ភ្នំពេញ ៖ ព្រះសង្ឃគង់នៅវត្ដសសរ ១០០ខេត្ដក្រចេះ ដែលពុលត្រី ខ កាលពីពេលព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ មានអាការៈធូរស្រាលវិញហើយ ក៏ត្រូវបាននិមន្ដត្រឡប់ទៅវត្ដវិញ។ នេះបើយោងតាមអធិការស្រុកសំបូរ ដែលបានប្រាប់វិទ្យុស្ដ្រីនៅរសៀលថ្ងៃទី១៥ វិច្ឆិកានេះ។
អធិការស្រុកសំបូរ ខេត្ដក្រចេះ លោក ប៊ុន ឈឿន បានឲ្យដឹងថា ព្រះសង្ឃគង់ក្នុងវត្ដសសរ ១០០ ប្រមាណ ៨៥អង្គ មានអាការ ក្អូតចង្អោរ និងឈឺព្រះកេស វិលមុខ បន្ទាប់ពីឆាន់ចង្ហាន់ពេលព្រឹក ដែលចុងភៅប្រចាំវត្ដបានចម្អិនប្រគេន។ ចង្ហាន់នោះគឺត្រី ខ ដែលមានលាយត្រីច្រើនប្រភេទដូចជា ត្រីគល់ព្រិច ត្រីលលកស និងត្រីសំបកស្រឡៅ។
តាមការអះអាងរបស់លោកអធិការ ប៊ុន ឈឿន បញ្ជាក់ថា ក្រុមគ្រូពេទ្យ និងសមត្ថកិច្ច សន្និដ្ឋានថា អាការៈរបស់ព្រះសង្ឃក្នុងវត្ដនេះ គឺពុលសាច់ត្រី ដែលយកមក ខ ប្រគេនព្រះសង្ឃនេះ ព្រោះកន្លងមកពលរដ្ឋក៏ធ្លាប់មានពុលត្រី ប៉ុន្មានប្រភេទខាងលើនេះដែរ។
លោក ប៊ុន ឈឿន ៖«ត្រី ខ ហ្នឹងគឺជាត្រី ដែលយាយៗគាត់បានទិញពីផ្សារយកទៅខប្រគេនលោក ហើយត្រីប្រភេទសំបកស្រឡៅ ត្រីលលកស អីហ្នឹង ហើយត្រីហ្នឹវាធ្លាប់មានពុល ប្រជាពលរដ្ឋយើងហូបទៅធ្លាប់មានពុល អញ្ចឹងទៅការសន្និដ្ឋានរួមគ្នាជាមួយគ្រូពេទ្យអីហ្នឹងគឺអាចមកពីត្រីហ្នឹងហើយ»។
តែយ៉ាងលោកអធិការស្រុកសំបូរ បានអះអាងថា ពពួក ត្រី លលកស ឬត្រីសំបកស្រឡៅ មិនមែនជាប្រភេទត្រីដែលមានជាតិពុលនោះទេ ប៉ុន្ដែពុល គឺអាចដោយសារត្រីទាំងអស់នេះ បានទៅស៊ីគ្រាប់ធញ្ញជាតិដែលមានសារធាតុពុល ហើយបង្កឲ្យមនុស្សពុលក្រោយពេលបរិភោគសាច់របស់វា។
សូមជម្រាបថា ព្រះសង្ឃទាំង ៨៥អង្គ មកដល់ពេលរសៀថ្ងៃទី១៥ វិច្ឆិកានេះ ត្រូវបាននិមន្ដត្រឡប់មកវត្ដវិញអស់ហើយ ក្រោយពេលក្រុមគ្រូពេទ្យបានព្យូរសេរ៉ូម និងចាក់ថ្នាំប្រគេន។ ព្រះសង្ឃទាំងអស់ មានព្រះជនចន្លោះពី ១០ ទៅ ១៨ ព្រះវស្សា៕