ភ្នំពេញ៖យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកានេះ កំណើននៃការនាំចេញស្បែកជើង គ្រឿងម៉ាស៊ីនអគ្គសនី បរិក្ខារនិងគ្រឿងបន្លាស់យានយន្តបានជួយរក្សាភាពរឹងមាំសេដ្ឋកិច្ចកម្ពុជា។
របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោកនេះកត់សម្គាល់ថា ការនាំចេញសម្លៀក បំពាក់និងផលិតផលវាយណភ័ណ្ឌមានបរិមាណមធ្យម។ទោះបីយ៉ាងណាកំណើនលើការនាំចេញប្រភេទទំនិញផ្សេងទៀតនិងលំហូរចូលនៃវិនិយោគទុនពីបរទេសមានភាពវិជ្ជមាន។របាយការណ៍នេះបញ្ជាក់ថាកំណើនសេដ្ឋកិច្ចពិតប្រាកដគេរំពឹងថានឹងនៅតែមានភាពរឹងមាំគឺ៦,៩ភាគរយនៅក្នុងឆ្នាំ២០១៨។
លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជាបានឲ្យដឹងថាការបោះជំហានឈានឡើងក្នុងខ្សែសង្វាក់តម្លៃវិស័យកម្មន្តសាលមានការកើនឡើងនេះគឺជាការអភិវឌ្ឍប្រកបដោយក្តីសង្ឃឹម។
លោកស្រីបន្ថែមថាដើម្បីទទួលបានជោគជ័យក្នុងការបង្កើនការវិនិយោគនិងពង្រីកការនាំចេញច្រើនប្រភេទទំនិញកម្ពុជានឹងចាំបាច់ត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធឲ្យស៊ីជម្រៅជាងនេះនិង ជួយដោះស្រាយទៅនឹងថ្លៃចំណាយខ្ពស់លើអគ្គិសនី ភស្តុភារ និងគម្លាតនៃជំនាញ។
ទោះបីយ៉ាងណារបាយការណ៍ធនាគារពិភពលោកស្នើឲ្យរដ្ឋាភិបាលបង្កើនសក្តានុពលវិស័យទេចរណ៍តាមរយៈការបង្កើនតំបន់គោលដៅនិងផលិតផលសម្រាប់អ្នកទេសចរណ៍និងផ្សាភ្ជាប់ទំនាក់ទំនងគ្រួសារនៅជនបទទៅនិងខ្សែសង្វាក់ផ្គត់ផ្គង់វិស័យទេចរណ៍។
របាយការណ៍របស់ធនាគារនេះក៏បានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមទៀតដល់កសិករដែលទទួលរងផលប៉ះពាល់ដោយតម្លៃកសិផលធ្លាក់ចុះពិសេសរដ្ឋាភិបាលត្រូវស្វែករកទីផ្សារកសិផលនិងបង្កើនផលិតកម្មឲ្យច្រើនប្រភេទ៕