ភ្នំពេញ៖តំណាងរាស្ត្រថ្មី៤៤រូប រួមទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធី មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់និងផ្តល់សុពលភាពរួចរាល់ហើយនៅក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ នៅចំពោះអ្នកសារព័ត៌មាន សម្ដេចព្រះទទូចឱ្យតំណាងរាស្ត្ររបស់ព្រះអង្គចុះបម្រើរាស្ត្រ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចបានមានបន្ទូលដាសតឿនអ្នកតំណាងរាស្ត្ររបស់ព្រះអង្គឲ្យខិតខំចុះមូលដ្ឋានបម្រើរាស្ត្រនៅមណ្ឌលរបស់ខ្លួនដើម្បីជាប់ឆ្នោតនៅក្រោយ។
បន្ទូលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើឡើងនៅចំពោះមុខអ្នកសារព័ត៌មាននៅវិមានរដ្ឋសភាបន្ទាប់ពីព្រះអង្គស្តាប់ការប្រកាសសពុលភាពបញ្ជីឈ្មោះអ្នកតំណាងរាស្ត្រនៅព្រឹកថ្ងៃទីច័ន្ទទី ២៧ ខែវិច្ឆិកានេះ។
សម្តេចក្រុមព្រះមានបន្ទូលថា«ព្រះអង្គសប្យាយរីករាយដោយការស្វាគមន៍អ្នកតំណាងរាស្ត្ររបស់ព្រះអង្គ ទាំងអ្នកចាស់ ទាំងអ្នកថ្មី មកទទួលយកសុពលភាពតំណាងរាស្ត្រនេះ។
សម្តេចក្រុមព្រះមានបន្ទូលថាមន្ត្រីជាន់ខ្ពស់ពីររូបរបស់គណបក្សព្រះអង្គគឺលោក យូ ហុងគ្រី ជអតីតសហរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃជាបេក្ខជនអនុប្រធានទី១នៃរដ្ឋសភា។រីឯលោក នុត សុខុមអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលជាបេក្ខភាពអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
នៅថ្ងៃច័ន្ទនេះរដ្ឋសភាបើកកិច្ចប្រជុំពេញអង្គប្រកាសសុពលភាពតំណាងរាស្ត្រថ្មីចំនួន៤៤ដែលបែងចែកអាសនៈទៅឲ្យគណបក្សនយោបាយចំនួន៣។ក្នុងនោះគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជាទទួលបាន២អាសនៈនិងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច១អាសនៈ។អាសនៈចំនួន១១ទៀតនៅទំនេរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកំពុងដំណើរការបែងចែកនៅឡើយ។
តំណាងរាស្ត្រទាំងនេះទទួលអាសនៈនៅក្នុងសភាបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា៕