en     km
en     km

សហជីពធំមួយស្នើជួបតំណាងសហភាពអឺរុបករណីបារម្ភពីការបិទការទិញសម្លៀកបំពាក់ពីកម្ពុជា​

Share

ខិតរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាដែលចុះហត្ថលេខានៅថ្ងៃទី៣០វិច្ឆិកានេះ  ដោយប្រធានរបស់សហជីព គឺលោកសោមអូន មានគោលបំណងស្នើសុំកុំឲ្យសហភាពអ៊ឺរ៉ុប បញ្ឈប់ការបញ្ជាទិញផលិតផលវាយនភ័ណ្ឌពីកម្ពុជាដែលស្ថាប័ននេះថា កម្មករជាច្រើនម៉ឺននាក់ កំពុងទទួលបានផលប្រយោជន៍ពីនេះ។

លោក សោម អូន បានរៀបរាប់ទៀតថា វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង គឺសំខាន់ខ្លាំងណាស់ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ ក្នុងនោះកម្មករកម្មការិនីប្រជាពលរដ្ឋជាង៨០ម៉ឺននាក់ កំពុងបម្រើការងារនេះ ហើយផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋផ្សេងទៀត ប្រមាណ២លាននាក់។

លិខិតរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជាក៏បានបង្ហាញសោកស្ដាយ និងខកចិត្តយ៉ាងខ្លាំងចំពោះអ្នកនយោបាយកម្ពុជាមួយចំនួន ដែលបញ្ចុះបញ្ចូលឲ្យសហភាពអ៊ឺរ៉ុបបញ្ឈប់ការបញ្ជាទិញទំនិញពីកម្ពុជា ដែលយុទ្ធសាស្ដ្រនេះ លោកថាជាការដើរផ្ទុយពីឆន្ទៈរបស់កម្មករ។

លោកសោមអូន បានផ្ដល់សម្ភាសបន្ថែមឱ្យវិទ្យុស្ត្រីលើខ្លឹមសាររបស់លិខិតលោកថា ការពិតសហភាពអឺរ៉ុបគឺជាទីផ្សារធំជាងគេសម្រាប់ ការនាំចូលផលិតផលវាយនភ័ណ្ឌពីកម្ពុជា។

លោកសោមអូន៖«សហភាពអឺរ៉ុបមានតួនាទីសំខាន់ណាស់ក្នុងការផ្ដល់ទីផ្សារសម្រាប់ការនាំចេញវិស័យកាត់ដេររួមទាំងស្បែកជើងពីកម្ពុជាយើង។ប្រហែលជាខ្ទង់ពី៤០ទៅ៥០ភាគ គឺនាំទៅសហគមន៍អឺរ៉ុប»

លោកសោមអូន បញ្ជាក់ថា លោកនឹងដាក់លិខិតសុំជួបតំណាង ប្រទេសជាច្រើនទៀត ដែលកំពុងមានទំនាក់ទំនងបញ្ជាទិញផលិតផលសម្លៀកបំពាក់ពីកម្ពុជា។

កាលពីទី២៩ វិច្ឆិកា សហជីពចំនួន៥ បានផ្ញើលិខិតទៅតំណាងសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយស្នើកុំដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជា។

លិខិតមួយក្នុងចំណោមសហជីពចំនួន៥ សរសេរថា ពួកគេមានក្ដីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមានបញ្ឈប់ផ្ដល់ការអនុគ្រោះពន្ធ និងការលើកលែងពន្ធផ្សេងៗ ដល់កម្ពុជា ដោយថា ទណ្ឌកម្មនេះ នឹងធ្វើឲ្យបះពាល់ដល់សេដ្ឋកិច្ចជាតិ និងក្រុមកម្មកររោងចក្រប្រមាណ៨០ម៉ឺននាក់។

លិខិតរបស់សហជីពទាំង៥ រួមមាន សហភាពចលនាកម្មករកម្ពុជា (CCW) សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចពលរដ្ឋកម្ពុជា (CDPLA) សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW) និងសម្ព័ន្ធសហជីពការងារឯករាជ្យ (ILUC)។

សហគមន៍អន្តរជាតិដែលជាទីផ្សារដ៏ធំក្នុងការនាំផលិតផលកាត់ដេរពីកម្ពុជាច្រើនតែ លោកខាងលិច។ សហគមន៍ទាំងនោះមាន សហភាពអឺរ៉ុបនាំចូលច្រើនជាងគេ គឺ៤៤ភាគរយ សហរដ្ឋអាមេរិក ៣០ភាគ ប្រទេសស៊ុយអែត ៩ភាគរយ និងប្រទេសជប៉ុន ៤ភាគរយ។

ប្រទេសកម្ពុជាមានរោងចក្រកាត់ដេរ និងដេរស្បែកជើងមាន ជាងមួយពាន់ នៅទូទាំងប្រទេស។

ប្រទេសទាំងនេះ បានរៀបចំវិធានការដើម្បី ដាក់ទណ្ឌកម្ម លើប្រទេសកម្ពុជា រួចហើយ ។ ទណ្ឌកម្ម ដូចជាការបញ្ឈប់ការអនុគ្រោះពន្ធ និងបិទទិដ្ឋាការ និងការបង្កកហិរញ្ញវត្ថុមន្ត្រី មួយចំនួនរបស់រដ្ឋាភិបាល។ វិធានការនេះ ធ្វើឡើងខណៈ ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលគេហៅថាដើរចំណុចគ្រោះថ្នាក់ករណីរំលាយគណបក្សសង្រ្គោះជាតិ។

តែបែបនេះ ក្ដី អ្នកនាំពាក្យរដ្ឋាភិបាល និងអ្នកនាំពាក្យបក្សកាន់អំណាចក៏ដូចជាសម្ដេចនាយករដ្ឋមន្ត្រី ចាត់ទុកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសកម្ពុជា បើអាចទៅរួច គឺជាកំហុសរបស់គណបក្សប្រឆាំងដែលរុញសហគមន៍អន្តរជាតិធ្វើដូចនេះ៕

 

Share

ព័ត៌មានទាក់ទង

Image