en     km
en     km

សម្តេច ស ខេង ៖ ក្រសួងមហាផ្ទៃមិនទាន់មានចំណាត់ការលើរឿងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានលើកទ្បើងថា ករណីដែលសម្តេច ហ៊ុន សែន បញ្ជាឱ្យក្រសួងមហាផ្ទៃពិនិត្យលើផ្លូវច្បាប់បិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះ ក្រសួងមហាផ្ទៃមិនទាន់មានចំណាត់ការយ៉ាងណានៅទ្បើយនោះទេ ដោយត្រូវការស៊ើបអង្កេតតាមផ្លូវច្បាប់ជាមុនសិន។

ក្រោយមួយថ្ងៃនៃការព្រមានរបស់សម្តេច ហ៊ុន សែន ដែលបញ្ជាឱ្យក្រសួងមហាផ្ទៃពិនិត្យផ្លូវច្បាប់ដើម្បីបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្រោមហេតុផលថា មជ្ឈមណ្ឌលនេះបង្កើតទ្បើងក្រោមការបង្គាប់បញ្ជារបស់បរទេសនោះ នៅថ្ងៃទី២៧ វិច្ឆិកានេះ សម្តេច​ ស ខេង បានថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃមិនទាន់មានចំណាត់ការលើមជជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅទ្បើយនោះទេ។

តែទោះជាយ៉ាងនេះក្តី សម្តេច ស ខេង មានប្រសាសន៍ថា ក្រសួងនឹងពិនិត្យលក្ខន្តិកៈរបស់អង្គការនេះ។

សម្តេច ស ខេង ៖«មិនមែនតែសិទ្ធិមនុស្សទេអង្គការណាក៏ដោយតែយើងគ្រប់គ្រងតាមលក្ខន្តិកៈរបស់គេដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ អូកិច្ចការហ្នឹងនៅទេខ្ញុំមិនទាន់អាចជំរាបជូនបានព្រោះកិច្ចការនេះចំាបាច់ត្រូវ មិនមែនតែសិទ្ធិមនុស្សទេ អង្គការណាក៏ដោយយើងត្រូវតែមានហេតុផលច្បាស់លាស់ ដោយធ្វើអ្វីមួយមិនអាចអត់មានហេតុផលបាននោះទេ»។

នៅក្នុងពិធីមួយជួបជុំកម្មករកាលពីថ្ងៃអាទិត្យទី២៦ វិច្ឆិកា សម្តេច ហ៊ុន សែន ដែលក្នុងនាមនាយករដ្ឋមន្ត្រីបាន ​ថ្លែងថា​អង្គការនេះបានកើតឡើងដោយរបៀបណា ។«ការពិតមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងភ្នំពេញត្រូវតែបិទចោល ព្រោះអាហ្នឹងធ្វើតាមបរទេស អាហ្នឹងគួរមើល ក្រសួងមហាផ្ទៃមើល ព្រោះអាហ្នឹងបរទេសអ្នកឱ្យបង្កើតមិនខ្មែរអ្នកបង្កើតទេអាហ្នឹងមើលអាមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញមួយទៀត។ ច្បាប់ប្រទេសមានណា ហាមឃាត់ការពាក់ព័ន្ធជាមួយនឹងបរទេស បម្រើនយោបាយបរទេសសូម្បីតែពាក្យសម្បថក្នុងរដ្ឋធម្មនុញក៏គេហាមឃាត់ខ្លំាងណាស់អាហ្នឹង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ភ្លាមៗបន្ទាប់ពីការព្រមានរបស់សម្តេច ហ៊ុន សែន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនដែល ថា អះអាងថាអង្គការបានប្រកាន់គោលជំហរអព្យាក្រឹត្យ មិនពាក់ព័ន្ធជាមួយគណបក្សនយោបាយណាមួយនោះទ្បើយ។

តាមសេចក្តីថ្លែងការណ៍ដដែល បន្តថាមជ្ឈមណ្ឌលសិទ្ធិមនុស្សបានបំពេញការងាររបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ការផ្តល់ការអប់រំក្នុងការតស៊ូមតិដល់សហគមន៏ជនបទ ដែលរងផលប៉ះពាល់ដោយសារវិវាទដីធ្លីជាដើម។

តាមប្រភពដដែលមជ្ឈមណ្ឌលសិទ្ធិមនុស្ស សង្ឃឹមយ៉ាងមុតមំាថា ក្នុងករណីដែលមានការស៊ើបអង្កេតឯករាជ្យ និងឥតលម្អៀងមកលើខ្លួននោះ នឹងបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួន។

លើសពីនេះទៀតនោះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានកិច្ចសន្ទនាប្រកបដោយដោយអត្ថន័យជាមួយនឹងតំណាងរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជុំវិញការចោទប្រកាន់មិនត្រឹមត្រូវទំាងនេះ ក្នុងស្មារតីច្បាស់លាស់មួយថា ការយល់ខុសណាមួយចំពោះការបំពេញការងារ នឹងអព្យាក្រឹត្យភាពរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

គួររំលឹកថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើតទ្បើងដោយលោក កឹម សុខា កាលពីខែវិច្ចិកា ឆ្នំា២០០២។ តែលោកបានលាឈប់កាលពីដើមឆ្នំា២០០៧ ដោយទៅចូលរួមធ្វើជាអ្នកនយោបាយវិញ។ ក្រោយការលាឈប់របស់លោកកឹម សុខា លោក អ៊ូ វីរៈ ត្រូវបានតែងតំាងជាប្រធានជំនួសលោក កឹម     សុខា។ លោក អ៊ូ វីរៈ បានលាឈប់ពីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅឆ្នំា២០១៤ ហើយបានផ្ទេរតំណែងទៅឱ្យលោកស្រី ចក់ សុភាព ដែលជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានាពេលបច្ចុប្ប​ន្ននេះ៕

Share

Image
Image
Image