សិង្ហបុរី៖ សិង្ហបុរីបានផ្អាករាល់សកម្មភាពពាណិជ្ជកម្មទាំងអស់ជាមួយកូរ៉េខាងជើង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ភា្នក់ងារគយសិង្ហបុរី។ ការសម្រេចនេះធ្វើឡើងស្របពេលដែលអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកបានស្វែងរកវិធានការតឹងតែងជាងមុនប្រឆាំងនឹងរដ្ឋមួយនេះ។
ក្រុមគយសិង្ហបុរីនិយាយថា ទំនិញដែលត្រូវនាំចេញទៅអោយកូរ៉េខាងជើងត្រូវបានហាមឃាត់ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា។ ជនល្មើសអាចត្រូវពិន័យឬជាប់គុករហូតដល់ ២ ឆ្នាំ ប្រសិននៅតែលួចជួញដូរទំនិញជាមួយកូរ៉េខាងជើងទៀតនោះ។
ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៨ ជាមួយកូរ៉េខាងជើងដែលចាប់ផ្តើមធ្វើប្រតិបត្តិជួញដូរកាលពីឆ្នាំ២០១៦។ ប៉ុន្តែពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងព្យុងយ៉ាង និងសិង្ហបុរីមានតែ ០.២% ប៉ុណ្ណោះ។
ភាគច្រើននៃពាណិជ្ជកម្មរបស់កូរ៉េខាងជើង ត្រូវបានធ្វើឡើងជាមួយប្រទេសចិនដែលជាអ្នកគាំទ្រសេដ្ឋកិច្ចដ៏ធំបំផុតរបស់ទីក្រុងព្យុងយ៉ាង។
ចុងក្រោយបំផុតនៃការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បានតម្រង់គោលដៅដល់ក្រុមហ៊ុននិងបុគ្គលមួយចំនួនរួមទាំងអាជីវកម្មពីរនាក់នៅសិង្ហបុរីផងដែរ។
នៅខែមករាឆ្នាំ ២០១៦ ក្រុមហ៊ុនសិង្ហបុរីមួយត្រូវបានពិន័យជាប្រាក់ចំនួន ១២៥.៧០០ ដុល្លារអាមេរិកក្នុងសកម្មភាពសម្រួលការដឹកជញ្ជូនអាវុធពីប្រទេសគុយបាទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីតុលាការរកឃើញថាក្រុមហ៊ុន Chinpo Shipping បានរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង។
តែទោះបីយ៉ាងណា ប្រទេសសិង្ហបុរីនៅតែរក្សាទំនាក់ទំនងការទូតជាមួយក្រុងព្យុងយ៉ាង ហើយរក្សាស្ថានទូតនៅក្នុងតំបន់ហិរញ្ញវត្ថុរបស់ខ្លួនដដែរ៕