ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បង្ហាញសុឆន្ទៈឋានៈជាមេដឹកនាំប្រទេសមហាអំណាចមួយចង់ដើរតួនាទីជាអ្នកសម្របសម្រួលករណីជម្លោះដែនសមុទ្រចិនភាគខាងត្បូង។
ជម្លោះដែនសមុទ្រចិនភាគខាងត្បូងដែលកើតឡើងជាច្រើនទស្សវត្សមកនេះ គឺ រវាងចិន ជាមួយហ្វីលីពីន ចិនជាមួយវៀតណាម និងចិនជាមួយម៉ាឡេស៊ី និងព្រុយណេ ហើយកោះតៃវ៉ាន់អះអាងថា ខ្លួនមានចំណែកដែនកោះនោះដែរ ។
លោក ដូណាល់ ត្រាំ បានដាក់សំណើដូចនេះនៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន កាលពីថ្ងៃ អាទិត្យ ទី ១២ វិច្ឆិកា ។
លោក ដូណាល់ត្រាំ ៖« ខ្ញុំអាចជួយធ្វើជាអាជ្ញាកណ្ដាល ឬក៏ក្លាយជាអ្នកសម្របសម្រួលល្អមួយចំពោះដែនសមុទ្រនេះ»។
លោកត្រាំបានបញ្ជាក់ដូចនេះម្ដងនៅពេលលោកជួបនិងប្រធានាធិបតីវៀតណាម Tran Dai Quang នៅទីក្រុងហាណូយ មុនពេលលោកចាកចេញមកប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
តំបន់ដែលប្រទាញប្រទង់គ្នានៅសមុទ្រចិនខាងត្បូង គឺប្រជុំកោះស្រ្ពាតលី និងកោះប៉ារ៉ាសែល ដែលតំបន់នោះសំបូរទៅដោយរ៉ែឧស្ម័ន និងជីវះចម្រុះជាច្រើនទៀត។ចិនប្រកាសថា តំបន់នោះជាដែនដីប្រវត្តិសាស្រ្ដរបស់ខ្លួន ៕ ប្រភ:AFP