en     km
en     km

ក្រសួងបរិស្ថានគ្រោងបង្កើតក្រុមស៊ើបអង្កេតដីធ្លីចុះទៅខេត្តព្រះវិហារ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ​ សំអាល់ គ្រោងបង្កើតគណៈកម្មការមួយក្រុមដើម្បីចុះទៅស៊ើបអង្កេតករណីភាពមិនប្រក្រតីរឿងដីធ្លីដែលគេសង្ស័យថាមានជនខិលខូច ទន្រ្ទានយកដីរដ្ឋរស់នៅខុសច្បាប់នៅខេត្តព្រះវិហារ។ ការថ្លែងនេះធ្វើទ្បើងក្នុងវេទិកាស្តីពី «ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៏មូលដ្ឋាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ» នាព្រឹកថ្ងៃទី២២ វិច្ឆិកា ឆ្នំា២០១៧នេះ នៅទីស្តាការក្រសួងបរិស្ថាន។

រូបភាព៖ ជួន សារ៉េត

 

គេសង្កេតឃើញថាទំនាស់រឿងដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជន  ក៏ដូចជាការទន្ទ្រានយកដីរដ្ឋទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែងតែកើតទ្បើងម្តងហើយម្តងទៀត បើទោះបីជារាជរដ្ឋាភិបាល និងគ្រប់បណ្តាអង្គការ សហគមន៍ និងដៃគូពាក់ព័ន្ធផ្សេងៗទៀតខិតខំដោះស្រាយយ៉ាង ណាក៏ដោយ ក៏នៅតែកើតមានដដែល។

នៅក្នុងវេទិកាអំពី «ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៏មូលដ្ឋាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ»  បណ្តាញសហគមន៍ព្រៃទ្បង់ប្រចំាខេត្តព្រះវិហារ គឺ អ្នកស្រី ភោគ ហុង បានលើកទ្បើងថា មានអ្នកមានលុយមួយចំនួនបានទន្រ្ទានយកដីរដ្ឋសាងសង់ផ្ទះដែលជាតំបន់ព្រៃអភិរក្សដែលក្រសួងបរិស្ថានកំពុងគ្រប់គ្រង។ អ្នកស្រី ភោគ ហុង បន្តថា ការទន្រ្ទានយកដីរដ្ឋនេះពុំមែនជាដីសម្បទានរបស់រាជរដ្ឋាភិបាលដែលប្រគល់ទៅឱ្យពួកគេនោះទេ។

តំបន់ដែលគេកំពុងតែសង្ស័យថាមាន អ្នកមានលុយទៅសាងសង់ផ្ទះខុសច្បាប់នោះគឺស្ថិតនៅក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះ វិហារ ដែលស្ថិតនៅក្នុងតំបន់ព្រៃទ្បង់ជាតំបន់ព្រៃអភិរក្ស។

អ្នកស្រីភោគ ហុង អះអាងថារហូតមកដល់ពេលនេះនៅក្នុងតំបន់នោះមានផ្ទះប្រមាណ១០ ផ្ទះហើយដែលបានសាងសង់ ហើយការសាង សង់នេះក៏មានការចុះហត្ថលេខាពីមេឃុំផងដែរ។ ស្រ្តីបណ្តាញសហគមន៏ព្រៃទ្បង់រូបនេះបន្តថាការសាងសង់ផ្ទះក្នុងតំបន់ព្រៃទ្បង់នេះនឹងធ្វើឱ្យប៉ះពាល់ដីស្រែចំការរបស់ប្រជាពលរដ្ឋ ក៏ដូចជាប៉ះពាល់ដល់ការប្រកបរបររកស៊ីនៅក្នុងព្រៃរបស់ពលរដ្ឋ និងជនជាតិដើមភាគតិច។

អ្នកស្រីភោគ ហុង ៖«ខ្ញុំសំណូមពរដើម្បីរកវិធីសាស្រ្ត ឬដំណោះស្រាយរបៀបណាដើម្បីអាចទប់ស្កាត់បាន សំណូមពរឱ្យឯកឧត្តមសាយសំអាល់ផ្ទាល់ឱ្យលោកជួយចាត់វិធានការយ៉ាងមិចដើម្បីទប់ស្កាត់បាន ទៅនឹងព្រៃហ្នឹងវាធ្វើទៅវាប៉ះពាល់ដល់តំបន់ព្រៃការពារ ប៉ះពាល់ដល់មុខរបររបស់ប្រជាពលរដ្ឋដែលគាត់រស់នៅទីនោះ»។

ជុំវិញរឿងនេះប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក អ៊ា សុខា ទទួលស្គាល់ថាពិតជាមានរឿងនេះកើតទ្បើងពិតប្រាកដមែន ។

តែលោក អ៊ា សុខា អះអាងថាជុំវិញរឿងនេះនៅមានភាពទាន់សហការគ្នារវាងមន្រ្តីពាក់ព័ន្ធទើបធ្វើឱ្យមានភាពមិនប្រក្រតីកើតទ្បើង។

លោក អ៊ា សុខា «ដូចលោកស្រីភោគ ហុង លើកទ្បើងគឺវាមានការចុះហត្ថលេខាដោយមេឃុំ ហើយខាងការរិយាល័យដែនដីនៃស្រុករវៀងហ្នឹងហើយក៏ឱ្យនាយកដែនជំរកសត្វព្រៃឱ្យចុះហត្ថលេខា តែខ្ញុំថាយើងមិនអាចចុះទៅលើហ្នឹងបានទេគឺត្រូវការស្នើទៅលើ អញ្ចឹងការស្នើសុំនោះត្រូវបានអភិបាសស្រុកចុះហត្ថលេខា ការស្នើសុំលើកទី០១គឹអភិបាលខេត្តចាស់ទេគាត់ចុះហត្ថលេខាដល់ពេលបានឯកសារហ្នឹងគឹតំណាងអ្នករត់ការហ្នឹងគាត់ធ្វើការបែងចែកនៅយើងតែមុខតែម្តង»។

លោកបានរៀបរាប់ពីការលំបាកមួយចំនួន ដែលសមត្ថកិច្ច របស់ជួបប្រទះ។ លោក អ៊ា សុខា ៖«បច្ចុប្បន្ននេះគឺមានទំាងកងកម្លំាប្រដាប់អាវុធទៅឈរជើង ហើយមានការបែងចែក ដែលមន្រ្តីយើងមានការលំបាកមែនទែន ជាក់ស្តែងយើងមិនអាចរៀបរយហ្នឹងយើងត្រូវពី សណ្តាន់យើងអត់ធ្វើដំណើរពីស្រុករវៀងបានទេចឹងគ្នាទៅហ្នឹងមានការប្រទំាងប្រទិសគ្នារហូតមានការផ្ទុះហិង្សា កើតហេតុនៅហ្នឹងទៀតផង»។

ឆ្លើយតបនឹងការលើកទ្បើងនេះរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បញ្ជាក់ថាសំណុំរឿងនេះនៅមានភាពស្មុគ្រស្មាញច្រើននៅទ្បើយ។ការណ៍នេះលោករដ្ឋមន្រ្តី រូបនេះគ្រោងបង្កើតគណៈកម្មការមួយនាពេលខាងមុខដើម្បីចុះទៅស៊ើបអង្កេតភាពមិនប្រក្រតីដែលបានកើតទ្បើងនេះ។លោក សាយ សំអាល់៖«​​រឿងនេះស្មុគ្រស្មាញណាស់ ខ្ញុំនឹងបង្កើតក្រុមការងារមួយចុះទៅត្រូតពិនិត្យមើលឱ្យច្បាស់ ស្តាប់មើលទៅដូចជាអត់មានច្បាប់ អត់មានអីទេ ប្រហែលជាបុគ្គលណាមួយគាត់ចង់ធ្វើរឿងខិល ហើយករណីខ្ញុំមើលទៅដូចជាមិនសូវស្រួលខ្ញុំនឹងរៀបចំការងារទៅពិនិត្យ »ហើយធ្វើការងារជាមួយក្រសួងមហាផ្ទៃ និងក្រសួងដែនដីចុះដោះស្រាយ»។

គួររម្លឹកថា កាលពីឆ្នំា២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យមួយដោយសម្រេចបង្កើតដែនជម្រកសត្វព្រៃ ដែលស្ថិតនៅក្នុងតំបន់ព្រៃទ្បង់។ តំបន់នេះ មានផ្ទៃដីទំហំ ប្រមាណ ៤៣១.៦៨៣ហិចតា ស្ថិតនៅទីតំាងភូមិសាស្រ្ត ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ធំ ក្នុងគោលបំណងដើម្បីចូលរួមថែទំាងដែនជម្រកសត្វព្រៃកម្ពុជា ព្រមទំាងការពារជីវចម្រុះ និងប្រព័ន្ធអេកូទ្បូស៊ី ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាពជាដើម៕

Share

Image
Image
Image