en     km
en     km

កម្ពុជាបញ្ចុះបញ្ចូលអូស្ត្រាលីឱ្យជួយនាំអង្ករពីកម្ពុជា

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ លោក វេង សាខុន បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនអន្តរជាតិប្រចំានៅអូស្រ្តាលី ដើម្បីទាក់ទាញការនំាចេញអង្ករពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី។ នេះបើតាមទំព័រហ្វេសប៊ុរបស់ក្រសួងកសិកម្មនចុះផ្សាយនាថ្ងៃទី២០ វិច្ឆិកា​ ឆ្នំា២០១៧។

ប្រភពរូប៖ក្រសួងកសិកម្ម

នាពេលបច្ចុប្បន្នកម្ពុជាពឹងផ្អែកទីផ្សារនំាចេញអង្ករទៅកាន់សហភាពអឺរ៉ុប បារាំង និងចិន ច្រើនជាងគេ តែទោះបីជាយ៉ាងនេះក៏ដោយគេសង្កេតឃើញក្រសួងស្ថាប័នពាក់ព័ន្ធក៏ខិតខំស្វែងរកទីផ្សារនំាអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសផ្សេងៗទៀត។

ដោយសាររឿងនេះ កាលពីថ្ងៃទី២០ វិច្ឆិកា ឆ្នំា២០១៧ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនំាគណៈ ប្រតិភូកម្ពុជាមួយក្រុម ក្នុងនោះមានប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធិវុធ ដើម្បីចូលរួមពិភាក្សាការងារជាមួយក្រុមហ៊ុន SunRice នៅទីស្នាក់ការកណ្តាលនាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

ការជួបពិភាក្សាការងារនេះធ្វើទ្បើងក្នុងគោលបំណងដើម្បីទាក់ទាញការនំាចូលអង្ករកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី។

អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក មូល សារិទ្ធិ បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីដឹងនារសៀលថ្ងៃទី២១ វិច្ឆិកា នេះថា តាមរយៈការជួបពិភាក្សារវាងកម្ពុជា និងក្រុមហ៊ុននៅអូស្រ្តាលីនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាកសិករកម្ពុជា។

លោក មូល សារិទ្ធិ បន្តថានេះជាលើកទីមួយហើយដែលកម្ពុជាបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ពិភាក្សាពីការការនំាចេញស្រូវអង្ករ និងការនំាយកបច្ចេកវិទ្យាទំនើបៗពីអូស្រា្តលីមកកម្ពុជាផងដែរ។

លោក មូល សារិទ្ធិ៖«ខ្ញុំគិតថាវាអាចទាញក្រុមហ៊ុនវិនិយោគ អាចទាញអ្នកវិនិយោគ អាចទាញអ្នកវិនិយោគមកធ្វើកសិកម្មនៅកម្ពុជា ហើយជាពិសេសគឺក្រុមហ៊ុនដែលគាត់ផលិតគ្រឿងចក្រ គ្រឿងយន្តមកស្រុកខ្មែរហ្នឹងវាអាចជួយទាក់ទាញវិស័យកសិកម្មនៅកម្ពុជាកាន់តែច្រើនផងដែរ អាហ្នឹងទាក់ទងការធ្វើទំនើបកម្ម។ ហើយមួយទៀតយើងអាចធ្វើការដំាដុះស្រូវនៅកម្ពុជាយើងហើយ យើងនំាចូលទៅអូស្រ្តាលីដារិចតែម្តងអញ្ចឹងយើងអាចជួនបង្កើនការនំាចេញរបស់កម្ពុជា»។

ក្រុមហ៊ុន SunRice ជាក្រុមហ៊ុនអន្តរជាតិមួយដែលផ្គត់ផ្គង់ចែកចាយស្រូវប្រមាណ១,២ លានតោន ស្មើនឹងអង្ករប្រមាណ ៧២,០ ០០០តោន ក្នុងមួយឆ្នំាទៅកាន់ទីផ្សារពិភពលោកចំនួន ៥០ប្រទេស សម្រាប់មនុស្សប្រមាណជាង ២០លាននាក់។

បច្ចុប្បន្នក្រុមហ៊ុន SunRice មានសមត្ថភាពផលិតស្រូវបានក្នុងស្រុកប្រមាណ ៦០០ពាន់តោន និងទាមទារឱ្យមានការនំាចូលពីបរទេសដើម្បីបំពេញតម្រូវការ។

នេះជាក៏ជាឱកាសមួយសម្រាប់កម្ពុជាក្នុងការបំពេញនូវតម្រូវការនេះខណៈកម្ពុជានៅសល់ស្រូវជាង ៥លានតោន នាឆ្នំាកន្លងមក។

គួរជម្រាបថា លក្ខខណ្ឌចំបងដែលជាតម្រូវការរបស់ក្រុមហ៊ុន SunRice ក្នុងការនំាអង្ករពីបរទេស គឺកត្តាគុណភាព និងស្ថិរភាពនៃការផលិត ព្រមទំាងភាពសុទ្ធនៃអង្ករ។

តាមរយៈការពិភាក្សានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នឹងសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីគំាទ្រដល់គោលនយោបាយជំរុញការនំាចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិឱ្យទទួលបានជោគជ័យ៕

 

Share

Image
Image
Image