en     km
en     km

អ្នកជំនាញកសិកម្ម៖ការទិញធានារ៉ាប់រងលើវិស័យកសិកម្មជារឿងសំខាន់ដែលកសិករត្រូវគិតគូរ

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនជាកសិករ ប្រកបរបរកសិកម្ម។ ការពឹងផ្អែកលើវិស័យកសិកម្មជារឿងអាទិភាពសំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់។ ទន្ទឹមនឹងសារៈសំខាន់នេះការប្រកបរបរកសិកម្មក៏អាចរងផលប៉ះពាល់ពីការគ្រោះធម្ម ជាតិផងដែរ។ ការណ៍នេះអ្នកជំនាញខាងកសិកម្មថា ការទិញធានារ៉ាប់រងកសិកម្មនៅកម្ពុជា ជាកត្តាសំខាន់ដែលប្រជាកសិករត្រូវយកចិត្តទុកដាក់។ 

សិក្ខសាលាស្តីពី វិស័យធានារ៉ាប់រងកសិកម្ម កម្ពុជា

 

បញ្ហាអាកាសធាតុជាបញ្ហាប្រឈមមួយរបស់ប្រជាកសិករ ជាតួយ៉ាងបញ្ហាគ្រោះរំាងស្ងួត គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិមួយចំនួនទៀត។ តែគេសង្កេតឃើញថាពេលប្រជាកសិករជួបបញ្ហាប្រឈមទំាងនេះ គឺប្រជាកសិករតែងតែជួបផលលំបាកដោយសារការរងគ្រោះធម្មជាតិទំាងនេះ។

នាយកប្រតិបត្តិអង្គការសេដាក លោក សម វិទូ ដែលជាអ្នកជំនាញខាងវិស័យកសិកម្ម បានលើកទ្បើងថាវិស័យធានារ៉ាប់រងកសិកម្មនៅកម្ពុជា ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករនៅក្នុងប្រទេសកម្ពុជា។ សារៈសំខាន់នេះដោយសារតែកម្ពុជាជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ហើយប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ដែលអាចប្រឈមហានិភ័យពេលគ្រោះធម្មជាតិ។​ លោក សម វិទូ អះអាងថាជម្រើសល្អរបស់ប្រជាកសិករគួរការប្រើប្រាស់វិស័យធានារ៉ាប់រងកសិកម្ម ដើម្បីជួយខ្លួនឯងពេលរងគ្រោះ។«អាកាសធាតុជាបញ្ហាមួយដែលកសិករយើងប្រឈមខ្លំាងមែនទែន ជាពិសេសការរំាងស្ងួត និងទឹកជំនន់ដែលកើតទ្បើងជាញឹកញាប់ សព្វថ្ងៃចឹងបើមានកម្មវិធីធានារ៉ាប់រងថ្នាក់ជាតិមួយដែលមានរាជរដ្ឋាភិបាល មានអង្គការផ្សេងៗ​ និងមានស្ថាប័នផ្សេងៗចូលរួមធ្វើការងារហ្នឹងចឹងយើងអាចធ្វើឱ្យប្រជាកសិករមានទំនុកចិត្ត មានផលចំណេញច្រើនសម្រាប់ជីវភាពរបស់ពួកគាត់»។

ឆ្លើយតបនឹងការលើកទ្បើងនេះ លោក យាម វុទ្ធី ជាកសិករមកពីខេត្តបាត់ដំបង ដែលបានចូលរួមក្នុងសិក្ខាសាលានេះ បានលើកទ្បើងថាការបង្កើតឱ្យមានសិក្ខាសាលាស្តីពីវិស័យធានារ៉ាប់រងកសិកម្មនៅកម្ពុជានេះ ពិតជាមានផលសប្រយោជន៏ច្រើនណាស់សម្រាប់ប្រជាកសិករ និងរូបលោកផ្ទាល់។

លោក យាម វុទ្ធី បន្តថាកន្លងមក ការប្រកបរបរកសិកម្មដាំដំណំាស្រូវរបស់លោកបានជួបគ្រោះធម្មជាតិដែលធ្វើឱ្យលោកខាតបង់ផងដែរ។ ការណ៍នេះទើបលោកសម្រេចចិត្តមកចូលរួមក្នុងសិក្ខាសាលាដើម្បីទទួលបានចំណេះដឹងថ្មីពីវិស័យធានារ៉ាប់រងកសិកម្ម។

លោក យាម វុទ្ធី  «បានជួបគ្រោះរំាងស្ងួត និងទឹកជំនន់ខូចខាតចំនួនប្រហែលជា៧០% ចំនួន១០ហិកតាលើដំណាំស្រូវ​។ មានផលប្រយោជន៏ណាស់សម្រាប់ខ្ញុំក្នុងការចូលរួមប្រជុំនេះ មានផលប្រយោជន៏ពីរឿងធ្វើស្រែ ធ្វើដំណំាចំការទំាងអស់ រ៉ាប់រងចំនួនទឹកភ្លៀង និងគ្រោះរាំងស្ងួតលើកការដំាដុះ »។

ចំណែកលោកស្រី Anja Erlbeck អ្នកគ្រប់គ្រងគម្រោង RIICE របស់សង្គមអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ដែលរៀបចំសិក្ខាសាលានេះបានផ្តល់បទសម្ភាសន៍ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា វិស័យកសិកម្មដែលផ្តោតលើដំណាំស្រូវដើរតួនាទីសំខាន់សម្រាប់ប្រជាកសិករកម្ពុជា។

អ្នកគ្រប់គ្រងគម្រោងរូបនេះបន្តថាគោលបំណងសំខាន់នៃសិក្ខាសាលានេះ នឹងធ្វើឱ្យប្រជាកសិករបានយល់ដឹងពីអត្ថប្រយោជន៏នៃការប្រើប្រាស់វិស័យធានារ៉ាប់រងកសិកម្ម ជាពិសេសដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងក្រុមហ៊ុនធានារ៉ាប់រងជាមួយ GIZ។

លោកស្រី Anja Erlbeck រំពឹងទុកថាតាមរយៈសិក្ខាសាលានៅថ្ងៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា«ខាងGIZសង្ឃឹមថា​នឹងអាចធ្វើការជាមួយខាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមជាមួយខាងដៃគូផ្សេងៗទំាងអស់ពីព្រោះយើងជឿថាវិស័យទំាងនេះគឺមានការសំខាន់ក្នុងការចូលរួមពីវិស័យឯកជន និងវិស័យរដ្ឋផងដែរ»។

ពាក់ព័ន្ធរឿងនេះ អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ លោក នី លីហួង បានលើកទ្បើងដែរថាប្រសិនបើប្រជាកសិករប្រើប្រាស់វិស័យធានារ៉ាប់រងកសិកម្មនោះ នឹងចូលរួមកាត់បន្ថយហានិភ័យរបស់ប្រជាកសិករ។

«តាមពិតទៅយើងឃើញថាអាហ្នឹងវាជាវិស័យមួយដែលធានារ៉ាបរងអាចចូលរួមក្នុងការធ្វើការងារហ្នឹងដើម្បីផ្តល់នូវការការពារហានិភ័យមួយចំនួនទៅដល់ប្រជាកសិករយើងដែលគាត់ជួបបញ្ហា វិស័យកសិកម្មហ្នឹងពិសេសរឿងស្រូវរឿងអីភាគច្រើនមកពីបម្រែបម្រួលអាកាសធាតុ ដែលើកកើតមកពីទឹកជំនន់ រឿងរំាងស្ងួត ដែលនំាមកនូវជំងឺសត្វល្អិតអីហ្នឹង»។

ការលើកទ្បើងរបស់អ្នកជំនាញកសិកម្មទាំងនេះធ្វើទ្បើងក្នុងសិក្ខាសាលាស្តីពីវិស័យធានារ៉ាប់រងកសិកម្មនៅកម្ពុជានាព្រឹកថ្ងៃទី ៣០ វិច្ឆិកា ឆ្នំា២០១៧។

គម្រោងធានារ៉ាប់រងលើវិស័យកសិម្មនេះបើត្រូវបានអនុវត្តអាចជាលើកដំបូងដែលកសិករកម្ពុជាទទួលបាននូវសុវត្ថិភាពលើមុខរបរកសិកម្មរបស់គេករណីមានហានិភ័យគ្រោះធម្មជាតិកើតទ្បើង។ នាពេលកន្លងមកដំណាំកសិកម្ម ជាពិសេសដំណាំស្រូវ ត្រូវបានខូចខាតទឹកជំនន់ ហើយរាជរដ្ឋាភិបាលតែងតែផ្តល់ប្រាក់ឧបត្ថម្ភ និងស្រូវពូជជួយដល់កសិករ ដែលរងគ្រោះទំាងនោះ៕

Share

ព័ត៌មានទាក់ទង

Image