en     km
en     km

បារាំងប្រាប់បក្សកាន់អំណាចកុំរំលាយ CCHR និងឱ្យបក្សប្រឆាំងមានសកម្មភាពឡើងវិញ(មានសំឡេង)

Share

ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានដោយរម្លឹកឱ្យបក្សកាន់អំណាចនៃប្រទេសកម្ពុជាបើកភ្លើងខៀវ អោយគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលមានដំណើរការដោយគ្មានការារាំង ដោយក្នុងនោះស្នើកុំរំលាយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ តែយ៉ាងណាក៏ដោយអ្នកនាំពាក្យបក្សកាន់អំណាចបានប្រតិកម្មថា ករណីនេះជារឿងផ្ទៃក្នុងកម្ពុជា គឺ កម្ពុជាជាអ្នកស្រាយដោយខ្លួនឯង។កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!

 

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងដែលត្រូវបានផ្សព្វផ្សាយនៅរសៀលថ្ងៃអង្គារ៍ ទី ២៨ វិច្ឆិកានេះ បានបញ្ជាក់ថា ជំនួបមួយនៅរាជធានីភ្នំពេញរវាងលោក ធៀរី ម៉ាធូ មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសបារាំង និងមន្រ្ដីកម្ពុជាតំណាងគណបក្សប្រឆាំង សង្គមស៊ីវិល និងសហគមន៍អន្ដរជាតិ បានផ្ដោតលើបញ្ហាជាច្រើនក្នុងនោះសហប្រតិបត្តិការទ្វេភាគី និងស្ថានភាពនយោបាយនៅពេលបច្ចុប្បន្ននេះ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ក្នុងកិច្ចពិភាក្សានេះ ប្រទេសបារាំងបានបង្ហាញពីភាពយូរអង្វែងនៃគុណភាពទំនាក់ទំនងរវាងប្រទេសបារាំង និងកម្ពុជា រួមទាំងសហគមន៍អន្ដរជាតិផងដែរ។

ជាមួយគ្នានេះដែរ នៅក្នុងកិច្ចពិភាក្សានេះ លោក ធៀរី ម៉ាធូ ដែលជាប្រធាននាយកដ្ឋានអាស៊ី និងអូសេអានីនៃក្រសួងអឺរ៉ុប និងក្រសួងការបរទេសបារាំងបានរម្លឹកថា បារាំងមានការព្រួយបារម្ភចំពោះស្ថានភាពនយោបាយផ្ទៃក្នុងនៅកម្ពុជា ជាពិសេសជិតនៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដដែលប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៨​ ។ករណីការរំលាយគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងធំជាងគេ ការចាប់ខ្លួន និងការឃុំខ្លួនមេដឹកនាំគណបក្សនេះ  រួមទាំងការហាមឃាត់សមាជិកគណបក្សនេះ ១១៨រូប ធ្វើនយោបាយអំឡុងពេល ៥ឆ្នាំ បានចោទជាបញ្ហាដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងបានបញ្ជាក់ទៀតថា លោក ធៀរី ម៉ាធូ បានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាចូលរួម  សាជាថ្មីនៅក្នុងដំណើរការប្រជាធិបតេយ្យ ហើយឱ្យគណបក្សប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលមានដំណើរការដោយគ្មានការរារាំង។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមានការបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមែននោះ គឺនឹងត្រូវចាត់ទុកជាការវិវឌ្ឍន៍ដ៏អវិជ្ជមានមួយ។

ឆ្លើយតបនឹងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងនេះ លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សកាន់អំណាចបានអះអាងថា កំហុសទាំងឡាយរបស់គណបក្សប្រឆាំងក្ដី ឬអង្គការមួយចំនួនក្ដីគឺជាការរំលោភច្បាប់ផ្ទៃក្នុងកម្ពុជា។

លោក សុខ ឥសាន្ដ ៖«ខ្ញុំយល់ថា កម្ពុជាចាត់វិធានតាមផ្លូវច្បាប់ដើម្បីដើរតាមគន្លងពង្រឹងលទ្ធិប្រជាធិបតេយ្យ  ហើយដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ត្រូវតែពង្រឹងនីតិរដ្ឋ ហើយការពង្រឹងនីតិរដ្ឋនេះហើយ តាមរយៈការចាត់វិធានការតាមផ្លូវច្បាប់»។

លោក សុខ ឥសាន្ដបានបញ្ជាក់ទៀតថា គ្មានប្រទេសណាបង្គាប់បញ្ជាប្រទេសកម្ពុជាបានទេ សូម្បីតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏តម្រូវអោយកម្ពុជាមានអធិបតេយ្យជាតិរបស់ខ្លួន និងឯករាជ្យភាពរបស់ខ្លួនដែរ។ លោកថា កិច្ចព្រមព្រៀងនេះ អាចកោះប្រជុំឡើងវិញបាន លុះត្រាតែប្រទេសជិតខាងរំលោភបំពានកម្ពុជាប៉ុណ្ណោះ។

លោក សុខ ឥសាន្ដ៖«មិនអាចទៅរួចទេ ពីព្រោះក្នុងកិច្ចព្រមព្រៀងប៉ារីសនេះ គឺថា ការកោះប្រជុំសហប្រធានកិច្ចទីក្រុងប៉ារីសបាន លុះត្រាតែមានការរំលោភឈ្លានពានដ៏ធ្ងន់ធ្ងរ ប៉ះពាល់ដល់ឯករាជ្យភាព អធិបតេយ្យភាព  និងភាពមិនអាចបំបែកបាននៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋទោលនោះ»។

សូមជម្រាបថា ប្រទេសបារាំងគឺជាសហប្រធានសន្និសីទនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមាន សហគមន៍អន្ដរជាតិចំនួន ១៨ប្រទេស ជាភាគីហត្ថលេខី​ ក្នុងនោះមានភាគីកម្ពុជា ទាំង ៤ ភាគី ចូលរួមផងដែរ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង