ភ្នំពេញ៖គេហទំព័រសារព័ត៌មានបរទេសមួយឈ្មោះថាJust-style.comបានចុះផ្សាយនូវសម្រង់របាយការណ៍មួយរបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)ដែលមានចំណងជើងថា«កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើឧស្សាហកម្មកាត់ដេរ»ហើយអត្ថបទរបស់សារព័ត៌មាននេះថាWTOរម្លឹកកម្ពុជាឱ្យខិតខំធ្វើឱ្យមានទំនុកចិត្តវិនិយោគទុនបរទេសលើវិស័យកាត់ដេរ។
អត្ថបទនេះ បានរៀបរាប់ថា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៤មក គឺអ្នកវិនិយោគទុនបរទេសមានទំនុកជាខ្លាំងក្នុងការវិនិយោគរបស់ពួកគេលើវិស័យមួយចំនួនក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងមានទំនុកចិត្តជាងគេរហូតមានទុនវិនិយោគប្រហែល៦៥ភាគរយ។
អត្ថបទរបស់សារព័ត៌មានបរទេសចុះផ្សាយទៀតថាវិស័យកាត់ដេរបាននាំឱ្យមានកំណើនGDPរបស់ប្រជាជនកើនឡើងជាខ្លាំង។ ក្នុងន័យនេះអង្គការពាណិជ្ជកម្មពិភពលោករម្លឹកកម្ពុជាថាចាំបាច់ត្រូវធ្វើឲ្យមានទំនុកចិត្តយ៉ាងខ្លាំងអ្នកវិនិយោគទុនបរទេស ដោយបង្កើតឱ្យមានបរិយាកាសវិនិយោគប្រកដដោយភាពសេរី។
វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានទេ ដោយ ពុំលើកទូរស័ព្ទ។
តែយ៉ាងណាក៏ដោយ គេហទំព័របរទេសនេះ មិនបាននិយាយយោងថា មូលហេតុអ្វីបានជាអង្គការពាណិជ្ជកម្មពិភពលោក រម្លឹកកម្ពុជាដូច្នេះ ខណៈនយោបាយនៅកម្ពុជាឡើងកម្ដៅ ករណីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដែលនាំឱ្យមានការរៀបចំវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញផលិតផលកាត់ដេរនិងស្បែកជើងពីកម្ពុជារហូតដល់ទៅជិត៨០ភាគរយ។
កាលពីថ្ងៃទី២២ វិច្ឆិកា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ប្រមុខរដ្ឋាភិបាលសម្ដេចហ៊ុនសែន បានអះអាងថា ប្រសិន បើមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមែននោះ គឺជាកំហុសរបស់គណបក្សប្រឆាំងដែលដើរបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឱ្យ មានវិធានការនេះ៕