តាមរបាយការណ៍សង្ខេបរបស់សូចនាករម៉ាក្រូសេដ្ឋកិច្ចជាតិដែលក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុយកមកចុះផ្សាយឱ្យដឹងថា បើទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាច្រើន ដែលរួមមានទាំងហានិភ័យ និងបញ្ហាប្រឈម ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តកំណើនខ្ពស់ និងរឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខនេះ។
ជាមួយនឹងសមិទ្ធផលនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅតំបន់អាស៊ី ហើយបានប្រសិទ្ធនាមប្រទេស កម្ពុជា ជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។
ក្នុងឆ្នាំ២០១៦ កន្លងទៅកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧,០% ដោយសារការងើបឡើងវិញនៃកំណើនក្នុងវិស័យកសិកម្ម បន្ទាប់ពីស្ទើរតែគ្មានកំណើនសោះក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ខណៈដែលកំណើនវិស័យឧស្សាហកម្ម និងសេវាកម្មមានភាពថមថយបន្ថិច។
តាមសូចនាករម៉ាក្រូសេដ្ឋកិច្ចជាតិដដែលនេះ ការថមថយនៃកំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មនេះ បានបង្ហាញពីភាពចាំបាច់ និងបន្ទាន់នៃការអនុវត្តវិធានការគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច និងការធ្វើពិពិធកម្ម ក្នុងគោល ដៅស្វែងរកជន្ទល់ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ដល់សេដ្ឋកិច្ច ដើម្បីបន្តធានាចីរភាពនៃកំណើនក្នុងរយៈពេលមធ្យម និងវែង។
តាមការណ៍នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ ២០១៧ ត្រូវបានប៉ាន់ស្មានថា នឹងរក្សាបានកំណើនក្នុងរង្វង់ ៧,០%។ ក្នុងនោះ វិស័យឧស្សាហកម្មនៅតែមានកំណើនរឹងមាំ ក្នុងអត្រាពីរខ្ទង់ដដែល ពោលគឺប្រមាណ ១០,៧% ដែលនឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចទីមួយ ដឹកមុខដោយវិស័យកាត់ដេរ និងការរីកធំធាត់នៃវិស័យមិនមែនកាត់ដេរ បើទោះបីជាវិស័យសំណង់មានការថមថយបន្តិចក្តី។
វិស័យកសិកម្មអាចនឹងមានកំណើនល្អ ពោលគឺក្នុងអត្រា ២,០% បើប្រៀបធៀបនឹងឆ្នាំ ២០១៦ ក្នុងអត្រា ១,៨% ដោយសារកត្តាអាកាសធាតុដែលមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន និងការងើបឡើងវិញនៃតម្លៃទំនិញ ខណៈដែលវិស័យសេវាកម្មអាចនឹងមានកំណើនយឺតជាងឆ្នាំមុនជាមួយនឹងអត្រាកំណើន ៦,៥% ដោយសារការបន្តថមថយនៃវិស័យទេសចរណ៍ និងអចលនទ្រព្យ។ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពជាមួយនឹងការរំពឹងទុកថា ប្រាក់រៀលនឹងនៅបន្តរក្សាបាននូវតម្លៃប្រមាណ ៤.០៣៧ រៀលក្នុង ១ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៧ នេះ៕