en     km
en     km

សាលារាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយនៅពេលឆាប់ៗនេះ

Share

ភ្នំពេញ៖ ដោយមើលឃើញពីកំណើនប្រជាពលរដ្ឋកាន់តែកើនឡើង មធ្យោបាយធ្វើដំណើរក៏កាន់តែមានភាពមមាញឹកខ្លាំង ដែលធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួនមានការកកស្ទះ សាលារាជធានីភ្នំពេញនៅថ្ងៃនេះបើកកិច្ចប្រជុំមួយជាមួយមន្រ្តីជំនាញដោយគ្រោងសង់ស្ពានអាកាសថ្មីមួយបន្ថែមទៀត ស្ថិតនៅ ចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស (ផ្លូវ២៧១) និងមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

                                                                ​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

បើតាមទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី ០១ ធ្នូនេះ បានឱ្យដឹងចំណុចប្រសព្វខាងលើគឺជាចំណុចកកស្ទះខ្លាំង ដែលត្រូវមានដំណោះស្រាយជាបន្ទាន់។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាន ប្រាប់វិទ្យុស្រ្តីថា ស្ពានអាកាសថ្មីនេះនឹងដំណើរការសាងសង់នាពេលឆាប់ៗខាងមុខនេះ ស្របពេលបច្ចុប្បន្នមន្រ្តីជំនាញកំពុងតែធ្វើការសិក្សាពីគូរប្លង់ស្ពានអាកាសថ្មីនេះ។ បើតាមលោក មាសភក្តី ស្ពានអាកាសនេះស្ថិតនៅចំណុចប្រសព្វក្នុងខ័ណ្ឌចំការមន និងខ័ណ្ឌមានជ័យ។ ហើយស្ពានអាកាសថ្មីនេះ សាងសង់ឡើងក្រោមថវិការបស់រដ្ឋាភិបាលផ្ទាល់តែម្តង។ យ៉ាងណាពេលវេលា និងទំហំទឹកក្នុងការសាងសង់អ្នកនាំពាក្យរូបនេះមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៥ កន្លែង គឺស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ឬស្ពានតិចណូ និងស្ពានអាកាសស្តុបផ្សារដីហុយដែលជិតបិទដំណើរការសាងសង់នៅចុងឆ្នាំ២០១៧នេះ។

ចំណែកក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំងអស់ ត្រូវរៀបចំកំណត់ហេតុឱ្យបានច្បាស់លាស់ រាល់ពេលចុះទៅណែនាំម្ចាស់អាជីវកម្ម មុននឹងឈានដល់ការបិទអាជីវកម្មដែលមិនព្រមអនុវត្តន៍តាមការណែនាំរបស់រដ្ឋបាលខណ្ឌ។ លោកអភិបាលក៏បានដាស់តឿនដល់អាជ្ញាធរខណ្ឌ ត្រូវធ្វើការលើរឿងនេះដោយភាពច្បាស់លាស់ ម៉ត់ចត់ តម្លាភាព និងស្មើភាពគ្នាចំពោះអាជីវករទាំងអស់។

ជាការសង្កេតចាប់តាំងពីលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញឡើងកាន់តំណែងថ្មី អាជ្ញាធរក្នុងខ័ណ្ឌមួយចំនួន បានចុះធ្វើសកម្មភាពណែនាំ និងចាត់វិធានការណ៍តឹងរឹងដល់ម្ចាស់អាជីវកម្មមួយចំនួនដែលតែងតែយកទ្រូងផ្លូវសាធារណបំរើផលប្រយោជន៍ផ្ទាល់ខ្លួននោះ។ ជាក់ស្តែងអាជ្ញាធរបានហាមឃាត់មិនឱ្យមានសកម្មភាពលក់ចំណីអាហារតាមម៉ូតូ នៅមុខសួនគណរដ្ឋមន្រ្តី និងសួនក្តានពីរទៀតឡើយ ព្រោះធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភណ្ឌភាពទីក្រុង ព្រមទាំងទប់ស្កាត់ការកក់ស្ទះចរាចរ។

តែយ៉ាងណាក្តី សង្គមស៊ីវិលលើកឡើងថា ភោជនីយដ្ឋាន និងហាងមួយចំនួននៅបន្តតែបំពានដដែល ដោយយកទ្រូងផ្លូវសាធារណធ្វើជាចំណតរថយន្តភ្ញៀវរបស់ពួកគេ៕

Share

ព័ត៌មានទាក់ទង

Image