ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាលទ្ធផលមិនសមបំណងយ៉ាងណាក៏ដោយ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវតែខំប្រឹងប្រែងព្យាយាមសិក្សាបន្ថែមទៀត។ លោកបានថ្លែងបែបនេះក្រោយបញ្ចប់កិច្ចសំណេះសំណាលជាមួយសិស្សជាប់និទ្ទេសA នៅវិមានសន្តិភាពនាពេលកន្លងមកថ្មីៗនេះ។
លោក ហ៊ុន ម៉ានី បន្ថែមថា៖ «ខ្ញុំគិតថា ក្នុងពេលតែមួយដែលយើងអបអរសាទរចំពោះប្អូនៗដែលបានជាប់ទាំងនិទ្ទេសA ក៏ដូចជាសិស្សទាំង ៥៥ ភាគរយ ទូទាំងប្រទេស។ ប៉ុន្តែយើងក៏មិនបានភ្លេចប្អូនៗដែលមិនបានប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះដែរ…។ ខ្ញុំសូមអំពាវនាវដល់យុវជន ក៏ដូចជាប្អូនៗទាំងអស់… កុំអស់សង្ឃឹម ព្រោះថាអ្វីដែលជាឆាកជីវិតតាំងពីតូចដល់ធំ ទាំងការរៀនសូត្រក្តី ទាំងការវិវឌ្ឍន៍ក្នុងជីវិតក្តី វាមានជោគជ័យហើយវាមានបរាជ័យ។ នេះជារឿងចៀសវាងមិនផុត»។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះក៏បានលើកឡើងទៀតថា មិនអាចមានជោគជ័យរហូតនោះទេ ក៏ប៉ុន្តែអ្វីដែលសំខាន់លោកតែងនិយាយប្រាប់ប្អូនៗទាំងអស់គ្នា បើសិនយើងមិនធ្លាប់ដួលទេ យើងមិនដឹងឈឺយ៉ាងណាទេ តែបើយើងដួលហើយ យើងត្រូវរៀនសូត្រ ត្រូវដកស្រង់បទពិសោធន៍…។ យើងខំប្រឹងរៀនចេញពីការបរាជ័យនេះ ឲ្យយើងត្រៀមខ្លួនដើម្បីទទួលបានជោគជ័យក្នុងជីវិត…យើងមិនបានទទួលជោគជ័យ តែត្រូវតែថែរក្សាភាពជឿជាក់លើខ្លួនឯង ហើយខំប្រឹងបន្ថែមទៀតនូវអី្វដែលយើងបានជួបប្រទះកន្លងមក និងសង្ឃឹមថា យើងមិនបរាជ័យនៅពេលក្រោយ៕