ក្រុងភ្នំពេញ៖ យ៉ាងតិចណាស់ សមាជិកជាន់ខ្ពស់ ៣រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប )ដែលមកពីកូតាគណបក្សសង្រ្គោះជាតិ បានលាលែងពីតំណែង។ ករណីនេះនាំឱ្យ មានការចោទសួរពីជំនឿទុកចិត្តពីម្ចាស់ឆ្នោតនិង សហគមន៍អន្តរជាតិ។ យ៉ាងនេះក្ដីអ្នកនាំពាក្យ គ.ជ.ប បានអះអាងថានឹងមានកូតាគណបក្សផ្សេងទៀតមកជំនួស។
ព័ត៌មាននេះរាយការណ៍ដោយលោកសេរី វឌ្ឍនៈ ៖
ក្រោយពីតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិបាន ៥ ថ្ងៃ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៣ រូប ដែលក្នុងនោះមាន អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និង លោកស្រី តែ ម៉ាន់នីរ៉ុង បានដាក់លិខិតទៅប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៧ នេះ ដោយសម្រេចលាឈប់ពីមុខតំណែងរបស់ពួកគេ។
ក្នុងនោះលោក រ៉ុង ឈុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផ្តល់បទសម្ភាសដល់វិទ្យុស្ត្រីថា មូលហេតុដែលលោកចាកចេញ និង លាលែងនេះ បណ្តាលមកពីជំហរឆន្ទះ របស់លោកទៅលើ ប្រជាពលរដ្ឋជាង ៣ លាននាក់ ព្រោះថា ការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានក្រុមប្រឹក្សា-ឃុំសង្កាត់ស្រុកខណ្ឌខេត្តក្រុង ជាង ៦០០០នាក់ គឺស្មើនិងរំលាយសម្លេងរបស់ប្រជាពលរដ្ឋទាំងនោះ។
លោកបានបន្ថែមថា បើលោកនៅបន្តធ្វើការងារនេះទៀត មានន័យថា លោកចូលរួម បំផ្លាញឲឆន្ទៈរបស់ពលរដ្ឋជាម្ចាស់ឆ្នោត។
ដោយឡែកលោកហង្សពុទ្ធា អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ថា បើទោះបីពុំមានវត្តមាន របស់សមាជិកទាំង ៣ រូប ក៏ដោយក៏ពុំមានឥទ្ធិពលអ្វីប៉ះពាល់ដល់ដំណើរការបោះឆ្នោត ឆ្នាំ ២១០៨ ខាងមុខនេះទេ។ លោក បន្ថែមថាអវត្តមានអ្នកទាំងបីពិតមែនតែអាចនឹងមានកូតាពីគណៈបក្សផ្សេងមកជំនួស។
លោក យឿង សុធារ៉ា មន្រ្តីផ្នែកច្បាប់ នៃអង្គការខុមហ្រ្វែល បានបង្ហាញទស្សនៈរបស់ខ្លួនថា គ.ជ.ប គឺជា ស្ថាប័នដែលមានតុល្យភាពអំណាចមកពីគណបក្សដែលមានអាសនៈនៅរដ្ឋសភា។ លោកថាក្រុមមួយ មកពីបក្សកាន់អំណាច ក្រុមមួយទៀតមកពី គណបក្សប្រឆាំង។ លោកគិតថាករណីក្រុមបានលាលែង ដោយបុព្វហេតុបំពេញតួនាទីរបស់ពួកគេមិនកើត គឺជា ចំណោទមួយ ធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិព្រួយបារម្ភអំពី ដំណើរការបោះឆ្នោត ដែលមិនមានទំនុកចិត្ត។
សូមជម្រាបថាសមាសភាពគណបក្សសង្រ្គោះជាតិដែលធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងនយោបាយ មាន៤រូប។លោក ហ៊ីង ធីឬទ្ធិដែលមកពីកូតា គណបក្សប្រឆាំងនេះមិនបានលាលែងពីតំណែងនោះទេ។ លោកបានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃអាទិត្យទី១៩វិច្ឆិកាដោយច្រានចោលពាក្យចចាមអារ៉ាមថា លោកបានលែងលែងពីគ.ជ.ប។ លោកអះអាងថាលោកនៅបន្តតំណែងរបស់លោកដើម្បី បម្រើអ្នកបោះឆ្នោតនិងបក្សនយោបាយនៅក្នុងការបោះឆ្នោត។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលបានការជួយកែទម្រង់ ពីសហភាពអឺរ៉ុប ជប៉ុន និងអាមេរិក៕