ភ្នំពេញ៖គណៈកម្មាធិការការពារអ្នកសារព័ត៌មានអំពាវនាវឲ្យអាជ្ញាធរដោះលែងនិងទម្លាក់ការចោទប្រ កាន់ទៅលើអតីតអ្នកសារព័ត៌របស់វិទ្យុអាស៊ីសេរីចំនួនពីរនាក់ដែលរងកាចោទប្រកាន់ថាបង្កើត បន្ទប់ថតសំឡេងឬបន្ទប់ស្ទូតយ៉ូផលិតអត្ថបទព័ត៌មានពីប្រទេសកម្ពុជាផ្ញើទៅការិយាល័យវិទ្យុ អាស៊ីសេរីនៅក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។
អតីតអ្នកសារព័ត៌មាននៃវិទ្យុអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិទ្ធ ត្រូវបានបញ្ជូនមកសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៦ខែវិច្ឆិការហូតមកដល់ថ្ងៃនេះ ក្នុងករណីចោទពួកគាត់ពីបទផ្ដល់ព៏ត៌មានទៅបរទេសដែលអាចធ្វើអោយមហន្តរាយដល់ការការពារជាតិតាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌ។យោងតាមស្ថានទំងន់ទោសនេះ ពួកគាត់នឹងប្រឈមមុខទោសព្រហ្មទណ្ឌពី៥ឆ្នាំទៅ១៧ឆ្នាំ។
សេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការការពារអ្នកសារព័ត៌មានដែលធ្វើឡើងដោយ តំណាងជាន់ខ្ពស់ របស់ប្រចាំនៅអាស៊ី លោក Shawn Crispin បានទទូចថា ការចាប់ខ្លួនអ្នកសារព័ត៌មានទាំង២នេះ គួរត្រូវបានដោះលែង ហើយត្រូវបញ្ឈប់ការធ្វើទុក្ខទោស លើ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យសក្រសួងព័ត៌មានធ្លាប់បានបញ្ជាក់ថាអ្នកសារព័ត៌មាននៅកម្ពុជាកំពុងត្រូវបានលើកកម្ពស់និងការការពារដោយច្បាប់និងរដ្ឋធម្មនុញ្ញ។ទោះបីយ៉ាងណាលោកថាអ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។
«អ្នកសារព័ត៌មានកំពុងតែធ្វើការយកព័ត៌មានរបស់គាត់ទៅតាមការធានាដោយច្បាប់រដ្ឋធម្មនុញ្ញ។ជាអ្នកសារព័ត៌មានតម្រូវការតែមួយគឺព្យាយាមធ្វើយ៉ាងណាទៅតាម វិជ្ជាជីវៈរបស់យើងកុំឲ្យដើរផុតពីគន្លងវិជ្ជាជីវៈ ខ្ញុំគិតថាអត់មានបញ្ហាទេអ្នកទាំងអស់គ្នា។»
តែយ៉ាងនេះក្ដី បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានបញ្ជាក់លើបណ្តាញសង្គមថា«អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទទួលសំណុំរឿងនិងជនសង្ស័យគឺកំពុងបន្តចំណាត់ការតាមនីតិវិធី។»
បើយោងតាមរបាយការណ៍មួយបង្ហាញថាចាប់តាំងពីឆ្នាំ១៩៩៣ យ៉ាងហោចណាស់អ្នកកាសែត១៣នាក់ត្រូវបានសម្លាប់នៅប្រទេស កម្ពុជាដោយគ្មានការផ្តន្ទាទោសជនល្មើសទេ៕