ភ្នំពេញ ៖ អាជ្ញាសង្កាត់ទូលសង្កែ អំពាវនាវដល់កម្មករ កម្មការិនី រាយការណ៍ក្នុងករណីដែលមានម្ចាស់ផ្ទះជួលឡើងថ្លៃឈ្នួលផ្ទះ។ ការអំពាវនាវនេះ ក្រោយពេលមានម្ចាស់ជួលក្នុងតំបន់មួយចំនួន ទាំងក្នុងរាជធានី និងខេត្ដ មានគម្រោងដំឡើងថ្លៃឈ្នួលផ្ទះ សម្រាប់កម្មករ ចាប់ពីដើមឆ្នាំ២០១៨តទៅ។ លោក លៀ ស៊ីណា រាយការណ៍៖
ក្រោយពីមានកម្មការិនីរោងចក្រ ក្នុងសង្កាត់ទូលសង្កែ បានបង្ហើបព័ត៌មានថា ម្ចាស់ផ្ទះជួលរបស់ពួកគេ បានជូនដំណឹងរួចហើយ ថា ផ្ទះជួលនឹងត្រូវឡើងថ្លៃ ចន្លោះពី ៥ដុល្លារ ទៅដល់ ១០ដុល្លារ បន្ថែមនៅដើមឆ្នាំក្រោយ ប្រដេញនឹងប្រាក់ខែរបស់ពួកគេរួចមក។ អាជ្ញាធរក្នុងសង្កាត់ទូលសង្កែ បានចេញមុខអះអាងថា នឹងមានវិធានការរដ្ឋបាលដាក់ទៅលើម្ចាស់ផ្ទះជួល ក្នុងករណីដែលដំឡើងថ្លៃឈ្នួល ខុសពីស្ថានភាពជាក់ស្ដែង។
លោក សយ កុសល់ ចៅសង្កាត់រងទី០២ សង្កាត់ទូលសង្កែទី០១ ខ័ណ្ឌឬស្សីកែវ បានប្រាប់វិទ្យុស្ដ្រីថា នេះគឺជាក្ដីបារម្ភចម្បងមួយរបស់អាជ្ញាធរ។ លោកបន្ដថា តាំងពីមានការអំពាវនារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សុំកុំឲ្យមានការដំឡើងថ្លៃឈ្នួលផ្ទះសម្រាប់កម្មករ កន្លងមក អាជ្ញាធរបានចុះជួបម្ចាស់ផ្ទះដើម្បីនិយាយរឿងនេះពីរលើករួចមកហើយ បំណងសុំឲ្យម្ចាសផ្ទះជួល ផ្ដល់ការអនុគ្រោះដល់ក្រុមកម្មករ កម្មការិនី ដោយកុំដំឡើងថ្លៃឈ្នួល។ លោក សយ កុសល់ ៖ « យើងបានទៅជួបពួកគាត់ ក្រោយពេលដែលមានគោលនយោបាយអនុគ្រោះពីសម្ដេចនាយករដ្ឋមន្ដ្រីជាបន្ដបន្ទាប់យើងបារម្ភរឿងហ្នឹងដែរ បើសិនជាផ្ទះជួលឡើងថ្លៃដដែលវានឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ដែលគ្នាទទួលបាន កម្មករ បាទ អញ្ចឹងហើយតាមគោលការណ៍ ជាបន្ដបន្ទាប់យើងបានចុះទៅសំណូមពរ ដើម្បីសហការជាមួយគាត់ដើម្បីកុំដំឡើងថ្លៃផ្ទះជួលនេះ»។
ថ្វីត្បិតតែអាជ្ញាធរមានការសំណូមពរដូចនេះក៏ពិតមែន តែលោកចៅសង្កាត់រងទី០២ សង្កាត់ទូលសង្កែទី០១រូបនេះ ក៏បានឲ្យដឹងដែរថា ម្ចាស់ផ្ទះអាចដំឡើងថ្លៃឈ្នួលផ្ទះបាន ក្នុងករណីដែលផ្ទះត្រូវបានកែលម្អថ្មី ល្អប្រសើរជាងកាលពីពេលមុន។ តែបើទោះជាបែបនេះក្ដី លោក សយ កុសល់ សង្កត់ធ្ងន់ថា ក្នុងករណីដែលមានម្ចាស់ជួលទាមទារដំឡើងថ្លៃផ្ទះ សូមឲ្យកម្មករ កម្មការិនី រាយការណ៍ដល់អាជ្ញាធរដើម្បីចុះទៅដោយផ្ទាល់ជួបម្ចាស់ផ្ទះ។ លោក សយ កុសល់ ៖«បើសិនជាជួបផ្ទះដែលឡើងថ្លៃ ឬក៏បានព័ត៌មានជាក់លាក់ សុំឲ្យរាយការណ៍មកអាជ្ញាធរភ្លាម គាត់មានក្រុម គាត់មានភូមិនៅក្បែរគាត់ ហើយអ្នកណាដែលនៅក្បែរគាត់បំផុតត្រូវរាយការណ៍ជួន ដើម្បីឲ្យយើងជួយសហការជាមួយគាត់ ដើម្បីគិតគូ ការពារផលប្រយោជន៍របស់គាត់»។
ដូចគ្នាដែរចៅសង្កាត់រងទី០២ នៅសង្កាត់ទូលសង្កែទី០២ ខណ្ឌឬស្សីកែវលោក អ៊ុក ខេមា មានប្រសាសន៍ថា លោកបានប្រាប់ឲ្យមេភូមិ ចុះជួបម្ចាស់ផ្ទះជួលរួចហើយ ជុំវិញតម្លៃផ្ទះជួលសម្រាប់កម្មករនេះ។ លោកបន្ដថា ជាវិធានការរបស់សង្កាត់ គឺមិនអនុញ្ញាតឲ្យម្ចាស់ផ្ទះឡើងថ្លៃខ្ពស់ហួសពេកទេ ប្រសិនជាឡើង គឺក្នុងកម្រិតតិចតូចបំផុត។ លើសពីនេះលោកចៅសង្កាត់រងទី០២ សង្កាត់ទូលសង្កែទី០២ បញ្ជាក់ទៀតថា ក្នុងករណីដែលម្ចាស់ផ្ទះជួលដំឡើងថ្លៃឈ្នួលខ្ពស់ហួសហេតុពេក អាជ្ញាធរ នឹងចាត់វិធានការរដ្ឋបាលលើពួកគេ។ លោក អ៊ុក ខេមរា៖«អាហ្នឹងបើលួចឡើងគឺវិធានការរដ្ឋបាល មានច្បាប់រដ្ឋបាលមួយត្រូវធ្វើកិច្ចសន្យាជាមួយគាត់ ព្រោះខ្ញុំបានឲ្យមេភូមិទៅបញ្ជាក់រួចហើយ ហៅលោកម្ចាស់ផ្ទះជួលមកប្រាប់រួចហើយ ថា អត់ឲ្យឡើងទេ»។
ជាមួយគ្នានេះ អាជ្ញាធរសង្កាត់ទូលសង្កែ ក៏សំណូមដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃឈ្នួលផ្ទះ ដេញតាមប្រាក់ខែរបស់
កម្មករបន្ដទៀត ព្រោះប្រាក់ខែគោល ១៧០ដុល្លាររបស់ពួកគេនៅដើមឆ្នាំ២០១៨នោះ គឺមិនទាន់អាចជួយឲ្យជីវភាពរបស់កម្មករបានធូរធារនោះទេ គ្រាន់តែអាចលើកកម្ពស់កម្រិតជីវភាពបានខ្លះប៉ុណ្ណោះ ដែលមិនមែនជាពេលវេលា ម្ចាស់ផ្ទះជួល ត្រូវប្រឹងដំឡើងថ្លៃផ្ទះ ប្រណាំងប្រាក់ខែរបស់ពួកគេនោះទេ។
យ៉ាងណានៅពេលនេះ ក្រុមកម្មករ កម្មការិនី កម្ពុជា ជាច្រើនម៉ឺននាក់ កំពុងតែបារម្ភពីតម្លៃផ្ទះជួល របស់ពួកគេនៅឡើយ ខណៈមកដល់ពេលនេះ ពួកគេបានឮត្រឹមតែការអំពាវនាវប៉ុណ្ណោះ ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ជុំវិញការកុំឲ្យឡើងថ្លៃឈ្នួលផ្ទះ។ ករណីនេះទាំងកម្មករ និង តំណាងសហជីព សុំដល់រដ្ឋអំណាចឲ្យចេញជាច្បាប់កំណត់ ឬក៏អនុក្រឹត្យ ជាក់លាក់ណាមួយដើម្បីទប់ស្កាត់ ការឡើងថ្លៃឈ្នួលផ្ទះ នៅពេលដែលប្រាក់ខែកម្មករត្រូវដំឡើង៕