ភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់កម្មករ កម្មការិនី កម្ពុជាថា បើសហគមន៍អន្ដរជាតិ កាត់បន្ថយការបញ្ជាទិញទំនិញពីកម្ពុជា គឺជាកំហុសរបស់បក្សប្រឆាំង ដែលតែងតែដើរអំពាវនាវឲ្យអន្ដរជាតិផ្ដាច់ជំនួយ និងបិទទីផ្សារនាំទំនិញពីកម្ពុជា។ ករណីនេះ អតីតប្រធានគណបក្សប្រឆាំងបក្សកាលពីថ្មីៗនេះ បានអះអាងថា សហគមន៍អន្តរជាតិនឹងមានវិធានការលើកម្ពុជា ព្រោះតែទង្វើបក្សកាន់អំណាច។ លោក លៀ ស៊ីណា រាយការណ៍ ៖
សហគមន៍អន្ដរជាតិ មានជាអាទិ៍ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រទេសស៊ុយអែត បានប្រកាសជំហររបស់ខ្លួនថា នឹងមានវិធានការ ដាក់ទណ្ឌកម្ម លើប្រទេសកម្ពុជា បើកម្ពុជា មិនផ្ដល់ឱកាសឲ្យបក្សប្រឆាំងរស់ឡើងវិញ។ ទំនងសាររបស់អន្ដរជាតិទាំងពីរនេះ បាននាំឲ្យប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកាសប្រាប់ពលរដ្ឋ និង កម្មករ កម្មការិនីថា បើអន្ដរជាតិដាក់ទណ្ឌសេដ្ឋកិច្ច លើកម្ពុជា គឺ ជាកំហុសរបស់គណបក្សប្រឆាំង។ ការថ្លែងរបស់សម្ដេច ហ៊ុន សែន ដូច្នេះគឺនៅចំពោះមុខ កម្មករ កម្មការិនី ក្នុងតំបន់ឧស្សាហកម្មមួយ នៅខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២២ វិច្ឆិកានេះ។
សម្ដេច ហ៊ុន សែន បានថ្លែងប្រាប់កម្មករ ថា អ្វីៗដែលពួកគេមាននៅក្នុងដៃសព្វថ្ងៃនេះ គឺជាការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ហើយមិនមែនបានមកដោយសារតែគណបក្សប្រឆាំងនោះទេ។ ត្រង់នេះ ទំនងសម្ដេច សំដៅដល់គណបក្សសង្គ្រោះជាតិដែលទើបតែត្រូវបានតុលាការកំពូលចេញសាលដីកា រំលាយកាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងទៅនេះ។
សម្ដេចនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា គណបក្សប្រឆាំងមិនបានធ្វើអ្វីក្រៅពីដើរអំពាវនាវឲ្យបរទេស បញ្ឈប់ការទិញទំនិញពីកម្ពុជានោះទេ ដែលសម្ដេចថា នេះមិនមែនធ្វើបាបលោកទេ តែកំពុងធ្វើបាបកម្មករ កម្មការិនី កម្ពុជា។ សម្ដេច ហ៊ុន សែន ៖«ក្មួយៗចាំឲ្យច្បាស់ បើមានការកាត់បន្ថយការបញ្ជាទិញណាមួយ គឺជាកំហុសរបស់ពួកបក្សប្រឆាំង វាមិនមែនស្លាប់ ហ៊ុន សែន ទេ តែវាស្លាប់កម្មករ គឺស្លាប់ក្មួយៗនេះឯង ក្មួយៗត្រូវចាំទុក»។
តែយ៉ាងណាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នឹងមិនរាំងស្ទះឡើយ ព្រោះកម្ពុជាមានទំនាក់នងជាដៃគូពាណិជ្ជកម្មជាមួយប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្ដរជាតិ។
ប្រសាសន៍របស់សម្ដេច ហ៊ុន សែន នៅថ្ងៃនេះ ក៏ទំនងជាការឆ្លើយតបទៅកាន់ ការថ្លែងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិ ដ៏ល្បីឈ្មោះមួយរូបគឺ លោក សម រង្ស៊ី ដែលបានថ្លែង ក្នុងកិច្ចប្រជុំមួយជាមួយពលរដ្ឋខ្មែរ អាមេរិក នៅជាយរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៧។ ក្នុងឱកាសនោះ លោកលោក សម រង្ស៊ី បានថ្លែងថា អ្វីដែលប្រមុខរដ្ឋាភិបាល កំពុងធ្វើនាពេលនេះ គឺនឹងនាំឲ្យកម្ពុជាបាត់បង់ទីផ្សារនាំចេញសម្លៀកបំពាក់ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេស បានប្រាប់ពលរដ្ឋខ្មែរ រស់នៅអាមេរិកថា ពេលនេះសហរដ្ឋអាមេរិកបានកំពុងរៀបចំ ដាក់ទណ្ឌកម្មលើកម្ពុជា ព្រោះតែមេដឹកនាំកម្ពុជា បានកំពុងធ្វើសកម្មភាពដែលខុស គឺការប្រឆាំងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក សម រង្ស៊ី ៖«ឥទ្ធិពលអាមេរិកគឺខ្លាំងណាស់ ព្រោះឧស្សាហកម្មហ្នឹងគឺលក់ ធំជាងគេលើពិភពលោកគឺ អ៊ឺរ៉ុប និង សហរដ្ឋអាមេរិក គឺលោកសេរីទាំងអស់ អត់មានកុំមុយនីស កុំថា ឲ្យចិន សុំជួយទិញផង អត់មានទិញឥវ៉ាន់ពីយើងទេ ចិនផលិត ខោ អាវ ស្បែងជើង មកលក់នៅ អ៊ឺរ៉ុប និងអាមេរិក ដូចតែស្រុកខ្មែរអញ្ចឹង»។
រយៈពេលចុងក្រោយនេះ សហគមន៍អន្ដរជាតិ បានបង្ហាញប្រតិកម្មថ្កោលទោសកម្ពុជាជាបន្ដបន្ទាប់ និង ព្រមានដាក់ទណ្ឌកម្ម កម្ពុជា ករណីដែលបានរំលាយគណបក្សសង្គ្រោះជាតិ។ សហគមន៍អន្ដរជាតិទាំងនោះរួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ប្រទេសស៊ុយអែត ប្រទេសអូស្ត្រាលី អង្គការសិទ្ធិមនុស្សអន្តេរជាតិ Human Rights Watch អង្គការសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អង្គសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយចាត់ទុកថា ការរំលាយបក្សសង្គ្រោះជាតិ គឺជាការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ ដើរដល់ចំណុចគ្រោះថ្នាក់។
សហភាពអឺរ៉ុប និង អាមេរិក ជាទីផ្សារធំជាងគេនាំទំនិញពីកម្ពុជា ដោយមានទំហំពាណិជ្ជកម្ម ជាង៧០ភាគរយ។ ទំនិញពីកម្ពុជា ច្រើនជាងគេទៅទីផ្សារអឺរ៉ុប និង អាមេរិក គឺសំលៀកបំពាក់ និង ស្បែងជើងដែលកម្មករជាង ៨០ម៉ឺននាក់កំពុងទទួលបានផលប្រយោជន៍ពីវិស័យនេះ៕