ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងថា ពលការិនី ចំនួន ២នាក់ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវបានស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីជួយសង្រ្គោះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសផ្សព្វផ្សាយជាសាធារណះនៅថ្ងៃនេះ ស្រ្ដីពលករខ្មែរ ២នាក់ ដែលស្ថាន ទូត កម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីបានជួយសង្រ្គោះនោះរួមមាន ៖
១.ពលការិនីឈ្មោះ លឿង ធីតា អាយុ ៣០ឆ្នាំ មកពីខេត្តក្រចេះ បានធ្វើដំណើរទៅម៉ាឡេស៊ីដោយខ្លួនឯង និងបានធ្វើការងារតាមផ្ទះ នៅឆ្នាំ ២០១២ ប៉ុន្ដែបានឈប់ពីការងារនៅឆ្នាំ ២០១៦ បន្ទាប់ពីសម្រាលបានកូនស្រីម្នាក់។
២. ពលការិនីឈ្មោះ ម៉េង ខ្លី អាយុ ២៣ឆ្នាំមកពីខេត្តកំពង់ចាម ដែលនាងបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីធ្វើការជាអ្នកបោសសំអាតនៅឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ នាងបានស្នើសុំស្ថានទូតជួយទាមទារប្រាក់ខែដែលនិយោជកមិនបានបើកអោយគ្រប់ ហើយក្រោយស្ថានទូតធ្វើអន្ដរាគមន៍ ពលការិនីនេះដោយបានទទួលប្រាក់ខែគ្រប់ចំនួននិងលិខិតឆ្លងដែនក៏បានយកមកវិញ។
ក្នុងចំណោមពលការិនីទាំង ២រូប និងកូនស្រីម្នាក់របស់ពលការិនី ដែលតំណាងស្ថានទូតកម្ពុជានៅប្រចាំប្រទេសម៉ាឡេស៊ីបានជួយសង្រ្គោះ ក៏ឃើញមានពលករខ្មែរមួយរូប លោក ឡីប ដារីហ្វីន អាយុ ៣០ឆ្នាំ មកពីខេត្តបាត់ដំបងបានទៅធ្វើការនៅរោងចក្រឈើនៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៤ តាមរយៈមេខ្យល់ ក៏ត្រូវបានស្ថាតតំណាងកម្ពុជាជួយសង្រ្គោះឱ្យត្រឡប់មកប្រទេសកម្ពុជាផងដែរ។
បើតាមក្រសួងការបរទេស ពួកគេទាំង៤រូប ត្រូវបានតំណាងស្ថានទូតកម្ពុជា រៀបចំឯកសារ និងសម្របសម្រួលជាមួយការិយា ល័យអន្ដោប្រវេសន៍ម៉ាឡេស៊ីបញ្ចូនត្រឡប់មកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញកាលពីចុងខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ។ទាំងពលករប្រុស និងពលករស្ត្រីជនជាតិខ្មែរធ្វើនៅប្រទេសម៉ាឡេស៊ី មានជាង ៣ម៉ឺននាក់។ ស្ត្រីច្រើនធ្វើជាអ្នកបម្រើតាមផ្ទះ៕