អង្គការសហប្រជាជាតិ បានអំពាវនាវតាមរយៈសេចក្ដីថ្លែងការណ៍ រកប្រាក់ជំនួយ ២២ពាន់ ៥រយលានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ឆ្នាំ២០១៨។
សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបានថ្លែងថា ជំនួយសកលនេះ ដើម្បីជួយដល់ជនដែលងាយរងគ្រោះនៅទូទាំងពិភពលោក។ នៅសេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា ជំនួយជាង ១០ពាន់លានដុល្លារ ត្រូវជួយវិបត្ដិមនុស្សធម៌នៅក្នុងប្រទេស ស៊ីរី និង ប្រទេសយ៉ែមែន ដែលប្រទេសទាំងពីរនេះ កំពុងហែកហួរដោយសង្គ្រាមយ៉ាងធ្ងន់ធ្ងរ។ អង្គការសហ ប្រជាជាតិ បានបញ្ជាក់ទៀតថា ជំនួយមួយភាគធំទៀតត្រូវជួយទៅកាន់ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិច។
អង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា គ្រាន់តែនៅក្នុងប្រទេសយ៉ែនមែន កុមារប្រមាណជាង ៤០០ពាន់នាក់ ស្ថិតក្នុងស្ថានភាពអត់ឃ្លាន យ៉ាងខ្លាំង ចំណែកឯងប្រទេសស៊ីរី ដែលកំពុងញាំញីដោយសង្គ្រាមនោះ ជនភៀសខ្លួនរាប់លាននាក់ក៏កំពុងស្វែងរកស្បៀងអាហារនិងថ្នាំពេទ្យផងដែរ។ ក្រៅពីនេះជំនួយមួយចំនួនទៀត នឹងត្រូវយកទៅផ្គត់ផ្គង់ ដល់ប្រទេសមួយចំនួន ដែលប្រឈមមុខ និង គ្រោះធម្មជាតិផ្សេងៗ៕