ភ្នំពេញ៖ក្រុមឧទ្ទាមបានវាយឆ្មក់ទៅលើកងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់អង្គការសហប្រជាជាតិ(UN)កាលពីថ្ងៃសុក្រម្សិលមិញយ៉ាងហោចណាស់មនុស្ស៤ស្លាប់នាក់និង២១នាក់របួស។ក្នុងនោះកងកម្លាំងរក្សាសន្តិភាពមួកខៀវកម្ពុជាម្នាក់រងរបួសស្រាល។
បើយោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិឲ្យដឹងថាយ៉ាងហោចណាស់កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់អង្គការសហប្រជាជាតិ៤នាក់និងសមាជិកកងកម្លាំងប្រដាប់អាវុធម៉ាលីម្នាក់បានស្លាប់ក្នុងការវាយឆ្មក់ពីក្រុមឧទ្ទាមកាលពីថ្ងៃទី២៤ ខែវិច្ឆិកាម្សិលមិញ។
បើតាមលោ ផល សាម៉ន អគ្គនាយករងនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោស សម្អាតមីននិងកាកសំណល់សង្គ្រាមប្រាប់វិទ្យុស្ត្រីថាលោកបានទទួលដំណឹងពីការវាយ ប្រហារនេះថាកម្លាំងរក្សាសន្តិភាពកម្ពុជារបួសស្រាលម្នាក់។ប៉ុន្តែលោកពុំទាន់អាចផ្តល់ព័ត៌មានលម្អិតបាននៅឡើយទេព្រោះលោកកំពុងជាប់ប្រជុំ។
បើយោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកសារព័ត៌មានឈ្មោះវេង សំបូរ បញ្ជាក់ថាកងកម្លាំងរក្សាសន្តិភាពកម្ពុជារងរបួសស្រាលគឺលោកអនុសេនីយ៍ឯក មុំ រិទ្ធី ត្រូវរបួសគ្រាប់អំបែងចំត្រង់ដៃនិងជើងនិងត្រូវបានដឹកតាមឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្នុងបេសកកម្មជាកងវិស្វ័យកម្ម កងទ័ពមួកខៀវកម្ពុជាបួននាក់បានបាត់បង់ជីវិត បន្ទាប់ពីពួកក្រុមឧទ្ទាមមិនស្គាល់អត្តសញ្ញាណបានលបវាយឆ្មក់ក្បួនរថយន្តពេលត្រឡប់មកបន្ទាយវិញ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៧នេះ។
ទាហានមួកខៀវកម្ពុជាដែលបានស្លាប់នោះរួមមាន លោកអនុសេនីយ៍ទោ អ៊ឹម សំ, លោកអនុសេនីយ៍ឯក ម៉ៅ អេង ,លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ និងលោកពលបាលឯក មុំ តុលា។
ប្រទេសកម្ពុជា បានបញ្ជូនមន្ត្រីយោធារបស់ខ្លួនជាង ៤ពាន់នាក់ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសស៊ូដង់ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ប្រទេសឆាដ ប្រទេសស៊ីរី ប្រទេសលីបង់ ប្រទេសម៉ាលីជាដើម។
កងកម្លាំងមួកខៀវកម្ពុជាចំនួន ៧ នាក់ហើយបានស្លាប់ និង៧នាក់បានរងរបួស ដោយសារជំងឺ និងគ្រោះថ្នាក់ដោយខ្យល់ព្យុះជាដើម៕