ភ្នំពេញ ៖ កម្ពុជាបាននាំយកគ្រឿងអលង្ការមាស សម្រាប់លម្អរូបចម្លាក់នាសម័យអង្គរប្រមាណ ១០ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មកដាក់តម្កល់នៅសារៈមុន្ទីជាតិ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នេះ។ អ្នកនាំពាក្យក្រសួងវប្បធម៌មានប្រសាសន៍ថា ការប្រគល់ គ្រឿងអលង្ការមាស ដែលប្រៀបបានជាដួងប្រលឹងជាតិខ្មែរ មកកាន់មាតុប្រទេវិញនេះ គឺព្រោះតែពិភពលោកបានស្គាល់កាន់តែច្បាស់ពីកម្ពុជា។
លោក លៀ ស៊ីណា រាយការណ៍៖
គ្រឿងអលង្ការមាស ប្រមាណ ១០ ត្រូវបាននាំមកដល់កម្ពុជាវិញនៅព្រឹកថ្ងៃទី០២ ធ្នូនេះ បន្ទាប់ពីក្រសួងវប្បធម៌បានធ្វើការយ៉ាងសកម្មអស់រយៈពេលជាច្រើនខែ ជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការមាសទាំងអស់នេះ មកកាន់មាតុប្រទេសវិញ។ គ្រឿងអលង្ការមាសទាំង ១០នេះ រួមមាន ម្ដុដ ស្នាប់ដៃទាំងសង្ខាង ព្រះទម្រង់ និងព្រះសូរង ជាដើម។
លោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវិប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ ដឹងនៅថ្ងៃនេះថា ការវិលមកវិញនូវគ្រឿងអលង្ការមាស សម្រាប់លម្អចម្លាក់នាសម័យអង្គរនាពេលនេះ គឺជាការបង្ហាញឲ្យឃើញនូវការមូលផ្ដុំគ្នាមកវិញនៃព្រលឹងជាតិខ្មែរដែលបានបាត់រសាត់អណ្ដែតពីកម្ពុជា ដោយសារតែភ្លើងសង្គ្រាមញាំញីកន្លងមក។ លើសពីនេះ អ្នកនាំពាក្យក្រសួងវប្បធម៌ អះអាងថា ការប្រគល់មកវិញនូវគ្រឿងអលង្កការមាសទាំងនេះ ក៏ជាការបង្ហាញកាន់តែច្បាស់ផងដែរ ថាពិភពលោកបានស្គាល់កាន់តែច្បាស់ពីអរិយធម៌ និងអរិយធម៌ របស់កម្ពុជា។
លោក ថៃ នរៈសត្យា៖«ហើយម្យ៉ាងក៏ជាការបញ្ជាក់ប្រាប់ទៀតផងដែរថា ពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ហើយ ព្រោះថាបើគេមិនស្គាល់ច្បាស់ គេមិនស្គាល់តម្លៃវប្បធម៌ អរិយធម៌ បេតិកភណ្ឌយើងទេ គេមិនពេញចិត្ដឲ្យយើងដោយសុទ្ធចិត្ដដូចនេះទេ»។
បន្ថែមលើនេះលោក ថៃ នរៈសត្យា អះអាងថា ក្រសួងនឹងនៅតែបន្ដស្វែងរកវត្ថុបុរាណខ្មែរ ដែលបានបាត់ចេញពីមាតុប្រទេសខណៈត្រូវបានជនខិលខូចលួចយកទៅដោយខុសច្បាប់ អំឡុងដែលប្រទេសកម្ពុជាមានវិបត្ដិដោយសារសង្គ្រាម។
សូមជម្រាបថា បើយោងតាមអនុសញ្ញាស្ដីពីការហាមឃាត់ និង ការការពារមិនឲ្យមានការនាំចេញ និង ការនាំចូលនូវត្ថុបុរាណ របស់អង្គការអប់រំវិទ្យាសាស្ដ្រ និង វប្បធម៌ នៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្ដូ នៅឆ្នាំ១៩៧០ បានបញ្ជាក់ថា គ្រប់វត្ថុបុរាណទាំងអស់ត្រូវប្រគល់ទៅម្ចាស់ដើមវិញ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសហត្ថលេខីនៅឆ្នាំ១៩៧២។ អនុសញ្ញានេះមានប្រទេសជាហត្ថលេខីទាំងអស់ចំនួន ១២៨ប្រទេស៕