en     km
en     km

ក្រសួងយុត្ដិធម៌​ ៖​ ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​គឺជា​ការ​ការពារ​ឆន្ទៈ​ពលរដ្ឋ​

Share

​ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​ក្រសួងយុត្ដិធម៌​បាន​ថ្លែង​ ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​តុមូល​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​ នា​ថ្ងៃ​ទី​២១​ វិច្ឆិកា​នេះ​ ថា​ ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺជា​ការ​ការពារ​ឆន្ទៈ​ពលរដ្ឋ​ ហើយ​ការ​រំលាយ​នេះ​មិនមែន​ជា​ការ​នាំ​លទ្ធិប្រជា ធិបតេយ្យ ​ដើរ​ថយក្រោយ​នោះ​ដែរ​។​

លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្ដិធម៌

 

​លោក​ គឹ​ម​ សន្ដិភាព​ អ្នកនាំពាក្យ​ក្រសួងយុត្ដិធម៌​បាន​ថ្លែង​ដូចនេះ​ក្នុង​កម្មវិធី​ កិច្ច​ពិភាក្សា​តុមូល​នៅ​រាជបណ្ឌិត​សភាកម្ពុជា​ ក្រោម​ប្រធានបទ​ “​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្រោយ​អវត្ដមាន​គណបក្ស​សង្គ្រោះ​ជាតិ​”​។​ លោក​បាន​បញ្ជាក់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​សំអាង​ហេតុ​ថា​ ដោយសារ​តែ​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​នេះ​ បាន​ប្រព្រឹត្ដិ​បទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៦​ថ្មី​ មាត្រា​ ៧​ និង​មាត្រា​ មួយ​ចំនួន​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​។​

​បន្ថែម​លើ​នេះ​អ្នកនាំពាក្យ​ក្រសួងយុត្ដិធម៌​ថ្លែង​ថា​ លោក​ កឹ​ម​ សុខា​ បាន​ប្រព្រឹត្ដ​ល្មើសច្បាប់​ហើយ​មិន​អាច​ចាប់​យក​ប្រជាពលរដ្ឋ​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នេះ​ ជាង​ ៣​លាន​នាក់​មក​ធ្វើ​ជា​ចំណាប់ខ្មាំង​ រារាំង​ដល់​ការ​អនុវត្ដ​ច្បាប់​នោះ​ទេ​។​ លោក​ គឹ​ម​ សន្ដិភាព​ ៖«​ផ្ទុយ​ទៅ​វិញ​ការ​រំលាយ​នេះ​ គឺជា​ការ​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​នៅ​សេចក្ដីសុខ​ សម្រាប់​ក្នុង​សង្គម​ និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ ដូច្នេះ​ការ​អនុវត្ដ​ច្បាប់​គឺជា​ការ​ធានា​បាន​នូវ​គោលបំណង​របស់​ប្រជាពលរដ្ឋ​»​។​

​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ក្រសួងយុត្ដិធម៌​។​ លោក​បន្ថែម​ថា​ សាលដីកា​របស់​តុលាការ​កំពូល​ពុំ​មែន​ជា​ការ​រំលោភ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ឡើយ​ ផ្ទុយ​ទៅ​វិញ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ដែល​បាន​រំលោភ​លើ​ឆន្ទៈ​ពលរដ្ឋ​ ដោយ​លោក​លើ​ហេតុ​កាលពី​ឆ្នាំ​២០១៣​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​លទ្ធផល​បោះ​ឆ្នោត​ហើយ​បង្ក​ឲ្យ​មាន​បាតុកម្ម​។​

​ជាង​នេះ​អ្នកនាំពាក្យ​បក្ស​ប្រជាជន​បាន​សង្កត់ធ្ងន់​ថា​ កា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​មិនមែន​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​ ឬ​ក៏​នាំ​លទ្ធិប្រជាធិបតេយ្យ​ ដើរ​ថយក្រោយ​នោះ​ទេ​។​ លោក​ សុខ​ ឥ​សាន្ដ​៖«​បរិបទ​ដែល​គណបក្ស ប្រឆាំង​ត្រូវ​បាន​រំលាយ​ គឺថា​ លទ្ធិប្រជាធិបតេយ្យ​អត់​មាន​ស្លាប់​ អត់​មាន​តូច​ចង្អៀត​ អត់​មាន​ដើរ​ថយក្រោយ​ ដូច​អ្នកខ្លះ​និយាយ​នោះ​ទេ​»​។​

​មិន​ខុស​គ្នា​ដែរ​ ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​លោក​បណ្ឌិត​ សុខ​ ទូច​ បាន​ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ថា​ ប្រទេស​នីមួយៗ​គឺ​មានច្បាប់​ដែល​សម្រាប់​គ្រប់គ្រង​ប្រទេស​ ហើយ​ចំពោះ​និយម​ន័យ​លទ្ធិប្រជាធិបតេយ្យ​ប្រទេស​លើ​ពិភពលោក​បាន​ឲ្យ​និយម​ន័យ​ខុស​គ្នា​។​ លោក​បណ្ឌិត​ សុខ​ ទូច​ អះអាង​ថា​ បើ​ទោះជា​រំលាយ​គណបក្សប្រឆាំង​មួយ​ គឺ​មាន​គណបក្សប្រឆាំង​ជា​ច្រើន​ទៀត​ ហើយ​ការ​អនុវត្ដ​ច្បាប់​គឺ​មិនមែន​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នោះ​ឡើយ​។​

​លោក​ សុខ​ ទូច​ ៖«​បើសិនជា​កម្ពុជា​ ដើរ​លទ្ធិប្រជាធិបតេយ្យ​ថយក្រោយ​ វា​ដរាបណា​ កម្ពុជា​លុប​រដ្ឋធម្មនុញ្ញ​ចោល​ ជា​ ឯក​បក្ស​ បើ​កម្ពុជា​នៅ​លទ្ធិ​សេរី​ពហុបក្ស​ទេ​ លទ្ធិប្រជាធិបតេយ្យ​នៅ​តែ​ដើរ​»​។​

​ដោយឡែក​លោក​ កន​ សាវា​ង្ស​ មន្ត្រី​អង្កេត​ជាន់ខ្ពស់​ នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ ខុមហ្វ្រែល​ មិន​យល់​ស្រប​តាម​ការ​បកស្រាយ​របស់​មន្ត្រី​បក្ស​កាន់​អំណាច​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​ ការ​រំលាយ​បក្ស​ប្រឆាំង​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ ជាង​ ៣​លាន​នាក់​នោះ​គឺជា​ការ​រំលោភ​ ធ្ងន់ធ្ងរ​ឆន្ទៈ​របស់​ពលរដ្ឋ​ ហើយ​ការយក​អាសនៈ​បក្ស​ប្រឆាំង​ ក៏​មិន​ស្របច្បាប់​ដែរ​។​

​លោក​ កន​ សាវា​ង្ស​ ៖«​ជា​ធម្មតា​តំណាងរាស្ដ្រ​ទាំងអស់​ត្រូវ​កើតឡើង​ ដោយសារ​តែ​ប្រជាពលរដ្ឋ​ជា​អ្នកបោះឆ្នោត​ជួន​ អ​ញ្ចឹ​ង​បាន​ន័យ​ថា​ ការ​ទម្លាក់​វិញ​ ក៏​ដោយ​ប្រជាពលរដ្ឋ​ដែរ​»​។​

​ករណី​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នេះ​ សហគមន៍​អន្ដរជាតិ​មាន​ដូច​ជា​ សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ ប្រទេស​អូស្ត្រាលី​ ប្រទេស​ស៊ុ​យ​អែ​ត​ អង្គការសិទ្ធិមនុស្ស​អន្តេរ​ជាតិ​ Human​ Rights​ Watch​ អង្គការ​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ អង្គ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ ដោយ​ចាត់​ទុក​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ ថា​ ជា​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ ដើរ​ដល់​ចំណុច​គ្រោះថ្នាក់​។​

​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ប្រកាស​ថា​ នឹង​មាន​វិធានការ​ ដាក់​ទណ្ឌកម្ម​ លើ​ប្រទេស​កម្ពុជា​ បើ​កម្ពុជា​ មិន​ផ្ដល់​ឱកាស​ឲ្យ​បក្ស​ប្រឆាំង​រស់​ឡើង​វិញ​។​ តែ​បែប​នេះ​ក្ដី​ ប្រទេស​ ចិន​ បាន​គាំទ្រ​ គោលនយោបាយ​ របស់​បក្ស​កាន់​អំណាច​ ដែល​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ស្ថិរភាព​សង្គម​ ។​ ក្រុង​ប៉េ​កាំ​ង​សង្ឃឹមថា​ ការ​បោះ​ឆ្នោត​ឆ្នាំ​ក្រោយ​នេះ​ នឹង​មាន​ភាព​រលូត​៕​

Share

ព័ត៌មានទាក់ទង

Image