ចិននិងហ្សិមបាវេ ស្ថិតនៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រ ហើយទ្វីបនៅទីទៃពីគ្នាទៀតផង។ តែនៅរយៈជាងមួយទសវត្សនេះ ចិនមានឥទិ្ធពលយ៉ាងខ្លាំងនៅទ្វីបអាហ្វ្រិក។ ប្រទេសជាច្រើននៅក្នុងទ្វីបដែលភាគច្រើនក្រីក្រនេះ បានទទួលផលប្រយោ ជន៍ពីចិនយ៉ាងខ្លាំងតាមរយៈប្រាក់កម្ចី និងប្រាក់ជំនួយក្នុងការអភិវឌ្ឍប្រទេស។ ចំពោះ ហ្សិមបាវេវិញ ជាប្រទេសក្រីក្រជាងគេ គឺប្រទេសនេះ ដឹកនាំបក្សតែមួយ របស់លោកប្រធានាធិបតីលោក Robert Mugabe ជិត៤០ឆ្នាំមកហើយ។ ជារឿងដ៏កម្រកើតមាន ស្រាប់តែលោក Mugabe ជាមេដឹកនាំស្និទ្ធនឹងប្រទេសចិន បែរជាត្រូវពួកយោធា រឹបអូសអំណាចទៅវិញ។ បណ្ដាញផ្សាយព័ត៌មានអន្តរជាតិល្បីមួយរបស់អាមេរិក បានចុះផ្សាយថារដ្ឋប្រហារយោធាកាលពីថ្ងៃទី ១៥ វិច្ឆិកា អាចចិននៅពីក្រោយ ។
ស្តាប់សំឡេង
បណ្ដាញផ្សាយព័ត៌មានអាមេរិក CNN បានចុះផ្សាយដោយដាក់ចំណងជើងថា«ចិនជាប់ពាក់ព័ន្ធការធ្វើរដ្ឋប្រហារនៅហ្សិមបាវេ ទម្លាក់ប្រធានាធិបតីអាយុ ៩៣ ឆ្នាំគឺលោក Robert Mugabe។
បណ្ដាញផ្សាយព័ត៌មានដ៏ល្បីនេះ បានចុះផ្សាយបន្តថា ទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពនៃប្រទេសហ្សិមបាវេឧត្តម Constantino Chiwenga មិនជារឿងធម្មតានោះទេ គឺជាការផ្ទៀងផ្ទាត់ឡើងវិញ វិនិយោគដ៏ធំរបស់ចិន នៅប្រទេសក្រីក្រមួយនេះ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ឧត្តមសេនីយបានជួបទាំង មេទ័ពចិនផងនិង មន្ត្រីបក្សកុម្មុយនិស្តផង។ ប៉ុន្មានថៃ្ងក្រោយ ពីត្រឡប់មកវិញ លោកឧត្តមសេនីយ Constantino Chiwenga ក៏បាន ជួបប្រជុំជាមួយមេទ័ពរបស់លោក ហើយយប់ថ្ងៃ អង្គារ ទី១៤ វិច្ឆិកាក៏ បានចល័តទ័ពចូលរដ្ឋធានី Harare ដោយ ឃុំខ្លួនលោក Mugabe និងភរិយារបស់លោកដែលគេថាជាអំពើរដ្ឋប្រហារមួយចិននៅពីក្រោយ។តែក្រសួងការបរទេសចិនបាន បដិសេធដោយអះអាងថាចិនមិនមានគោលការណ៍ណាមួយចូលពាក់ព័ន្ធរឿងនេះទេ។
ឥទ្ធិពលចិនធ្លាក់ចុះដោយសារគោលនយោបាយរបស់Mugabe មិនមានប្រជាប្រិយភាព
នៅក្នុងជំនួបមួយកាលពីខែ មករាឆ្នាំ២០១៧នេះ រវាងលោកMugabe និងលោក ប្រធានាធិបតីចិន Xi Jinping ដែលជំនួបនោះ មើលទៅដូចជាការជួបគ្នាចុងក្រោយរបស់មេដឹកនាំទាំង២នេះ។ លោក ស៊ីសរសើរ លោកMugabe ថាចាស់ហើយមានអំណាចក្នុងដៃទៀត។ តែទន្ទឹមនឹងនេះ លោកស៊ីថាមិត្តភាពរវាងចិននិងហ្សិមបាវេ នៅតែល្អប្រសើរនឹងគ្នា។ តែអ្វីនាំឱ្យកង្វល់ គឺក្រុមហ៊ុនចាប់ផ្ដើមធ្លាក់ចុះ ជាខ្លាំងនៅរយៈពេលចុងក្រោយនេះ។ ការធ្លាក់ចុះនេះទំនងមកពី ប្រព័ន្ធគ្រប់គ្រងមិនសូវមានប្រសិទ្ធភាព ដោយសារអំពើពុករលួយនិងការបែកចែកផលិតផលក្នុងស្រុកមិនដល់ដៃពលរដ្ឋក្រីក្រ។ ស្របពេល អំពើអយុត្តិធម៌សង្គម កាន់តែធ្ងន់ធ្ងរឡើង។
ទំនាក់ទំនងចិន-ហ្សិមបាវ៉េ ក្រោមជំនួយ គ្មានលក្ខខណ្ឌ
ចិននិងហ្សិមបាវេ មានទំនាក់ទំនងនឹងគ្នាកាន់តែស្និទ្ធនៅពេលលោក Robert Mugabeឡើងកាន់តំណែង នៅឆ្នាំ១៩៨០។ ក្រៅពីនេះ ចិនជាប់ពាក់ព័ន្ធនឹងពួកឧទ្ទាម នៅក្នុងសង្រ្គាមទាមទារឯករាជ្យ នៅទសវត្ស ១៩៧០។ ក្រុងប៉េកាំងជាអ្នកជួយផ្គត់ផ្គង់អាវុធយ៉ាងខ្លាំងដល់ពួកឧទ្ទាមនេះ។ ក្រោយពីបានឯករាជ្យ ចិនក្លាយជាអ្នកជួយផ្គត់ផ្គង់ហិរញ្ញវត្ថុរាប់ពាន់លានដុលា្លរទៅឱ្យរបបរបស់លោកMugabe។ ជំនួយឥតសំណងផងនិងប្រាក់កម្ចីរាប់ពាន់លានដុល្លារ នាំឱ្យប្រទេសក្រីក្រមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធទំនើបៗ បើទោះជាមិនសូវមានគុណភាពក៏ដោយ។ តែបែបនេះក្ដី ហ្សិមបាវេនៅតែជាប្រទេសក្រីក្រជាងគេ រំលោភសិទិ្ធមនុស្សធ្ងន់ធ្ងរខណៈ អ្នកមានកាន់តែមានឡើង។
ចិនមិនអាចភ្លេចមិត្តចាស់ទេ
នៅពេលដែលស្ថានការណ៍រនៅក្នុងផ្ទៃបក្ស របស់លោកMugabe កាន់តែគ្រោះថ្នាក់ ដែលជាឱកាស បក្សប្រឆាំងអាចមានប្រៀបនៅក្នុងការបោះឆ្នោតខែកក្ដដាឆ្នាំ២០១៨ ក្រុងប៉េកាំងឃើញប្រញាប់ចេញសេចក្ដីថ្លែងការណ៍ដាស់តឿនឱ្យ គណបក្ស Zanu PF មានការឯកភាពគ្នាឡើងវិញ ហើយ ត្រូវសំឡឹងទៅរកការបោះឆ្នោត មួយអាចទប់ទល់ជ័យជម្នះរបស់ខ្លួនឡើងវិញ។ ករណីនេះហើយ ដែលក្រុមយោធាត្រូវរកធ្យោបាយ ឱ្យអនុប្រធានាធិបតី Emmerson Mnangagwa របស់លោកMugabe មកកាន់ជាប្រធានបក្សហើយ ជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំក្រោយនេះ។ ដោយសាររឿងនេះ ចិនត្រូវបានមើលឃើញថា កំពុងបារម្ភអំពីការបាត់បង់អំណាចរបស់គណបក្សZanu PF។ តែនៅក្នុងជំនួបកាលពីខែមករានោះ លោកស៊ីជីងភីង បានបោះសម្ដីប្រាប់Mugabe ថា« ចិនមិនដែលភ្លេចហ្សិមបាវេឡើយ»។
ការបង្ខំឱ្យលោក Robert Mugabe លាចេញពីតំណែង
ទោះបី ប្រព័ន្ធរដ្ឋបាលនៅក្រោមការឃ្លាំមើលពីយោធាក៏ដោយតែ ប្រទេសក្រីក្រមួយនៅអាហ្វ្រិកនេះ មិនទាន់មានប្រធានាធិបតីថ្មីនៅឡើយទេ។ ពួកយោធាបានឃុំខ្លួនលោកMugabe ពិតមែនប៉ុន្តែលោកMugabeនៅតែ ជាមេដឹកនាំនិមិត្តរូបរបស់ប្រទេស។ ត្រង់នេះហើយ មានចលនាមួយ បង្ខំឱ្យ ប្រធានាធិបតីអាយុជិត១០០ឆ្នាំលាលែងពីតំណែង។ អ្នកគាំទ្រ អនុប្រធានាធិបតី Emmerson Mnangagwa បានធ្វើមហាប្រជុំធំមួយ ដើម្បីបណ្ដេញលោក Mugabe ពីតំណែងនិងបណ្ដេញលោកស្រី Grace Mugabe ភរិយារបស់ប្រធានាធិបតី ចាស់ជរានេះ ពីបក្ស។
តាមសេចក្ដីរាយការណ៍របស់ សារព័ត៌មានThe Guardian នៅថ្ងៃសៅរទី១៨វិច្ឆិកានេះ ប្រជាជន ហ្សិមបាវេដែល គាំទ្រ គណបក្ស Zanu PF រាប់ម៉ឺននាក់បានចុះដើរតាមផ្លូវមកប្រមូលផ្ដុំគ្នា
នៅរដ្ឋធានីHarare របស់ប្រទេសនេះ ដោយពួកគេស្រែកអំពាវនាវឱ្យលោកMugabe និងភរិយាចាកចេញពីបក្សនិងពីតំណែង។
ជាមួយនឹងការទទូចឱ្យលោក Mugabe ចុះចេញពីតំណែងនេះ អតីតយុទ្ធជនសង្គ្រាមធ្លាប់មានភក្តីភាពស្មោះត្រង់ចំពោះប្រធានាធិបតី ក៏បានជំរុញឱ្យលោកបោះបង់ចោលតំណែងនោះផងដែរ។
ប្រទេសក្នុងតំបន់មិនគាំទ្រលោកMugabe ស្របពេលចិនជំរុញឱ្យមានស្ថិរភាព
ធានាធិបតីប្រទេស Botswana និងអាហ្រ្វិកខាងត្បូង ថាលោក Mugabe សមល្មមលែងដឹកនាំប្រទេសនេះទៅ ព្រោះលោកចាស់ហើយ។ មេដឹកនាំប្រទេសទាំង២ក្នុងតំបន់ជាមួយគ្នានេះ សម្ដែងការព្រួយបារម្ភអំពីវិបត្តិអាចធ្ងន់ធ្ងរ បើពួកកងទ័ព នៅបន្តដាក់រាយកងម្លាំងនៅរដ្ឋធានីបន្តច្រើនថៃ្ងទៀត។ ប្រធានាធិបតីប្រទេសBotswana លោក Ian Khama បាននិយាយថាលោកMugabe អស់ឥទ្ធិពលជាមេដឹកនាំទៀតហើយ។ លោកបន្តថាកងទ័ព បានត្រួសត្រាយផ្លូវដើម្បីផ្ទេរអំណាចរបស់លោកក្នុងពេលឆាប់ៗនេះហើយ។ ខណៈនេះដែរ ក្រសួងការបរទេស ចិន បានចេញសេចក្ដីថ្លែងការណ៍ ដោយទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ គឺទាំងក្រុមលោក អនុប្រធានាធិបតី Emmerson Mnangagwa និងក្រុមលោកMugabeត្រូវព្យាមយាមអត់ធ្មត់ នឹងគ្នា ហើយត្រូវធ្វើដំណើររួមគ្នាទៅរកការការពារស្ថិរភាពមួយដ៏រឹងមាំ៕