តាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី១៨ ម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន ៦ អំពីការផ្ដល់ព័ត៌មានចាំបាច់មួយចំនួន ដើម្បីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាត់ចែងអនុវត្តការបែង ចែកអាសនៈដែលនៅទំនេរ ទៅតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ។
គណបក្សនយោបាយទាំង ៦នោះរួមមាន៖
១.គណបក្សហ្វ៊ុស៊ិនប៉ិច
២.គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
៤.គណបក្សខ្មែរឈប់ក្រ
៥.គណបក្សសញ្ជាតិកម្ពុជា
៦.គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
តាមលិខិតជូនដំណឹងនេះ គ.ជ.ប បានបញ្ចូនទៅដល់គណបក្សនយោបាយចំនួន ៥ រួចហើយ នៅថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។
ដោយឡែកគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យពុំទាន់បានទទួលលិខិតជូនដំណឹងនេះនៅឡើយទេ ដោយសារ គ.ជ.ប ទំនាក់ទំនងមិនបាន ហើយទីស្នាក់ការគណបក្សបិទទ្វារ និងមិនមានអ្នកប្រចាំការ។
តាមសេចក្ដីជូនដំណឹងរបស់គ.ជ.ប ដដែលនេះ បើសិនជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យបានទទួលព័ត៌មាននេះ សូមទំនាក់ទំនង គ.ជ.ប ដើម្បីបំពេញនូវព័ត៌មានអំពីបេក្ខជនក្នុងនីតិកាលទី ៥ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ២០១៣ របស់គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យផ្ញើជូនទៅ គ.ជ.ប អោយបានទាន់ពេលវេលាជាកំហិត។
គួរបញ្ជាក់ដែរថា ការបែងចែកអាសនៈដែលធ្វើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលនេះ ក្រោយពេលដែលគណបក្សសង្រ្គោះជាតិត្រូវបានប្រកាសរំលាយដោយសាលដីការបស់តុលាការកំពូលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕