមួយវិញទៀត គឺកញ្ញាបានមើលឃើញ ពីកត្ដាហានិភ័យពីការប្រើប្រាស់ជីគីមីទៅលើដំណាំ និង ផលលំបាករបស់កសិករខ្មែរ ដែលដាំដំណាំដោយមិនប្រើជីគីមី លំបាករកទីផ្សារ។ ក្រោមហេតុផលទាំងអស់នេះ ហើយដែលកញ្ញា ស៊ាយ សុម៉ាលី បានស្វែងរកនិស្សិតស្ដ្រី ដែលក្រីក្រ មកសិក្សានៅភ្នំពេញ ដើម្បីចងក្រងគ្នាបង្កើតជាផ្សារសហគមន៍ខ្មែរនេះឡើង។
កញ្ញា ស៊ាយ សុម៉ាលី ៖«យើងបង្កើតជាហាងតូចមួយផ្សារសហគមន៍នោះ តែយើងមានបន្ទប់ច្រើនដែលយើងបានជួលផ្ទះមួយល្វែងសម្រាប់លក់ ក៏ប៉ុន្ដែនៅខាងលើៗគឺមានកន្លែងស្នាក់នៅសម្រាប់និស្សិតដែលគាត់មកពីបណ្ដាខេត្ដ ហើយនិស្សិតទាំងអស់នោះជានិស្សិតស្ដ្រី។ ព្រោះយើងយល់ឃើញថា ស្ដ្រីគាត់ប្រឈមនឹងបញ្ហាច្រើនពេលដែលគាត់មករៀននៅភ្នំពេញ ទី១ គាត់ក្រីក្រគាត់មិនមានលទ្ធភាពជួលបន្ទប់សម្រាប់ស្នាក់នៅ ទី២ គាត់មកសិក្សានៅទីក្រុងភ្នំពេញឪពុកម្ដាយមានសេចក្ដីព្រួយបារម្ភ ដូច្នេះអ្នកដែលមកសិក្សានៅភ្នំពេញអ្នកដែលគាត់ចូលរួមជាមួយក្រុមចងក្រងសហគមន៍នោះគាត់ អាចមករស់នៅក្នុងហាងផ្សារសហគមន៍ ហើយគាត់ផ្លាស់ប្ដូរគ្នាក្នុងការសិក្សា»។
ផ្សារសហគមន៍ខ្មែរ មុនពេលទទួលយកបន្លែង ផ្លែឈើ ត្រី សាច់ ពីកសិករ គឺត្រូវចុះទៅដោយផ្ទាល់ដើម្បីសិក្សាពីបច្ចេកទេសដាំដុះ និងធ្វើកំណត់សម្គាល់ឲ្យច្បាស់ថាតើ កសិករ ពិតជាមិនបានប្រើប្រាស់ជីគីមីពិតប្រាកដមែន ឬយ៉ាងណា ទើបផ្សារសហគមន៍ខ្មែរនេះ ផ្ដល់ទីផ្សារសម្រាប់លក់ជួនកសិករ។ បន្លែ ត្រី សាច់ ធម្មជាតិរបស់កសិករខ្មែរ ភាគច្រើននាំយកពីខេត្ដជាង ១០ មាននៅ ខេត្ដ តាកែវ កំពង់ស្ពឺ សៀមរាម បាត់ដំបង ប៉ៃលិន កោះកុង កំពត បន្ទាយមានជ័យ ឧត្ដរមានជ័យ រតនគិរី និងខេត្ដផ្សេងៗមួយចំនួនទៀត។
កញ្ញា ឃិន ធារី ជានិស្សិតកំពុងបន្ដការសិក្សា និងជាសមាជិកម្នាក់របស់ផ្សារសគមន៍ខ្មែរ បានប្រាប់ឲ្យដឹងថា កញ្ញាសប្បាយចិត្ដដែលបានចូលរួមចងក្រងជាផ្សារសហគមន៍នេះឡើង។ កញ្ញាបន្ដថា ផ្សារសហគមន៍នេះកើតឡើងពីទឹកចិត្ដនិស្សិតស្ដ្រី ដែលចង់ជួយស្ដ្រី ឲ្យបានបន្ដការសិក្សាខ្ពស់ដូចកូនប្រុស និងជាពិសេសជួយប្រជាកសិករខ្មែរឲ្យមានទីផ្សារលក់កសិផលធម្មជាតិ ដោយមិនចំបាច់ធ្វើចំណាកស្រុកទៅក្រៅប្រទេស។
កញ្ញា ឃិន ធារី៖«ពួកយើងសុទ្ធតែអ្នកនៅខេត្ដផ្សេងៗគ្នា ហើយអត់ដែលស្គាល់គ្នាទៀតចិត្ដគំនិតខុសទាំងអស់ ប៉ុន្ដែពួកយើងអាចបានស្គាល់គ្នារស់នៅក្នុងផ្សារហ្នឹង ហើយយើងបានជួយដល់សហគមន៍ ហើយជួយដល់ខ្លួនយើង ហើយជួយដល់ក្រុមនិស្សិតដែលក្រីក្រ ដូចជាពួកគាត់យើងអាចឲ្យគាត់បានស្នាក់នៅយើងអាចឲ្យគាត់បានរៀន បើសិនជាពួកគាត់ជួយការងារយើងច្រើន យើងមានប្រាក់ឧបត្ថមឲ្យគាត់តិចតូច ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាពទៅរៀនទៀត ព្រោះធម្មតាពួកគាត់ដែលមករៀននេះ គឺក្រីក្រគាត់អត់មានលទ្ធភាពទេ»។
ចំណែកកញ្ញា ហឿក សុខួន សមាជិករបស់ផ្សារសហគមន៍ខ្មែរមួយរូបទៀត បានឲ្យដឹងថា កញ្ញាមានស្រុកកំណើតនៅខេត្ដឧត្ដរមានជ័យ បានមកបន្ដការសិក្សានៅរាជធានីភ្នំពេញ និង បានចូលរួមក្នុងផ្សារសហគមន៍ខ្មែរនេះ បានរយៈមួយឆ្នាំហើយ។ កញ្ញាប្រាប់ថា ជីវភាពគ្រួសារកញ្ញាក្រីក្រ ដែលមានបងប្អូនចំនួន ៧នាក់ ហើយបានចូលរៀនត្រឹមតែពីរនាក់ប៉ុណ្ណោះ គឺរូបកញ្ញា និង ប្អូនប្រុសរបស់កញ្ញាម្នាក់។ នាងបន្ដថា ការចូលរួមក្នុងផ្សារសហគមន៍នេះ បានជួយដល់នាងឲ្យទទួលបានកន្លែងស្នាក់នៅ នឹង អាចបន្ដការសិក្សាបានដោយមិនព្រួយបារម្ភពីសុវត្ថភាព។
កញ្ញា ហឿក សុខួន ៖«ការស្នាក់នៅគឺពិបាក ហើយយើងគឺត្រូវចំណាយលើទឹកភ្លើង ផ្ទះ គ្រប់យ៉ាង អាហារហូបចុក តែបើនៅទីហ្នឹង និយាយរួមទៅគឺផ្សារសហគមន៍ជួយខ្ញុំបានច្រើន និយាយទៅផ្ទះក៏មិនពិបាកអស់ ថ្លៃចាយវាយម្ហូបអាហារ ក៏មិនពិបាកអស់ ព្រោះអីនៅហ្នឹងគាត់ជួយខ្ញុំគ្រប់យ៉ាង និយាយរួមទៅ នៅផ្សារសហគមន៍គាត់ជួយនិស្សិតស្ដ្រីក្រីក្រអញ្ចឹង»។
ផ្សារសហគមន៍ខ្មែរនេះ ត្រូវបានព្រាងគម្រោងឡើងកាលពីចុងឆ្នាំ២០១០ តែទើបបង្កើតឡើង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥។ មកដល់ឆ្នាំ២០១៧នេះ ផ្សារសហគមន៍ខ្មែរ ដែលមានលក់ ត្រី សាច់ និង បន្លែធម្មជាតិរបស់ប្រជាកសិករខ្មែរដោយមិនប្រើប្រាស់ជីគីមី បានចុះដល់សហគមន៍ជាច្រើនតាមខេត្ដនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្ដល់ជាចំណេះដឹងពីការដាំដុះបន្លែ ការចិញ្ចឹមសត្វ តាមលក្ខណៈបច្ចេកទេសធម្មជាតិ ដោយមិនប្រើជី និង សារធាតុគីមី ហើយទទួលបានទិន្នផលខ្ពស់។
សុវត្ថិភាពចំណីគឺរឿងចម្បងដែលប្រជាពលរដ្ឋខ្មែរ ត្រូវគិត ព្រោះប្រសិនបើអាហាររូបត្ថមប្រចាំថ្ងៃសម្បូរទៅដោយសារធាតុគីមី គឺងាយបំផុតដែលនឹងនាំឲ្យមនុស្សកើតជំងឺដែលពិបាកព្យាបាលជាច្រើន ដែលមានដូចជា ជំងឺមហារីកជាដើម។
អតិថិជនម្នាក់របស់ផ្សារសហគមន៍ខ្មែរ លោក អ៊ិន ដារាវុទ ដែលសព្វថ្ងៃជាគ្រូបង្រៀនមួយរូបមានប្រសាសន៍ថា លោកមានក្ដីបារម្ភជាខ្លាំងពីសុវត្ថិភាពចំណីអាហារ សម្រាប់ខ្លួនលោកផ្ទាល់ ក៏ដូចជាកូនៗរបស់លោក ដោយសារតែលោកមើលឃើញថា នៅលើទីផ្សារមានបន្លែ ត្រី សាច់ ជាច្រើនដែលនាំចូលពីបរទេស។ លោក បន្ដថា ការបរិភោគបន្លែធម្មជាតិគឺមានអត្ថប្រយោជន៍ណាស់សម្រាប់សុខភាព ព្រោះបន្លែធម្មជាតិអាចប្រឆាំងនឹងជំងឺផ្សេងៗ ក៏ប៉ុន្ដែបើបន្លែនោះមានសារធាតុគីមី វានឹងធ្វើមនុស្សម្នាក់ងាយនឹងកើតជំងឺដែលពិបាកព្យាបាល ហើយក៏អាចកើតជំងឺដែលមិនអាចព្យាបាលបានផងដែរ។
លោក អ៊ិន ដារាវុធ ៖«ធម្មតាបន្លែងគឺអាចប្រឆាំងនឹងជំងឺផ្សេងៗទៀតបាន បើសិនយើងបរិភោគបន្លែងត្រូវ តែបើយើងហូបបន្លែខុសវិញគឺនឹងធ្វើឲ្យយើងមានជំងឺមហារីក មានមេរោគអី រោគអីផ្សេងៗ ធ្វើឲ្យសុខភាពយើងកាន់តែទន់ខ្សោយទៅៗ បាទការហូបបន្លែត្រឹមត្រូវ បន្លែធម្មជាតិនេះ វាល្អណាស់សម្រាប់សុខភាពយើង អញ្ចឹងសុំឲ្យបងប្អូនទាំងអស់ជួយគាំទ្របន្លែធម្មជាតិយើង»។
ដូចគ្នាដែរអ្នកស្រី ស្រីលក្ខ័ណ ជាស្ដ្រីមេផ្ទះមួយរូបរស់នៅរាជធានីភ្នំពេញ ម្ដុំបុរីប៉េងហួត ដែលបានមកដល់ផ្សារសហគមន៍ខ្មែរនេះ បានលើកឡើងថា អ្នកស្រីគាំទ្របន្លែងធម្មជាតិ ដាំដុះដោយមិនប្រើប្រាស់ជីគីមី បើទោះបីជាតម្លៃខ្ពស់ជាងទីផ្សារខាងក្រៅបន្ដិចក្ដី តែអ្នកស្រីគិតថា លុយមិនសំខាន់ដល់សុខភាពអ្នកស្រី សុខភាពស្វាមី និងកូនៗរបស់អ្នកស្រីឡើយ។
ចំណែកលោក ចេង មេង មានអាយុជាង ៥០ឆ្នាំ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុស្ដ្រីថា លោកបានសម្រេច ចិត្ដងាកមកទិញទំនិញនៅផ្សារសហគមន៍ខ្មែរនេះ បន្ទាប់ពីលោកបានពិសោធន៍ទៅលើបន្លែមួយចំនួនពីគុណភាព ដែលទិញពីក្នុងផ្សារសហគមន៍ខ្មែរ និងបន្លែដែលទិញពីផ្សារខាងក្រៅ។
លោក ចេង មេង ៖«បាទវាខុសគ្នាខ្លះដែរ ឧទាហរណ៍ថា សណ្ដែកបណ្ដុះអញ្ចឹងវានៅផ្សារវាថ្លោសដូចគ្នា តែយើងទុកអត់បានយូ តែនៅទីនេះយើងទុកវាបានយូ ហើយពេលឆាទៅវាមានក្លិនខុសគ្នាអញ្ចឹងដែរ»។
កញ្ញា ស៊ាយ សុម៉ាលី ស្ថាបនិកផ្សារសហគមន៍ខ្មែរ សំណូមពរឲ្យប្រជាពលរដ្ឋគ្រប់រូប ងាកមកចូលរួមទាំងអស់គ្នា គាំទ្រផលិតផលខ្មែរ គ្មានសារធាតុជីគីមី ដែលមានអត្ថប្រយោជន៍ជួយដល់សុខភាពមនុស្សយ៉ាងល្អប្រសើរ ហើយការចូលរួមគាំទ្របន្លែធម្មជាតិ ពីពលរដ្ឋគ្រប់រូប ក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ធ្វើឲ្យកសិករខ្មែរ មានមុខរបរប្រចាំថ្ងៃ ហើយមិនចាំបាច់ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស។
ផ្សារសហគមន៍ខ្មែរ ដែលត្រូវបានចងក្រងបង្កើតឡើងដោយក្រុម និស្សិតស្ដ្រី នេះ មានទីតាំងនៅរាជធានីភ្នំពេញ ទល់មុខផ្សារស្ទឹងមានជ័យថ្មី ក្បែរធនាគារ អេស៊ីលីដា។ ចំពោះប្រជាកសិករដែលចង់ផ្ដល់បន្លែ ផ្លែឈើរបស់ខ្លួនមកកាន់ផ្សារសហគមន៍ខ្មែរនេះ អាចទាក់ទងតាមរយៈប្រធានសហគមន៍កសិកររបស់ខ្លួន ដើម្បីឲ្យអ្នកជំនាញខាងផ្សារសហគមន៍ខ្មែរចុះទៅពិនិត្យ ពីការដាំដុះជាក់ស្ដែង៕