en     km
en     km

អាមេរិកប្រកាសលែងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជាឆ្នាំ២០១៨

Share

ក្រុងភ្នំពេញ៖ សហរដ្ឋអាមេរិកបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា នឹងមិន ផ្តល់ជំនួយគាំទ្រដល់ការរៀបចំការបោះឆ្នោតនោះទេ ដោយអះអាងថាការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះ គឺពុំស្របច្បាប់ សេរី និង យុត្តិធម៌នោះឡើយ។ តែអ្នកនាំពាក្យនៃគណកម្មាធិកាជាតិរៀបចំការបោះឆ្នោត អះអាងថាជាសិទិ្ធរបស់អាមេរិក។

ស្តាប់ព័ត៌មានជាសំឡេង ៖

បន្ទាប់ពីតុលាការកំពូលសម្រេចឲ្យមានការរំលាយគណបក្សសង្គ្រោះជាតិមក គេសង្កេតឃើញ សហគមន៍អន្តរជាតិជាបន្តបន្ទាប់ បានចេញសេចក្តីថ្លែងការណ៏ដោយបង្ខំឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

ក្នុងនោះសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ដោយសម្រេច បញ្ឈប់ការផ្តល់ជំនួយគាំទ្រដល់ដំណើរការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ ដោយអះអាងថា កម្ពុជាកំពុងតែធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ ហើយការបោះឆ្នោតខាងមុខនេះ គឺពុំស្របច្បាប់ សេរី និង យុត្តិធម៌នោះទេ។

តែយ៉ាងណាមិញក្នុងសេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា ៖« រដ្ឋាភិបាលកម្ពុជា នៅមានឱកាសក្នុងការកែប្រែផ្លូវដើរសារជាថ្មី ដោយធ្វើឲ្យដូចដើមវិញចំពោះស្ថានភាព គណបក្សសង្គ្រោះជាតិ ដោះលែងមេបក្សប្រឆាំងលោកកឹមសុខា  និង អនុញ្ញាតិឲ្យគណបក្សប្រឆាំងនេះ សង្គមស៊ីវិល ហើយនិងប្រព័ន្ធផ្សព្វផ្សាយ មានសកម្មភាពឡើងវិញ»

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណកម្មាធិកាជាតិរៀបចំការបោះឆ្នោត បានប្រាប់អ្នកសារព័ត៌មាននៅទីស្ដីការ គ.ជ.ប ថា ការដែលសហរដ្ឋអាមេរិកដកឬក៏ជួយគាំទ្រ នោះគឺជាជម្រើសរបស់សហរដ្ឋអាមេរិក។ តែចំពោះ គ.ជ.បនៅតែគោរពនិងអនុវត្តទៅតាមនិតិវិធីរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញតួនាទីរបស់ខ្លួន។

លោក ហង្សពុទ្ធា៖ បាទនេះគឺជាការសម្រេចចិត្ត និង សិទ្ធិរបស់អាមេរិកហ្នឹងហា  ក្នុងនាមយើងជា គ.ជ.ប យើងទទួលខុសត្រូវបញ្ហា ២ សំខាន់ ទីមួយគឺធ្វើតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ទី ២ គឺ ទទួលខុសត្រូវចំពោះបញ្ហាបចេ្ចកទេសក្នុងដំណើរការបោះឆ្នោត ឆ្នាំ ២០១៨ ខាងមុខនេះបាទ! អញ្ជឹង មតិរបស់ណា៎! នោះគឺជាមតិដោយឡែកមួយ ហើយការសម្រេចចិត្តយ៉ាងណាគឺជាការសម្រេចចិត្តរបស់ពួកគេ» ។

ដោយឡែក លោក កន សាវាង្ស មន្រ្តីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេត របស់អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល បានបង្ហាញទស្សនៈថាស្ថាប័ន ឬ អង្គការនីមួយៗ មុននឹងគេធ្វើការសម្រេចចិត្ត គេមានគោលការណ៍ច្បាស់លាស់ណាស់ ដោយបែងចែកថា ប្រទេសនោះសេរី យុត្តិធម៌ ឬអត់នោះ។  លោក បានពន្យល់ថា ចំពោះការសម្រេចចិត្តរបស់ សហរដ្ឋអាមេរិក នោះ គឺជាការយល់ឃើញនិងជាគោលការណ៏ ក្នុងការសម្រេចចិត្តរបស់ពួកគេ។

លោក កន សាវាង្ស៖ ចំនុចអស់នេះ សម្រាប់ស្ថាប័នមួយៗ អង្គការសង្គមស៊ីវិលមួយៗ គេមានគោលការណ៍របស់ពួកគេច្បាស់លាស់ ថាកម្រិតណាដែលគេអាចចូលរួមបាន បែបណាដែលគេមិនអាចចូលរួមបាន ចាត់ទុកថាសេរី ឬ យុត្តិធម៌ ហើយគោលការណ៍បែបនេះ គឺមានភាពខុសគ្នារវាងស្ថាប័ននិងស្ថាប័ន សូម្បីតែស្ថាប័នយើងក៏មានគោលការណ៍ថាកម្រិតណាយើងអាចចូលរួមបាន បែបណាមិនអាចចូលរួមបាន ហើយការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នោះគឺជាគោលការណ៍របស់ពួកគេដែលពួកគេធ្វើការសម្រេចចិត្តបាទ! ។

សហរដ្ឋអាមេរិក បានផ្តល់ជំនួយសម្រាប់ការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៧ ប្រមាណជា ២ លាន ដុលា្លរ ហើយក៏មានអ្នកសង្កេតការណ៏ចូលរួមការបោះឆ្នោតផងដែរ។ នេះគឺជាលើកដំបូងដែលប្រទេសដៃគូជួយកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា មួយដ៏ធំបានសម្រេចដូចនេះ ខណៈដែលសហភាពអឺរ៉ុប ប្រទេសជប៉ុន និង ដៃគូផ្សេងទៀតៗ ដែលជាប្រទេសផ្តល់ជំនួយដូចសហរដ្ឋអាមេរិកដែរនោះ មិនទាន់មានវិធានការដូចនេះទេ។ តែ សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍ប្រាប់ឲ្យកម្ពុជា ស្តារប្រជាធិបតេយ្យឡើងវិញ៕

 

Share

ព័ត៌មានទាក់ទង

Image