ភ្នំពេញ ៖ ស្ថានភាពអាកាសធាតុប្រទេសកម្ពុជា នឹងចាប់ផ្ដើមត្រជាក់ខ្លាំងចាប់ពីពាក់កណ្ដាលខែធ្នូ តទៅ ពិសេសនៅក្នុងតំបន់ជួរភ្នំ និងតំបន់ទំនាប់កណ្ដាលភាគពាយ័ព្យ។ វេជ្ជបណ្ឌិតរម្លឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នពីសុខភាព ពិសេសស្ដ្រីមានផ្ទៃពោះ កុមារ និងមនុស្សចាស់។
លោក លៀ ស៊ីណា រាយការណ៍៖
សីតុណ្ហភាពដែលរៀងរាល់ចុងឆ្នាំធ្លាប់តែ ១៩ ឬ ២០អង្សាសេតែនៅចុងឆ្នាំឆ្នាំ២០១៧និងដើមឆ្នាំ២០១៨ សីតុណ្ហភាពនឹងចាប់ផ្ដើមត្រជាក់ខ្លាំងជាងរាល់ឆ្នាំ អាចនឹងធ្លាក់ដល់ខ្ទង់ជាង ១០អង្សាសេ ក្នុងតំបន់ជួរភ្នំ និងតំបន់ទំនាបកណ្ដាលភាគពាយ័ព្យនៃប្រទេសកម្ពុជា។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានឲ្យវិទ្យុស្ដ្រីដឹងថា អំឡុងចុងខែវិច្ឆិកា ដល់ដើមខែធ្នូ ឆ្នាំ២០១៧នេះ អាកាសធាតុមានស្ថានភាពធម្មតា ដែលមិនត្រជាក់ខ្លាំងពេកទេ បើទោះជាមានអ័ព្ទច្រើននៅពេលព្រឹក ហើយនៅមានភ្លៀងតិចតូចដោយតំបន់ក្ដី។ ក៏ប៉ុន្ដែចាប់ពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧ ដល់ចុងខែមករា និងចូលដល់ដើមខែកុម្ភៈ ឆ្នាំ២០១៨ អាកាសធាតុនឹងត្រជាក់ខ្លាំងដល់ជាង ១០អង្សាសេ។ លោកបញ្ជាក់ថា តំបន់ដែលនឹងមានអាកាសធាតុចុះត្រជាក់ខ្លាំងដូចនេះ រួមមានតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវ៉ាញ និងតំបន់ទំនាប់កណ្ដាលភាគពាយ័ព្យ ដែលមានដូចជាខេត្ដពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្ដសៀមរាប។
លោក ចាន់ យុត្ថា ៖«ទី១ គឺតំបន់ជួរភ្នំ ទាំងជួរភ្នំក្រវ៉ាញ ហើយនឹងជួរភ្នំដងរ៉ែកគឺទាំងអស់ហើយ អាចពាក់កណ្ដាលត្រឹមពោធិ៍សាត់ ដល់ពេលចុះមកក្រោមដល់នៅកោះកុងអី គឺវាលែងត្រជាក់ហើយ។ ហើយបន្ទាប់គឺទំនាបកណ្ដាលភាគពាយ័ព្យហ្នឹងឯងដែលត្រជាក់ខ្លាំងជាងគេ ហើយក៏តំបន់បន្ដៗមកដែលត្រជាក់ ក៏ប៉ុន្ដែតំបន់មាត់សមុទ្រយើងមិនទាន់ឃើញមានសញ្ញាណអាកាសធាតុចុះត្រជាក់ខ្លាំងទេ»។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងធនធានទឹកបញ្ជាក់បន្ថែមថា ខណៈតំបន់ជួរភ្នំ និងតំបន់ខេត្ដភាគពាយ័ព្យ អាកាសធាតុនឹងត្រជាក់ខ្លាំង តែតំបន់មាត់សមុទ្រ និងតំបន់មួយចំនួន គឺមិនមានសញ្ញាប្រាប់ថា អាកាសធាតុនឹងត្រជាក់ខ្លាំងដូចតំបន់ទាំងពីរនេះទេ។ លោក ចាន់ យុត្ថា អំពាវានាវដល់ប្រជាពលរដ្ឋត្រៀមលក្ខណៈឲ្យហើយ ដើម្បីការពារសុខភាពនៅពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំងឈានមកដល់ ពិសេសគឺមនុស្សចាស់ ដែលងាយនឹងប្រឈមបញ្ហសុខភាពមុនគេ។
ជុំវិញស្ថានភាពអាកាសធាតុ ដែលនឹងចាប់ត្រជាក់ខ្លាំងតាមតំបន់ចាប់ពីពាក់កណ្ដាលខែធ្នូ តទៅនេះ វេជ្ជបណ្ឌិតប្រាប់ឲ្យមនុស្សចាស់ ស្ដ្រី មានផ្ទៃពោះ និង កុមារ ត្រូវប្រុងប្រយ័ត្នឲ្យច្រើន ករណីដែលអាកាសធាតុត្រជាក់ខ្លាំង អូសបន្លាយរយៈពេលយូរ។
តាមលោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ដកំពង់ចាម មានប្រសាសន៍ថា ក្នុងពេលដែលអាកាសធាតុចុះត្រជាក់ខ្លាំង មនុស្សគ្រប់រូបពិសេស មនុស្សចាស់ ស្ដ្រីមានផ្ទៃពោះ និង កុមារ នឹងងាយប្រឈមកើតជំងឺជាងគេ ដែលមានដូចជា ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ។
លោក វេជ្ជបណ្ឌិត សួរភិរុណ៖«ជាពិសេសអាចជំងឺផ្លូវដង្ហើម ជំងឺបេះដូង ហើយជាពិសេសជំងឺផ្លូវដង្ហហ្នឹង ពេលត្រជាក់ពេលធ្លាក់ខ្យល់ អញ្ចឹងវាអាចនាំឲ្យជំងឺផ្លូវដង្ហើមកាន់តែធ្ងន់ធ្ងរ អញ្ចឹងបើពេលត្រជាក់ខ្លាំងកុំឲ្យគាត់ដើរទៅហាលវាលខ្លួនទទេ សំខាន់ស្លៀកពាក់ខោអាវ វែងៗ»។
តែយ៉ាងណាតាមអះអាងរបស់អ្នកនាំពាក្យក្រសួងធនធានទឹក ក្នុងរយៈពេលនេះតំបន់ជួរភ្នំគឺមានស្ថានភាពត្រជាក់ស្រាប់ទៅហើយ ដែលពលរដ្ឋរស់នៅតំបន់នេះ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្លាំងទម្រាំផុតស្ថានភាពអាកាសធាតុត្រជាក់ដូចនេះ៕