en     km
en     km

កូរ៉េ​ខាងជើង​ប្រកាស​អាសន្ន​ប្រាប់​ UN​ ថា​ សង្គ្រាម​នុយក្លេអ៊ែរ​ជិត​ផ្ទុះ​ហើយ​

Share

​ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រាប់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​ ទី​១៣​ វិច្ឆិកា​ ម្សិលមិញ​ថា​ ការ​ធ្វើ​សមយុទ្ធ​ នាវាចម្បាំង​ ដ៏​ធំ​របស់​អា​មេ​រិ​ក​ចំនួន​ ៣​គ្រឿង​នៅ​ពេល​តែ​មួយ​ ដោយ​មានការ​ចូលរួម​ ជាមួយ​កងទ័ព​ កូរ៉េ​ខាងត្បូង​ គឺជា​ការ​បង្ខំ​ឱ្យ​មាន​ សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​ ឆាប់ៗ​នេះ​ហើយ​។​

​ឯកអគ្គរដ្ឋទូត​ កូរ៉េ​ខាងជើង​ លោក​ Ja​ Song​ Nam​ បាន​និយាយ​នៅ​ក្នុង​សារលិខិត​របស់​លោក​ ផ្ញើ​ទៅ​កាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ Antonio​ Guterres​ ថា​ ស្ថានការណ៍​នៅ​លើ​ឧបទ្វីប​កាន់តែ​អាក្រក់​ហើយ​នៅ​ពេល​នេះ​ ដែល​ជា​ហេតុផល​នាំ​ទៅ​រក​សង្គ្រាម​យ៉ាង​ពិតប្រាកដ​។​

​លោក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​ បាន​បញ្ជាក់​ថា​ ការ​ធ្វើ​សមយុទ្ធ​ដោយ​ការ​ដាក់​ពង្រាយ​ នាវាចម្បាំង​ធំៗ​ ហើយ​មាន​ទាំង​នាវា​ពិឃាត​ទៀត​នោះ​ គឺជា​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​ ដែល​អា​មេ​រិ​ក​ជា​បង្ក​ឡើង​។​ តាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ AFP​ សមយុទ្ធ​កង​នាវា​អា​មេ​រិ​ក​ រួម​ជាមួយ​កូរ៉េ​ខាងត្បូង​ ធ្វើ​ឡើង​រយៈពេល​ ៤​ថ្ងៃ​។​ នាវា​ទាំងនោះ​រួម​មាន​ នាវា​ USS​ Ronald​ Reagan,​ នាវា​ USS​ Nimitz​ និង​ នាវា​ USS​ Theodore​ Roosevelt​ ដែល​បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​កាលពី​ថ្ងៃ​សៅ​រិ៍​។​ សមយុទ្ធ​នេះ​ ក៏​មានការ​ចូលរួម​ដោយ​នាវាចម្បាំង​របស់​កូរ៉េ​ខាងត្បូង​ ចំនួន​ ៧​គ្រឿង​ និង​នាវា​ពិឃាត​ ៣​គ្រឿង​ផង​ដែរ​។​ នាវា​ធំ​ទាំង​ ៣​គ្រឿង​របស់​អា​មេ​រិ​ក​នេះ​ ផ្ទុក​យន្តហោះ​ចម្បាំង​ ៦០​គ្រឿង​ និង​កាំជ្រួច​ ៣០០​ដើម​។​

​ទន្ទឹម​នឹង​នេះ​ ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា​ ជា​ស្ថាប័ន​ខ្វះ​ភ្នែក​ ដែល​លំអៀង​ទៅ​រក​អា​មេ​រិ​ក​ជ្រុល​។​ ការ​ធ្វើ​សមយុទ្ធ​ដ៏​ធំ​នេះ​ គឺ​បន្ទាប់​ពី​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​បញ្ចប់​ទស្សនកិច្ច​ នៅ​ទីក្រុង​សេ​អ៊ូ​ល​ តូ​ក្យូ​ និង​ក្រុង​ប៉េ​កាំ​ង​ ដែល​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ លោក​ ត្រាំ​ ទំនង​មិន​ទុក​ឱ្យ​កូរ៉េ​ខាងជើង​ ក្លាយជា​ប្រទេស​នុយក្លេអ៊ែរ​ឡើយ​៕​ ប្រភព​ពី​ AFP

Share

Image
Image
Image