en     km
en     km

លោកស្រីនាយករដ្ឋមន្រ្តី​បង់ក្លាដេសនឹងមកដល់កម្ពុជានៅថ្ងៃនេះ

Share

ភ្នំពេញ៖ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសនឹងដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ២០១៧នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

តាមសេចក្ដីជូនដំណឹងរប​ស់ក្រសួងចុះនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដដែលនេះ លោកស្រី សេក្ខ ហាស៊ីណា នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅព្រះបរមរាជវាំង។ ក្រៅពីនេះ លោកស្រីក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងមានជំនួបទ្វេភាគីជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

បញ្ជាក់ដែរថា នាយករដ្ឋមន្រ្ដីកម្ពុជា និងនាយករដ្ឋមន្រ្ដីប្រទេសបង់ក្លាដេស នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាមួយរួមគ្នា លើឯកសារសហប្រតិបត្តិការមួយចំនួន នៅទីស្ដីការគណៈរដ្ឋមន្រ្ដីផងដែរ។

ទស្សនកិច្ចរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្ដីប្រទេសបង់ក្លាដេស តាមការអញ្ជើញពីនាយករដ្ឋមន្រ្តីកម្ពុជា គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់០៥ ខែធ្នូ ឆ្នាំ២០១៧ ។

សូមជម្រាបដែរថា លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការលើកទី១នៅកម្ពុជាក្នុងសន្និសិទសមាគមសភាអាស៊ីសម្រាប់សន្តិភាព នៅទីក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ២០០១៕

Share

ព័ត៌មានទាក់ទង

Image