en     km
en     km

អាជ្ញាធរ​ សង្កាត់​ទូល​សង្កែ​ប្រាប់​កម្មករ​ កម្មការិនី​ រាយការណ៍​បើ​មាន​ម្ចាស់ផ្ទះ​ជួល​ឡើងថ្លៃ​

Share

​ភ្នំពេញ​ ៖​ អាជ្ញា​សង្កាត់​ទូល​សង្កែ​ អំពាវនាវ​ដល់​កម្មករ​ កម្មការិនី​ រាយការណ៍​ក្នុង​ករណី​ដែល​មាន​ម្ចាស់ផ្ទះ​ជួល​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​។​ ការ​អំពាវនាវ​នេះ​ ក្រោយ​ពេល​មាន​ម្ចាស់​ជួល​ក្នុង​តំបន់​មួយ​ចំនួន​ ទាំង​ក្នុង​រាជធានី​ និង​ខេត្ដ​ មាន​គម្រោង​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ សម្រាប់​កម្មករ​ ចាប់ពី​ដើមឆ្នាំ​២០១៨​តទៅ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

លោក សយ កុសល់ ចៅសង្កាត់រងទី០២ សង្កាត់ទូលសង្កែ ខណ្ឌឬស្សីកែវ

 

​ក្រោយ​ពី​មានកម្ម​ការិនី​រោងចក្រ​ ក្នុង​សង្កាត់​ទូល​សង្កែ​ បាន​បង្ហើប​ព័ត៌មាន​ថា​ ម្ចាស់ផ្ទះ​ជួល​របស់​ពួក​គេ​ បាន​ជូនដំណឹង​រួច​ហើយ​ ថា​ ផ្ទះ​ជួល​នឹង​ត្រូវ​ឡើងថ្លៃ​ ចន្លោះ​ពី​ ៥​ដុល្លារ​ ទៅ​ដល់​ ១០​ដុល្លារ​ បន្ថែម​នៅ​ដើមឆ្នាំ​ក្រោយ​ ប្រដេញ​នឹង​ប្រាក់ខែ​របស់​ពួក​គេ​រួច​មក​។​ អាជ្ញាធរ​ក្នុង​សង្កាត់​ទូល​សង្កែ​ បាន​ចេញ​មុខ​អះអាង​ថា​ នឹង​មាន​វិធានការ​រដ្ឋបាល​ដាក់​ទៅ​លើ​ម្ចាស់ផ្ទះ​ជួល​ ក្នុង​ករណី​ដែល​ដំឡើង​ថ្លៃ​ឈ្នួល​ ខុស​ពី​ស្ថានភាព​ជាក់ស្ដែង​។​

​លោក​ សយ​ កុសល់​ ចៅសង្កាត់​រង​ទី​០២​ សង្កាត់​ទូល​សង្កែ​ទី​០១​ ខ័ណ្ឌ​ឬ​ស្សី​កែវ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ នេះ​គឺជា​ក្ដី​បារម្ភ​ចម្បង​មួយ​របស់​អាជ្ញាធរ​។​ លោក​បន្ដ​ថា​ តាំងពី​មានការ​អំពាវ​នា​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ សុំ​កុំ​ឲ្យ​មានការ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​សម្រាប់​កម្មករ​ កន្លង​មក​ អាជ្ញាធរ​បាន​ចុះ​ជួប​ម្ចាស់ផ្ទះ​ដើម្បី​និយាយ​រឿង​នេះ​ពីរ​លើក​រួច​មក​ហើយ​ បំណង​សុំ​ឲ្យ​ម្ចាសផ្ទះ​ជួល​ ផ្ដល់​ការ​អនុគ្រោះ​ដល់​ក្រុម​កម្មករ​ កម្មការិនី​ ដោយ​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​។​ លោក​ សយ​ កុសល់​ ៖​ «​ យើង​បាន​ទៅ​ជួប​ពួក​គាត់​ ក្រោយ​ពេល​ដែល​មាន​គោលនយោបាយ​អនុគ្រោះ​ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ជា​បន្ដបន្ទាប់​យើង​បារម្ភ​រឿង​ហ្នឹង​ដែរ​ បើសិនជា​ផ្ទះ​ជួល​ឡើងថ្លៃ​ដដែល​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ដែល​គ្នា​ទទួល​បាន​ កម្មករ​ បាទ​ អ​ញ្ចឹ​ង​ហើយ​តាម​គោលការណ៍​ ជា​បន្ដបន្ទាប់​យើង​បាន​ចុះ​ទៅ​សំណូមពរ​ ដើម្បី​សហការ​ជាមួយ​គាត់​ដើម្បី​កុំ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នេះ​»​។​

​ថ្វី​ត្បិត​តែ​អាជ្ញាធរ​មានការ​សំណូមពរ​ដូចនេះ​ក៏​ពិតមែន​ តែ​លោក​ចៅសង្កាត់​រង​ទី​០២​ សង្កាត់​ទូល​សង្កែ​ទី​០១​រូប​នេះ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ម្ចាស់ផ្ទះ​អាច​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​បាន​ ក្នុង​ករណី​ដែល​ផ្ទះ​ត្រូវ​បាន​កែ​លម្អ​ថ្មី​ ល្អ​ប្រសើរ​ជាង​កាលពី​ពេល​មុន​។​ តែបើ​ទោះជា​បែប​នេះ​ក្ដី​ លោក​ សយ​ កុសល់​ សង្កត់ធ្ងន់​ថា​ ក្នុង​ករណី​ដែល​មាន​ម្ចាស់​ជួល​ទាមទារ​ដំឡើង​ថ្លៃ​ផ្ទះ​ សូម​ឲ្យ​កម្មករ​ កម្មការិនី​ រាយការណ៍​ដល់​អាជ្ញាធរ​ដើម្បី​ចុះ​ទៅ​ដោយ​ផ្ទាល់​ជួប​ម្ចាស់ផ្ទះ​។​ លោក​ សយ​ កុសល់​ ៖«​បើសិនជា​ជួប​ផ្ទះ​ដែល​ឡើងថ្លៃ​ ឬ​ក៏​បាន​ព័ត៌មាន​ជាក់លាក់​ សុំ​ឲ្យ​រាយការណ៍​មក​អាជ្ញាធរ​ភ្លាម​ គាត់​មាន​ក្រុម​ គាត់​មាន​ភូមិ​នៅ​ក្បែរ​គាត់​ ហើយ​អ្នក​ណា​ដែល​នៅ​ក្បែរ​គាត់​បំផុត​ត្រូវ​រាយការណ៍​ជួន​ ដើម្បី​ឲ្យ​យើង​ជួយ​សហការ​ជាមួយ​គាត់​ ដើម្បី​គិតគូ​ ការពារ​ផលប្រយោជន៍​របស់​គាត់​»​។​

​ដូច​គ្នា​ដែរ​ចៅសង្កាត់​រង​ទី​០២​ នៅ​សង្កាត់​ទូល​សង្កែ​ទី​០២​ ខណ្ឌ​ឬ​ស្សី​កែវ​លោក​ អ៊ុ​ក​ ខេ​មា​ មាន​ប្រសាសន៍​ថា​ លោក​បាន​ប្រាប់​ឲ្យ​មេ​ភូមិ​ ចុះ​ជួប​ម្ចាស់ផ្ទះ​ជួល​រួច​ហើយ​ ជុំវិញ​តម្លៃ​ផ្ទះ​ជួល​សម្រាប់​កម្មករ​នេះ​។​ លោក​បន្ដ​ថា​ ជា​វិធានការ​របស់​សង្កាត់​ គឺ​មិន​អនុញ្ញាត​ឲ្យ​ម្ចាស់ផ្ទះ​ឡើងថ្លៃ​ខ្ពស់​ហួសពេក​ទេ​ ប្រសិនជា​ឡើង​ គឺ​ក្នុង​កម្រិត​តិច​តូច​បំផុត​។​ លើស​ពី​នេះ​លោក​ចៅសង្កាត់​រង​ទី​០២​ សង្កាត់​ទូល​សង្កែ​ទី​០២​ បញ្ជាក់​ទៀត​ថា​ ក្នុង​ករណី​ដែល​ម្ចាស់ផ្ទះ​ជួល​ដំឡើង​ថ្លៃ​ឈ្នួល​ខ្ពស់​ហួសហេតុ​ពេក​ អាជ្ញាធរ​ នឹង​ចាត់វិធានការ​រដ្ឋបាល​លើ​ពួក​គេ​។​ លោក​ អ៊ុ​ក​ ខេមរា​៖«​អាហ្នឹង​បើ​លួច​ឡើង​គឺ​វិធានការ​រដ្ឋបាល​ មានច្បាប់​រដ្ឋបាល​មួយ​ត្រូវធ្វើ​កិច្ចសន្យា​ជាមួយ​គាត់​ ព្រោះ​ខ្ញុំ​បាន​ឲ្យ​មេ​ភូមិ​ទៅ​បញ្ជាក់​រួច​ហើយ​ ហៅ​លោក​ម្ចាស់ផ្ទះ​ជួល​មក​ប្រាប់​រួច​ហើយ​ ថា​ អត់​ឲ្យ​ឡើង​ទេ​»​។​

​ជាមួយ​គ្នា​នេះ​ អាជ្ញាធរ​សង្កាត់​ទូល​សង្កែ​ ក៏​សំណូម​ដល់​ម្ចាស់ផ្ទះ​ជួល​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ ដេញ​តាម​ប្រាក់ខែ​របស់​
​កម្មករ​បន្ដ​ទៀត​ ព្រោះ​ប្រាក់ខែ​គោល​ ១៧០​ដុល្លារ​របស់​ពួក​គេ​នៅ​ដើមឆ្នាំ​២០១៨​នោះ​ គឺ​មិន​ទាន់​អាច​ជួយ​ឲ្យ​ជីវភាព​របស់​កម្មករ​បាន​ធូរធារ​នោះ​ទេ​ គ្រាន់តែ​អាច​លើកកម្ពស់​កម្រិតជីវភាព​បាន​ខ្លះ​ប៉ុណ្ណោះ​ ដែល​មិនមែន​ជា​ពេលវេលា​ ម្ចាស់ផ្ទះ​ជួល​ ត្រូវ​ប្រឹង​ដំឡើង​ថ្លៃ​ផ្ទះ​ ប្រណាំង​ប្រាក់ខែ​របស់​ពួក​គេ​នោះ​ទេ​។​

​យ៉ាងណា​នៅ​ពេល​នេះ​ ក្រុម​កម្មករ​ កម្មការិនី​ កម្ពុជា​ ជា​ច្រើន​ម៉ឺន​នាក់​ កំពុង​តែ​បារម្ភ​ពី​តម្លៃ​ផ្ទះ​ជួល​ របស់​ពួក​គេ​នៅឡើយ​ ខណៈ​មក​ដល់​ពេល​នេះ​ ពួក​គេ​បានឮ​ត្រឹមតែ​ការ​អំពាវនាវ​ប៉ុណ្ណោះ​ ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ ជុំវិញ​ការ​កុំ​ឲ្យ​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​។​ ករណី​នេះ​ទាំង​កម្មករ​ និង​ តំណាង​សហជីព​ សុំ​ដល់​រដ្ឋអំណាច​ឲ្យ​ចេញ​ជា​ច្បាប់​កំណត់​ ឬ​ក៏​អនុក្រឹត្យ​ ជាក់លាក់​ណាមួយ​ដើម្បី​ទប់ស្កាត់​ ការ​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​ នៅ​ពេល​ដែល​ប្រាក់ខែ​កម្មករ​ត្រូវ​ដំឡើង​៕​

Share

Image
Image
Image