ភ្នំពេញ ៖ ក្រសួងការងារកម្ពុជា បានចុះអនុស្សរណៈជាមួយសមាគមភ្នាក់ងារជនភៀសខ្លួនម៉ាឡេស៊ី ស្ដីពីការបន្ដបញ្ជូលពលករកម្ពុជា ទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីបន្ដទៀត កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៧។ គម្រោងរបស់ក្រសួងការងារកម្ពុជានេះ នាំឲ្យអង្គការដែលធ្វើការងារលើកផ្នែកការពារសិទ្ធិមនុស្ស ព្រួយបារម្ភករណីដដែល កើតឡើងលើស្ដ្រីកម្ពុជាម្ដងទៀត។
លោក លៀ ស៊ីណា រាយការណ៍ ៖
តាមគេហទំព័រព័ត៌មាន Malaymail online របស់ប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ពលករកម្ពុជាប្រមាណ ៣០០នាក់ នឹងទៅដល់ប្រទេសនេះ ក្នុងអំឡុងខែមីនា ឆ្នាំ២០១៨ខាងមុខ ដើម្បីបម្រើការងារតាមផ្ទះ បន្ទាប់ពីកម្ពុជាបានសម្រេចផ្អាកអស់រយៈពេលជាង ៦ឆ្នាំ ព្រោះតែមានការធ្វើទុក្ខបុកម្នេញលើស្ដ្រី បម្រើតាមផ្ទះពីសំណាក់ថៅកែ និយោជក។
អនុស្សរណៈនេះធ្វើឡើងរវាងរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ជាមួយលោក Jeffrey Food ប្រធានសមាគមភ្នាក់ងារជនភៀសខ្លួនម៉ាឡេស៊ី ហៅកាត់ថា PAPA កាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងគូឡាឡាំពួក។
ជុំវិញរឿងនេះ លោក អំ សំអាត មន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា លោកនៅតែមានក្ដីបារម្ភពីសុវត្ថិភាពស្ដ្រីខ្មែរ ដែលត្រូវទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បើទោះបីជាការទៅនេះ មានអត្ថប្រយោជន៍ដើម្បីឲ្យពួកគាត់បានចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារក៏ដោយ។ លោកបន្ដថា ស្ដ្រីខ្មែរដែលទៅបម្រើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីមុនពេលរដ្ឋាភិបាលបញ្ឈប់ការបញ្ជូន គឺភាគច្រើនបានរងការធ្វើទារុណកម្ម ការកេញប្រវ័ញ្ចកម្លាំងពលកម្ម ពីសំណាក់ម្ចាស់ផ្ទះ។
លោក អំ សំអាត ៖«អ្វីជាគុណវិបត្ដិកន្លងមកដែលយើងសង្កេតឃើញ ហើយនិងជួបប្រទះកន្លងមកគឺថា មានស្ដ្រីមួយចំនួនដែលទៅធ្វើការជាមេផ្ទះហ្នឹងត្រូវរង នូវការធ្វើបាប ធ្វើទុក្ខបុកម្នេញ និងរងទារុណកម្មជាច្រើន»។
តែយ៉ាងណាតាមការចុះផ្សាយដោយ Malaymail online នេះបានបញ្ជាក់ថា ការចុះអនុស្សរណៈនេះ ត្រូវបានប្រធានក្រុមសមាគមភ្នាក់ងារជនភៀសខ្លួនម៉ាឡេស៊ីអះអាងថា ក្រសួងការពារជាតិម៉ាឡេស៊ី មានបំណងនឹងធានាការពារចំពោះសន្ដិសុខ ពលករកម្ពុជា ដែលទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី។ លើសពីនេះក្រសួងកសិកម្មរបស់ម៉ាឡេស៊ី ក៏បានទាមទារឲ្យថៅកែ និយោជក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលជាមុន ដែលត្រូវបញ្ជាក់ពីទំហំគ្រួសារ និងប្រភេទការងារដែលស្ដ្រីបម្រើតាមផ្ទះត្រូវធ្វើ។
លោក Jeffrey Food បន្ដថា ស្ដ្រីខ្មែរដែលត្រូវទៅធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នឹងទទួលបានការធានារ៉ាប់រងដោយការផ្ដល់ទូរស័ព្ទចល័តផ្ទាល់ខ្លួនដើម្បីទាក់ទង និង ការបើកគណនីធនាគារ ជាឈ្មោះខ្លួនគាត់ផ្ទាល់ផងដែរ។
អនុស្សរណៈថ្មីដែលមានលក្ខខណ្ឌបន្ថែមទាំងអស់នេះ មន្ដ្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការ លីកាដូ លោក អំ សំអាត ទទួលស្គាល់ថា ពិតជាល្អ និង អាចកាត់បន្ថយហានិភ័យ សម្រាប់ស្ដ្រីកម្ពុជា ដែលចេញទៅធ្វើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីពិតមែន ក៏ប៉ុន្ដែលោកនៅតែបារម្ភពីការអនុវត្ដជាក់ស្ដែង ពីក្រុមម្ចាស់ផ្ទះ។ ការនេះលោកសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលម៉ាឡេស៊ី ខិតខំរួមគ្នាធ្វើយ៉ាងណាអនុវត្ដឲ្យបាននូវចំណុចដែលបានព្រមព្រៀងខាងលើនេះ។
លោក អំ សំអាត៖«ចំណុចទាំងអស់នេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ត្រូវតែជំរុញធ្វើម៉េចឲ្យអនុវត្ដឲ្យបាន បើមានបញ្ហាអីទៅគឺស្ដ្រីដែលជាមេផ្ទះហ្នឹងគាត់អាចទាក់ទងក្រុមគ្រួសារ ឬក៏ស្ថានទូត ជាពិសេសត្រូវមានលេខស្ថាទូតខ្មែរប្រចាំនៅម៉ាឡេស៊ី ចំពោះបញ្ហាដែលកើតឡើងហ្នឹងគាត់អាចទាក់ទង ហើយនឹងអន្ដរាគមន៍ទាន់ពេល»។
ទោះជាយ៉ាងណា លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា បានថ្លែងក្នុងពិធីចុះអនុស្សរណៈនេះថា លោកសង្ឃឹមថា ប្រជាជនកម្ពុជា នឹងធ្វើការជាជំនួយការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីជាថ្មីម្ដងទៀត ដែលនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការប្ដេជ្ញាចិត្ដដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការពង្រីកយន្ដការសុខុមាលភាព និង ការការពារសម្រាប់ពលករ កម្ពុជា ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
គួរជម្រាបថា ប្រទេសកម្ពុជា បានសម្រេចផ្អាកការបញ្ជូលស្ដ្រីកម្ពុជា ទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ី កាលពីខែតុលា ឆ្នាំ២០១១ ក្រោយពេលមានរបាយការណ៍ជាច្រើន ដែលបង្ហាញពីការរំលោភសិទ្ធិការងារ ការធ្វើទុក្ខបុកម្នេញ ការបង្ខំរំលោភ និង ការធ្វើទារុណកម្មលើស្ដ្រីខ្មែរ ពីសំណាក់ម្ចាស់ផ្ទះ៕