លោកScott Neeson ស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការមូលនិធិកុមារកម្ពុជានឹងទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកសង្គមកិច្ចពីសាកលវិទ្យាល័យសុខាភិបាល និងវិទ្យាសាស្ត្រសង្គម Elizabeth នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ។ នេះបើតាមឱ្យដឹងពីសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវិទ្យុស្រ្ដី FM 102 ទទួលបាននៅថ្ងៃសុក្រ ទី ២៤ វិច្ឆិកានេះ ។
លោកសាស្ត្រាចារ្យ Krcmery និងជាក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បានសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសង្គមកិច្ចនេះជូនលោក Neeson ដោយផ្អែកលើគុណសម្បត្តិ និងស្នាដៃដែលលោកបានចូលរួមអភិវឌ្ឍកុមារ និងគ្រួសារនៅកម្ពុជាដែលទទួលរងផលប៉ះពាល់ពីភាពក្រីក្រធ្ងន់ធ្ងរ ។
លោក Scott Neeson ជាបុគ្គលទី២ ដែលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនេះក្នុងប្រវត្ដិសាស្ដ្ររបស់សាកលវិទ្យាល័យស្លូវ៉ាគី បន្ទាប់ពីព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក Neeson បានធ្វើការដោយមិនខ្លាចនឿយហត់តាមរយៈអង្គការរបស់លោកដើម្បីធានាថា អ្នកដែលទទួលរងផលប៉ះពាល់ពីភាពក្រីក្រធ្ងន់ធ្ងរ ទទួលបានការថែទាំសុខភាព ការអប់រំ និងទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុសម្រាប់ការរស់នៅប្រកប ដោយស្តង់ដារ។ ការងាររបស់លោកបានផ្លាស់ប្តូរជីវិតរស់នៅរបស់ពលរដ្ឋកម្ពុជាជាច្រើន តាមរយៈការផ្តល់សេចក្តីថ្លៃថ្នូរដល់ពួកគេ និងផ្លាស់ប្តូររបៀបដែលពួកគេមើលឃើញខ្លួនឯងនិងពិភពលោក៕