ប្រទេសកូរ៉េខាងជើងបានប្រាប់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី១៣ វិច្ឆិកា ម្សិលមិញថា ការធ្វើសមយុទ្ធ នាវាចម្បាំង ដ៏ធំរបស់អាមេរិកចំនួន ៣គ្រឿងនៅពេលតែមួយ ដោយមានការចូលរួម ជាមួយកងទ័ព កូរ៉េខាងត្បូង គឺជាការបង្ខំឱ្យមាន សង្គ្រាមអាវុធនុយក្លេអ៊ែរ ឆាប់ៗនេះហើយ។
ឯកអគ្គរដ្ឋទូត កូរ៉េខាងជើង លោក Ja Song Nam បាននិយាយនៅក្នុងសារលិខិតរបស់លោក ផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា ស្ថានការណ៍នៅលើឧបទ្វីបកាន់តែអាក្រក់ហើយនៅពេលនេះ ដែលជាហេតុផលនាំទៅរកសង្គ្រាមយ៉ាងពិតប្រាកដ។
លោកឯកអគ្គរដ្ឋទូតកូរ៉េខាងជើង បានបញ្ជាក់ថា ការធ្វើសមយុទ្ធដោយការដាក់ពង្រាយ នាវាចម្បាំងធំៗ ហើយមានទាំងនាវាពិឃាតទៀតនោះ គឺជាលទ្ធភាពនៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ដែលអាមេរិកជាបង្កឡើង។ តាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP សមយុទ្ធកងនាវាអាមេរិក រួមជាមួយកូរ៉េខាងត្បូង ធ្វើឡើងរយៈពេល ៤ថ្ងៃ។ នាវាទាំងនោះរួមមាន នាវា USS Ronald Reagan, នាវា USS Nimitz និង នាវា USS Theodore Roosevelt ដែលបានចាប់ផ្ដើមធ្វើសមយុទ្ធកាលពីថ្ងៃសៅរិ៍។ សមយុទ្ធនេះ ក៏មានការចូលរួមដោយនាវាចម្បាំងរបស់កូរ៉េខាងត្បូង ចំនួន ៧គ្រឿង និងនាវាពិឃាត ៣គ្រឿងផងដែរ។ នាវាធំទាំង ៣គ្រឿងរបស់អាមេរិកនេះ ផ្ទុកយន្តហោះចម្បាំង ៦០គ្រឿង និងកាំជ្រួច ៣០០ដើម។
ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងបានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ជាស្ថាប័នខ្វះភ្នែក ដែលលំអៀងទៅរកអាមេរិកជ្រុល។ ការធ្វើសមយុទ្ធដ៏ធំនេះ គឺបន្ទាប់ពីលោក ដូណាល់ត្រាំ បានបញ្ចប់ទស្សនកិច្ច នៅទីក្រុងសេអ៊ូល តូក្យូ និងក្រុងប៉េកាំង ដែលអ្នកសង្កេតការណ៍មើលឃើញថា លោក ត្រាំ ទំនងមិនទុកឱ្យកូរ៉េខាងជើង ក្លាយជាប្រទេសនុយក្លេអ៊ែរឡើយ៕ ប្រភពពី AFP