ភ្នំពេញ ៖ ស្ដ្រីបានក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងការរកចំណូលដើម្បីទ្រទ្រង់ជីវិភាពគ្រួសារ។ ស្ដ្រីក្រៅពីគ្រប់គ្រងការងារក្នុងផ្ទះ ពួកគេបានចេញមុខធ្វើការងារជាច្រើនប្រភេទដើម្បីស្វែងរកចំណូល ដែលមានជាអាទិ៍ ការលក់ដូរ នៅតាមទីផ្សារ ធ្វើការងារក្នុងវិស័យកាត់ដេរ និងវិស័យសំណង់។ តែក្រុមសហជីព យល់ថា ស្ត្រីនៅមានបញ្ហាប្រឈមជាច្រើន ដែលរាជរដ្ឋាភិបាលគួរបន្ដធ្វើដើម្បីពួកគេ។ លោក លៀ ស៊ីណា រាយការណ៍៖
នាពេលបច្ចុប្បន្ននេះ ស្ដ្រីខ្មែរបានក្លាយចំណែកមួយដែលមិនអាចខ្វះបានជួយ រកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ។ ការងារផ្ទះសម្បែងដ៏ច្រើនសន្ធឹកដែលស្ដ្រីត្រូវរ៉ាប់រង ហើយក៏ត្រូវធ្វើការងារបន្ថែមទៀតដើម្បីរកប្រាក់ជួយទប់ទល់ការចំណាយប្រចាំថ្ងៃ។
ស្ត្រីខ្មែរនាសម័យសេដ្ឋកិច្ចជឿនលឿននេះ គេសង្កេតឃើញមានភាពលេចធ្លោខ្លាំងស្ទើរគ្រប់វិស័យ ហើយសូម្បី ការងារប្រើកម្លាំងក៏ស្ត្រីចូលរួមដែរ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា មើលឃើញថា ស្ដ្រីបានដើរតួរយ៉ាងសំខាន់ក្នុងការរកចំណូល និងចាត់ចែងថវិកា សម្រាប់ការចំណាយក្នុងក្រុមគ្រួសារ។ ជាទូទៅស្ដ្រីគឺមានការទុកប្រាក់កាក់បានល្អជាងបុរស ដោយសារតែស្ដ្រីគិតគូរ ដល់ប្រាក់ចំណូលមុនពេលចំណាយជានិច្ច។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ៖«បើយើងមើលទៅប្រៀងធៀបនឹងចរិតមាយាទ ទាក់ទងនឹងការទុកដាក់អីផ្សេងៗខ្ញុំមើលឃើញថា គាត់មានភាពយកចិត្ដទុក ឬក៏ចេះរៀបចំទុកដាក់ជាងបុរស ពីព្រោះជាទូទៅស្ដ្រីគាត់មិនមែនជាមនុស្សដែលខ្ជះខ្ជាយដោយការយកលុយចំណាយផ្ដេសផ្ដាស់អីទេ គាត់ច្រើនតែគិតក្នុងគ្រួសារច្រើនជាង»។
លើសពីនេះ អ្នកស្រីយល់ថា នៅមានកត្ដាជាច្រើនដែលស្ដ្រីកំពុងជួបផលំបាកក្នុងការបំពេញការងារ ដែលរាជរដ្ឋាភិបាលគួរធ្វើការសិក្សាឲ្យបានច្បាស់លាស់ និងរកដំណោះស្រាយ ប្រសិនបើចង់បានការគាំទ្រពីពួកគាត់។ អ្នកស្រី មើលឃើញថា កន្លងមកថ្វីបើប្រមុខដឹកនាំរាជរដ្ឋាភិបាលបានចុះជួបកម្មករ កម្មការិនី ជាច្រើនលើកក៏ពិតមែន ប៉ុន្ដែដំណោះស្រាយសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេមិនមាននៅឡើយ។
ជុំវិញរឿងនេះ ប្រធានសហភាពការងារកម្ពុជាយល់ស្របថា ស្ដ្រីនៅមានបញ្ហាជាច្រើនក្នុងវិស័យកាត់ដេរ ដែលពួកគេរងគ្រោះទាំងការតម្រូវឲ្យធ្វើការងារច្រើនម៉ោង និងការកេងប្រវ័ញ្ចប្រាក់អត្ថប្រយោជន៍របស់ពួកគេពីសំណាក់ថៅកែ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ហៅកាត់ថា CLC មានប្រសាសន៍ថា ស្ដ្រីបានចូលរួមយ៉ាងសកម្មដើម្បីរកចំណូលសម្រាប់គ្រួសាររហូតដល់ ៨០ភាគរយនៃចំណូលសរុប។ ក៏ប៉ុន្ដែស្ដ្រីបានប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការងាររបស់ពួកគេពិសេសគឺក្នុងវិស័យកាត់ដេរ។ ស្ដ្រីដែលមានប្រមាណ ៩០ភាគរយក្នុងចំណោមកម្មករសរុប ៨០ម៉ឺននាក់ ភាគច្រើនត្រូវបានគេតម្រូវឲ្យធ្វើការងារថែមម៉ោងច្រើន ហើយថៅកែ និយោជក បានកេញប្រវ័ញ្ចប្រាក់អត្ថប្រយោជន៍របស់ពួកគេ។
លោក អាត់ ធន់ យល់ថា ដើម្បីដោះស្រាយបញ្ហាដែលស្ដ្រីកំពុងប្រឈមក្នុងវិស័យកាត់ដេរសព្វថ្ងៃនេះ រាជរដ្ឋាភិបាលគួរពង្រឹងការអនុវត្ដច្បាប់ដោយស្មើភាព និងធ្វើការគ្រប់គ្រងមន្ដ្រីរបស់ខ្លួន កុំឲ្យឃុបឃិតជាមួយថៅកែ និយោជក ហើយជាពិសេស គឺត្រូវពង្រឹងច្បាប់ការងារដើម្បីឲ្យមានការកេញប្រវ័ញ្ចកម្លាំងពលកម្មលើស្ដ្រីបន្ដទៀត។ លោក អាត់ ធន់ ៖«ខ្ញុំគិតថា ឲ្យតែរដ្ឋាភិបាលតាមដានការអនុវត្ដច្បាប់ ហើយជំរុញឲ្យគេលើកតម្កើងសិទ្ធិស្ដ្រីឲ្យបានខ្លាំងបន្ដិទៅខ្ញុំគិតថា គឺជារឿងមួយល្អហើយ»។
ស្ដ្រីយ៉ាងច្រើនលើសលប់បានចាកចេញពីភូមិស្រុក ដើម្បីស្វែងរកការងារធ្វើ ផ្គត់ផ្គង់ការចំណាយរបស់គ្រួសារ។ ស្ដ្រីបានចូលប្រឡូកក្នុងវិស័យកាត់ដេរ មានចំនួនរហូតដល់ជិត ៧០ម៉ឺនាក់ ខណៈមានកម្មករក្នុងវិស័យនេះសរុបប្រមាណជាង ៨០ម៉ឺននាក់។
ក្រៅពីវិស័យកាត់ដេរ ស្ដ្រីមួយភាគធំក៏បានចូលទៅប្រឡូកក្នុងវិស័យសំណងផងដែរ ។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្ដរជាតិបានរកឃើញថា ស្ដ្រីបានចូលបម្រើការងារផ្នែកសំណងមានចំនួនប្រមាណជាង ៦៦០០០នាក់ ក្នុងចំណោមកម្មករសរុប ប្រមាណ ២០ម៉ឺននាក់។ ផ្អែកតាមការរកឃើញនេះបានបង្ហាញថា ស្ដ្រីគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងចូលរួមរកចំណូលដើម្បីផ្គត់ផ្គង់ ការចំណាយរបស់ក្រុមគ្រួសារទាំងមូល៕