en     km
en     km

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ភាពរេចរឹលព្រៃឈើធ្លាក់ចុះសល់ត្រឹម០,៦%ប៉ុណ្ណោះ

Share

ភ្នំពេញ៖ ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នគេនៅតែសង្កេតឃើញថាមានជនខិលខូចនៅតែប្រព្រឹត្តិដដែលទោះបីជារាជរដ្ឋាភិបាលចេញវិធានការតឹងរឹងយ៉ាងណាក៏ដោយចុះ។ តែទោះជាយ៉ាងនេះក្តីរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ អះអាងថាបទល្មើសកាប់បំផ្លាញព្រៃឈើមានការថយចុះគួរឱ្យកត់សម្គាល់។ ការថ្លែងនេះធ្វើទ្បើងក្នុងវេទិកាស្តីពី ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៏ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នំា២០១៧។

រូបភាព៖ក្រសួងបរិស្ថាន

ការកាប់បំផ្លាញព្រៃឈើនៅតែជាក្តីកង្វល់របស់ក្រុមបណ្តាញសហគមន៍ព្រៃឈើ ក៏ដូចជាអង្គការជាតិ និងអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងការអភិរក្សព្រៃឈើ។ តែទោះជាយ៉ាងនេះក្តីរាជ     រដ្ឋាភិបាលក៏បានចេញវិធានការតឹងរឹងក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដោយរកឃើញថាភាពរេចរឹលនៃព្រៃឈើធ្លាក់ចុះ តែសកម្មជនការពារបរិស្ថានថានៅតែមានការកើនទ្បើង។

ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនេះរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក​សាយ សំអាល់រដ្ឋមន្ត្រីបរិស្ថាន ទទួលស្គាល់ថាការកាប់បំផ្លាញព្រៃឈើនៅតែមាន។ តែអត្រាភាពរេចរឹលនៃព្រៃឈើនេះមានការថយចុះច្រើនគួរឱ្យកត់សម្គាល់។

លោក​សាយ សំអាល់ ៖«តាមការវាយតម្លៃរបស់យើងពីផ្កាយរណបមកភាពរេចរឹលព្រៃរបស់កម្ពុជានៅក្នុងតំបន់អភិរក្សរបស់យើងទំាងអស់ភាពរេចរឹលទំាងអស់ហ្នឹងគឺធ្លាក់មកត្រឹម០,៦ ធ្លាក់មកច្រើននេះបញ្ជក់ពីប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់យើងទោះបីជានៅសល់បន្តិចនឹងក៏ដោយប៉ុន្តែយើងនឹងខិតខំប្រឹងប្រែងបន្តទៀត តែនេះជាមោទនភាពរបស់យើងដែលធ្លាក់មកត្រឹម០,៦%»។

ផ្ទុយពីការលើកទ្បើងនេះសកម្មជនការពារបរិស្ថាន លោក អួច ទ្បេង មិនយល់ស្របថាភាពរេចរឹលនៃព្រៃឈើមានការធ្លាក់ចុះនោះទេ។ លោក អួច ទ្បេង បន្តថាមិនមានការធ្លាក់ចុះដោយសារតែលោកសង្កេតឃើញការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតទ្បើងច្រើននៅទ្បើយ។ «ខ្ញុំគាំទ្រគំនិតរបស់គាត់រកឃើញថាធ្លាក់ចុះអាហ្នឹងគាត់រកឃើញតែអ្វីដែលខ្ញុំរកឃើញគឺមានការកើនទ្បើងដូចជាឧកញ៉ាកាន់តែធ្វើទ្បើងៗគឺដឹកឈើនៅចំពោះមន្រ្តីរដ្ឋាភិបាលតែម្តងពីមុននៅមានការលួចលាក់ឬក៏មានសូកលូយសូកកាក់ខ្លះ តែឥលូវគឺដាក់ឈើទំាងថ្ងៃតែម្តងគ្មានរណាឈឺក្បាលវិលមុខអីនោះទេគឺដឹកឈឺគគ្រឹកគគ្រេងតែម្តង។

អ្នកជំនាញព្រៃឈើរូបនេះបានអំពាវនាវសុំឱ្យអន្តរជាតិជួយស្ដារព្រៃឈើឱ្យទាន់ពេលវេលា បើពុំនោះទេអាចវិនាសឆាប់ៗនេះ។

តែលោករដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាក់ថាប្រសិនបើគ្មានការចូលរួមពីដៃគូពាក់ព័ន្ធនោះទេ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើក៏មិនធ្លាក់ចុះនោះដែរ។

លោកសាយ សំ        អាល់ ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទំាងអស់ទំាងក្រសួងស្ថាប័នពាក់ព័ន្ធបណ្តាញសហគមន៍ និងអង្គការសង្គមស៊ីវិលទំាងអស់ត្រូវបន្តសហការគ្នាបន្ថែមទៀតដើម្បីឱ្យភាពរេចរឹលព្រៃឈើកាន់តែធ្លាក់ចុះបន្ថែមទៀត។

បើតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន តាមការព្យាករណ៍ក្នុងរយៈពេល២ឆ្នំាខាងមុខទៀត អត្រាភាពរេចរិលធនធានព្រៃឈើនឹងបន្តធ្លាក់ចុះជាបន្តទៀតដោយសារប្រសិទ្ធភាពៃការអនុវត្តកំណែទម្រង់លើការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមពីសហគមន៏មូលដ្ឋានពីកម្លំាងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។

ក្រសួងបរិស្ថានបានបង្កើតតំបន់ការពារធម្មជាតិថ្មីចំនួន ២៤កន្លែង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន៣កន្លែង។

ប្រព័ន្ធតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជាមាន ៥១កន្លែង និងរបៀងជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ៣កន្លែង ដែលគ្របដណ្តប់លើផ្ទៃដីប្រទេសប្រមាណ ៧, ៥ លានហិចតា ស្មើនឹង៤១% នៃផ្ទៃដីទូទំាងប្រទេស៕

គួរជម្រាបជូនដែរថា ក្រសួងបរិស្ថានកំពុងសិក្សាអំពីសក្តានុពលជីវៈចម្រុះ និងធនធានធម្មជាតិដើម្បីបង្កើតតំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀតដូចជា សរសរសត្តម្ភសត្វតោ ខេត្តក្រចេះ ភ្នំនាងកង្រី ភ្នំទូកមាស ខេត្តកំពង់ឆ្នំាង ព្រៃសហគមន៏សង្ឃរុក្ខវ័ន ខេត្តឧត្តមានជ័យ ភ្នំប្រំាពីរ ខេត្តបាត់ដំបង ប្រាសាទកោះកេរត្តិ៍ ខេត្តព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ។

Share

ព័ត៌មានទាក់ទង

Image