ទោះជាលោក មូហ្គាបេ មិនព្រមចុះចេញពីតំណែងទៅតាមការដាក់ឱសានវាទត្រឹម ២៤ម៉ោងក៏ដោយ តែប្រធានាធិបតីហ្សិមបាវេ អាយុជិត ១០០ឆ្នាំរូបនេះ ត្រូវប្រឈមមុខនឹងការបណ្ដេញចេញពីអំណាចដោយសភាជិកសភានៅថ្ងៃចន្ទ ទី២០ វិច្ឆិកានេះ។
តាមបណ្ដាញផ្សាយព័ត៌មានរបស់ហ្សិមបាវេ បញ្ជាក់ថា លោក មូហ្គាបេ ក្រៅពីនឹងត្រូវបណ្ដេញពីតំណែងហើយ សភានឹងចោទប្រកាន់ លោក មួយករណីគឺការបំពាន់អំណាចរដ្ឋ។ តាមប្រភពដដែលលោក មូហ្គាបេ និង ក្រុមគ្រួសាររបស់លោក នឹងត្រូវរដ្ឋអាជ្ញាចោទប្រកាន់ថែមទៀតករណីពុករលួយ និង កឹបកេងទ្រព្យសម្បត្តិរដ្ឋ។
លោក មូហ្គាបេ ត្រូវបានរាយការណ៍ថា លោក និង គ្រួសាររបស់លោកមាន ទ្រព្យសម្បត្តិ ជាងមួយពាន់លានដុលា្លរអាមេរិក ដែលភាគច្រើនរក្សាទុកនៅក្រៅប្រទេស។ លោកមានសណ្ឋាគារដ៏ប្រណិតមួយនៅទីក្រុងហុងកុង ដែលមានតម្លៃ៤០ លានដុល្លារ និង មានកសិដ្ឋានដីរាប់សិបហិចតាចំនួន ១៤កន្លែង។
កាលពីថ្ងៃអាទិត្យទី១៩ វិច្ឆិកា ម្សិលមិញនេះ គណបក្ស Zanu PF របស់លោក បានបណ្ដេញលោកចេញពីបក្ស បន្ទាប់ពីប្រជាជនរាប់ម៉ឺននាក់ ធ្វើបាតុកម្មទាមទារលោកឱ្យចុះចេញពីតំណែង៕