en     km
en     km

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពុំ​ទាន់​មាន​ភាព​ធូរស្រាល​នាំ​ឱ្យ​ស្ត្រី​រង​គ្រោះ​មិន​ទទួល​បាន​យុត្តិធម៌​

Share

ភ្នំពេញ៖អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​រក​ឃើញ​ថា​ប្រព័ន្ធ​យុត្តិធម៌​មាន​ភាព​ទន់ខ្សោយ​ក្នុង​ការពារ​ជន​គ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​ ទាក់ទិន​រឿង​នេះ​ មន្ត្រីជាន់ខ្ពស់​ក្រ​សួ​ង​យុត្តិធម៌​ច្រានចោល​ករណី​នេះ​។​

ស្តាប់សំឡេងព័ត៌មាន⁣ ៖

​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​លី​កាដូ(Licadho)​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ​រក​ឃើញ​ថា​ប្រព័ន្ធ​យុត្តិធម៌​មាន​ភាព​ទន់ខ្សោយ​ក្នុង​ការ​ការពារ​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ សារ​​ប្រព័ន្ធ​យុត្តិធម៌​ខ្វះ​ធនធានមនុស្ស​និង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​។​

​របាយការណ៍​ក្រោម​ចំណង់ជើង​«​បើ​គ្មាន​ការ​ផ្តន្ទាទោស​គឺ​គ្មាន​ការ​ការពារ​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​»បង្ហាញ​ថា​សំណុំរឿង​អំពើ​ហិង្សា​ក្នុង​គ្រួ​សារបាន​បិទ​បញ្ចប់​២៣៧​ករណី​ចាប់តាំងពី​ឆ្នាំ​២០១៤​ដល់​ចុងឆ្នាំ​២០១៦​។​

​ជន​រង​គ្រោះ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ស្ត្រី​ជាង​៤០​ភាគរយ​ដែល​តុលាការ​សម្រេច​បិទ​សំណុំរឿង​បាន​ត្រឡប់​ទៅ​រួមរស់​ជាមួយ​ប្តី​ឬ​ដៃគូ​វិញ​និង​២០​ភាគរយ​តុលាការ​សម្រេច​បិទ​​សំណុំរឿង​ដោយ​ការ​លែងលះ​គ្នា​ឬ​រស់នៅ​បែក​ផ្ទះ​ប៉ុន្តែ​ពុំ​មាន​បណ្តឹង​ព្រហ្មទណ្ឌ​ប្រឆាំង​ជនល្មើស​ទេ​។​មូលហេតុ​ជន​រង​គ្រោះ​សម្រេច​បញ្ចប់​សំណុំរឿង​អាច​បណ្តាល​មក​ពី​កត្តា​សម្ពាធ​គ្រួសារ​ ជំនឿ​សាសនា​ ភាព​ក្រីក្រ​ ការ​ខ្វះខាត​ធនធាន​មនុស្សនិង​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម​។​

​របាយការណ៍​នេះ​បន្ថែម​ថា​តួលេខ​ជាង​២/៣​ករណី​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ត្រូវ​បាន​អាជ្ញាធរ​លើកទឹកចិត្ត​ឲ្យ​រួមរស់​ជាមួយ​គ្នា​វិញ​ដោយ​ប្តី​ជា​ជនល្មើស​គ្រាន់តែ​ទទួល​ការ​ស្តី​ប​ន្តោ​ស​អំពី​ការ​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​។​ចំណែង​ប្រពន្ធ​ជា​ជន​រង​គ្រោះ​ត្រូវ​បាន​ស្តី​ប​ន្តោ​ស​បន្ថែម​អំពី​ការរអ៊ូ​រទាំ​ច្រើន​និង​មិន​យកចិត្តទុកដាក់​ចំពោះ​ដៃគូ​របស់​ខ្លួន​។​

​លោកស្រី​ណា​លី​ ពី​ឡូ​ក​ នាយិកា​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លី​កាដូ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​នេះ​ថា​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ត្រូវ​មាន​វិធានការ​ម៉ឺងម៉ាត់​និង​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​អំពើ​ហិង្សា​​​ក្នុង​គ្រួសារ​។​លោកស្រី​បន្ត​ថា​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​តិចតួច​បំផុត​ត្រូវ​បាន​ជំនុំជម្រះ​ដែល​ជា​សញ្ញា​អវិជ្ជមាន​ចំពោះ​ជនល្មើស​​មិន​ខ្លាច​វិធានការ​ផ្លូវច្បាប់​។​

​ក្នុង​របាយការណ៍​នេះ​បាន​រក​ឃើញ​ថា​ជនល្មើស​ប្រហែល​១/៣​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​តិច​ជាង​២​ឆ្នាំ​និង​ច្រើន​ជាង​១/៤​នៃ​ទោស​នោះ​ត្រូវ​ព្យួរ​។​ទោះបី​យ៉ាងណា​ករណី​តិចតួច​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ជនល្មើស​ដាក់​ពន្ធនាគារ​លើស​ពី​ទោស​អប្បបរមា​។​

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ថា​ប្រព័ន្ធ​យុត្តិធម៌​មាន​ភាព​ទន់ខ្សោយ​ចំពោះ​ការ​ដោះស្រាយ​សំណុំ​រឿង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​​លោក​អះអាង​ថា​ក្រសួង​យុត្តិធម៌​​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​គ្រប់ទំរងនិងលើកទឹកចិត្ត​ឲ្យជន​រង​គ្រោះ​​ប្ដឹង​មក​ស្ថាប័ន​តុលាការ ​ដើម្បី​ផ្តន្ទាទោស​ជនល្មើស​តាម​ច្បាប់​។

«​យើង​លើកទឹកចិត្ត​មិន​ឲ្យ​មានការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​ព្រោះ​វា​ជា​បទល្មើស​ព្រហ្មទណ្ឌ​ដោយ​មានការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឹង​ម៉ាត​។​ហើយ​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​រំលោភ​ទៅ​លើ​ការ​ទទួលខុសត្រូវ​បទល្មើស​ព្រហ្មទណ្ឌ​ជា​អំពើ​ខុសច្បាប់​ បើ​សម​ត្ថិ​កិច្ច​ណា​គាត់​ធ្វើ​បែប​នេះ​គាត់​ត្រូវ​ទ​ទូល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​។​»

​លោក​ ជិន​ ម៉ា​លី​ន​ បន្ថែម​ថា​ក្រសួងយុត្តិធម៌​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដោយ​មានការ​ផ្សា​ព្វ​ផ្សាយ​នៅ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ទូរទស្សន៍​ វិទ្យុ​ និង​វេទិកាសាធារណៈ​ដល់​ប្រជាពលរដ្ឋ​។​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ទប់ស្កាត់​និង​ប្រឆាំង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​

​យោង​តាម​ក្រមព្រហ្មទណ្ឌ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ​ឬ​អ​នីតិ​សង្វាស​ជន​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​។​

​តែ​យ៉ាងនេះ​ក្ដី​របាយការណ៍​របស់​អង្គការ​លី​កាដូ​សន្និដ្ឋាន​ថា​បច្ចុប្បន្ន​ការ​ឆ្លើយ​តប​ចំពោះ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​ពុំ​ទាន់​មាន​ប្រសិទ្ធិ​ភាព​ទេ​ដោយ​ជន​រង​គ្រោះជា​ស្ត្រី​មាន​ជម្រើស​តិចតួច​ក្រៅ​តែ​ពី​សម្រេចចិត្ត​រួមរស់​ជាមួយ​ប្តី​ក្នុង​ស្ថានភាព​ហិង្សា​។​

​អង្គការ​លី​កាដូ​អំពាវនាវ​ដល់​អាជ្ញាធរ​ត្រូវ​ចាត់​ទុក​ថាអំពើហិង្សាក្នុងគ្រួសារ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ត្រូវ​ជួយ​ផ្ដល់​សេវា​កម្មជួយ​ស្ត្រី​រង​គ្រោះ​ឱ្យ​បាន​ឆាប់​៕​

Share

Image
Image
Image