en     km
en     km

សហជីព​នៅ​រោងចក្រ​ ម៉ា​កា​ឡូត​ អំពាវនាវ​កម្មករ​ កម្មការិនី​ កុំ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​

Share

​ភ្នំពេញ​ ៖​ តំណាង​សហជីព​ប្រចាំ​នៅ​រោង​ក​ច្រ​កាត់ដេរ​ ម៉ា​កា​ឡូត​ ៥​ អំពាវនាវ​ដល់​កម្មករ​ កម្មការិនី​ ក្នុង​រោងចក្រ​នេះ​ កុំ​មានការ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​ បើ​ទោះបីជា​រោងចក្រ​បាន​ឆេះ​អស់ទាំង​ស្រុង​ក៏​ដោយ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ម៉ា​កា​ឡូង​ ៥​ ស្ថិត​នៅ​ក្នុង​ អាគារ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​ធី៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​ ក្រោយ​ហេតុការណ៍​នេះ​ កម្មករ​ ដែល​មាន​គ្នា​ប្រមាណ​ជាង​ ១០០០​នាក់​ ហើយ​ ជាង​ ៧០​ភាគរយ​ជា​ស្ដ្រី​ បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ អំពី​ការ​បាត់បង់​ការងារ​សម្រាប់​ចិញ្ចឹមជីវិត​របស់​ពួក​គេ​។​

​ឆ្លើយ​តប​នឹង​ក្ដី​ព្រួយបារម្ភ​នេះ​ សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​សំណាង​កម្មករ​ ដែល​ជា​សហជីព​តំណាង​ប្រចាំ​នៅ​រោងចក្រ​កាត់ដេរ​មួយ​នេះ​ បាន​អះអាង​ថា​ លោក​នឹង​មិន​បណ្ដោយ​ឲ្យ​កម្មករ​ កម្មការិនី​ នៅ​រោងចក្រ​នេះ​បាត់បង់​ការងារ​នោះ​ទេ​។​

​លោក​ វ៉ា​ត​ សំណាង​ ប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​សំណាង​កម្មករ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១៧​ វិច្ឆិកា​នេះ​ថា​ មក​ដល់​ពេល​នេះ​ភាគី​រោងចក្រ​បាន​ឲ្យ​ក្រុម​កម្មករ​ សម្រាក​មួ​យស​ប្ដា​ហ៍​សិន​ ដើម្បី​ទុក​ពេល​ឲ្យ​ថៅកែ​ និយោជក​ ពិភាក្សា​គ្នា​ជុំវិញ​ការ​រៀបចំ​ និង​រក​ដំណោះស្រាយ​សម្រាប់​ពួក​គេ​។​ ក៏​ប៉ុន្ដែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​ចំណាត់ការ​ច្បាស់លាស់​បាន​នៅឡើយ​ទេ​ ព្រោះ​ពេល​នេះ​ខាង​ភាគី​ថៅកែ​ កំពុង​សិក្សា​ពី​អគារ​ផ្សេងៗ​ របស់​រោងចក្រ​ម៉ា​កា​ឡូត​ នៅ​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​នេះ​ ថា​តើ​អាច​ដាក់​កម្មករ​ បន្ថែម​បាន​ឬ​យ៉ាងណា​។​

​លោក​ វ៉ា​ត​ សំណាង​ ៖«​ដោយសារ​ម៉ា​កា​ឡូត​ គាត់​មាន​សាខា​ច្រើ​នៅ​ក្នុង​សួន​វឌ្ឍនៈ​ អ​ញ្ចឹ​ង​គាត់​កំពុង​ {​ពិនិត្យ​មើល​អាគារ​នីមួយៗ​}​ តើ​យើង​អាច​ផ្ទុក​ម្មករ​បន្ថែម​បាន​អត់​!​ អ​ញ្ចឹ​ង​បាន​យើង​អត់​ទាន់​ហ៊ាន​ឆ្លើយ​តប​នៅ​ក្នុង​ចំណុច​ណាមួយ​សម្រាប់​សារព័ត៌មាន​ទេ​ យើង​កំពុង​ជជែក​គ្នា​សិន​»​។​

​រោងចក្រ​កាត់ដេរ​ម៉ា​កា​ឡូត​ មាន​ចំនួន​ ៤​សាខា​ ស្ថិត​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​ ដែល​ប្រធាន​សហជីព​រូប​នេះ​ គិត​ថា​ កម្មករ​ នឹង​មិន​ប្រឈម​ការ​បាត់បង់​ការងារ​នោះ​ទេ​ ព្រោះ​កម្មករ​ទាំងអស់​ អាច​នឹង​ចូល​ទៅ​ធ្វើ​ការងារ​នៅ​តាម​សាខា​ផ្សេងៗ​ របស់​រោងចក្រ​កាត់ដេរ​ម៉ា​កា​ឡូត​នេះ​។​

​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ម៉ា​កា​ឡូត​ ៥​ ត្រូវ​បាន​ភ្លើង​ឆេះ​កាលពី​វេលា​ម៉ោង​ ៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៤​ វិច្ឆិកា​ ឆ្នាំ​២០១៧​។​

​លោក​ ព្រហ្ម​ យ៉​ន​ នាយការិយាល័យ​ បង្ការ​ និង​ពន្លត់អគ្គីភ័យ​ រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ ជា​ជំ​ហ៊ាន​ដំបូង​លោក​សន្និដ្ឋាន​ថា​ អគ្គិភ័យ​នេះ​ បណ្ដាល​មក​ពី​ការ​ផ្ទុះ​សេ​ ខ្សែរ​ភ្លើង​។​ លោក​បន្ដ​ថា​ នៅ​ពេល​នេះ​ សមត្ថកិច្ច​គឺ​រក​មិនឃើញ​ចំណុច​គួរ​ឲ្យ​សង្ស័យ​អ្វី​ផ្សេង​ពី​នេះ​នៅឡើយ​ទេ​។​ លោក​ ព្រហ្ម​ យ៉​ន​ ៖«​យើង​មិនដឹង​វា​ យ៉ាងម៉េច​ទេ​ តែ​វា​ជា​បញ្ហា​បច្ចេកទេស​ចរន្ដអគ្គិសនី​ យើង​ពិនិត្យ​ឃើញ​អ​ញ្ជឹ​ង​»​។​

​នាយការិយាល័យ​ បង្ការ​ និង​ពន្លត់អគ្គីភ័យ​រាជធានី​ភ្នំពេញ​បន្ដ​ថា​ ពេល​នេះ​ គឺ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ក៏​កំពុង​តែ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ករណី​ឆេះ​រោងចក្រ​នេះ​ដែរ​ ក៏​ប៉ុន្ដែ​ពួក​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​អ្វី​បាន​ទេ​។​

​ករណី​ឆេះ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ម៉ា​កា​ឡូត​ នេះ​ គឺជា​ករណី​ទី​ ៧៦​ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ​។​ ក្នុង​ចំណោម​ករណី​ទាំង​អស់នេះ​ គឺ​ ១០​ករណី​ធំៗ​ ដែល​បាន​បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ ក្នុង​ចំណោម​បុរស​ ៦​នាក​ផ្សេង​ទៀត​ ខណៈ​មាន​ស្ដ្រី​ ៤​នាក់​រង​របួស​ និង​បុរស​ ៨​នាក់​។​

​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុជា​ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ចម្បង​មួយ​របស់​កម្ពុជា​ ដែល​ផ្ដល់​ចំណូ​ដល់​សេដ្ឋកិច្ចជាតិ​ និង​ជួល​ពលរដ្ឋ​ខ្មែរ​ឲ្យ​មានការ​ងារ​ធ្វើ​ក្នុងស្រុក​ដោយ​មិន​ចាំបាច់​ចំណាកស្រុក​រហូត​ដល់​ជាង​ ៨០​ម៉ឺន​នាក់​ ដែល​ជាង​៧០​ភាគរយ​គឺជា​ស្ដ្រី​។​ តែ​យ៉ាងណា​ចំនួន​នេះ​ ក៏​នៅ​តិច​នៅឡើយ​បើ​ធៀប​នឹង​ចំនួន​ពលរដ្ឋ​ខ្មែរ​ ដែល​បាន​ចំណាកស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស​។​ តាម​តួលេខ​របស់​ក្រសួង​ការងារ​ ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​បំពេញការងារ​នៅ​ប្រទេស​មាន​ចំនួន​ដល់​ជាង​ ១​លាន​នាក់​៕

Share

ព័ត៌មានទាក់ទង

Image