ភ្នំពេញ៖ ផ្តើមការងារពីបុគ្គលិកអង្គការ កញ្ញា ទូច សុជាតិតា បានប្រែក្លាយខ្លួនជាសហគ្រិនម្នាក់ស្ត្រីឆ្នើមមួយរូបគ្រប់គ្រងក្រុមហ៊ុនចំនួនបី មានដូចជាក្រុមហ៊ុន Inspiredin, ក្រុមហ៊ុន Sourireproanndart, និងក្រុមហ៊ុន InoTED ។
មុននឹងចាប់ផ្តើមក្លាយខ្លួនជាសហគ្រិនជោគជ័យស្ត្រីរូបនេះបានឆ្លងកាត់ដំណើរជិវិតសិក្សានិងការងារយ៉ាងច្រើន ទាំងនៅក្នុងនិងក្រៅប្រទេស។ ដើម្បីជ្រាបច្បាស់ពីរឿងរ៉ាវទាំងនេះ កញ្ញាជុំ ជោគជាតា អ្នកសារព័ត៌មានវិទ្យុស្ត្រីអេហ្វអឹម១០២ បានរៀបចំចងជីវៈព័ត៌មានអំពីដំណើរជិវិតរបស់កញ្ញា ទូច សុជាតិតាមានខ្លឹមសារដូចតទៅ ៖
«អ្វីដែលសំខាន់គឺដូចយើងដែរចឹង បើសិនជាយើងនៅមួយកន្លែងយើងអត់ដឹងថាផ្លូវរបស់យើងនោះមានអីទេ ប៉ុន្ដែបើសិនជាយើងដើរទៅមុខ យើងនឹងដឹងថា ភាពខុសគ្នាយ៉ាងម៉េច »។
នេះជាការលើកឡើងរបស់ កញ្ញា ទូច សុជាតិតា ដែលកញ្ញាពីបុគ្គលិកអង្គការក្លាយជា សហគ្រិនដ៏ឆ្នើមមួយរូប ។ មានសម្បុរស សក់ខ្លី ទឹកមុខញញឹមពព្រាយ កញ្ញា ទូច សុជាតិតា ដើរលើជណ្ដើរបណ្ដើរនិយាយឱ្យដឹងបន្ដបណ្ដើរ។
កញ្ញា ទូច សុជាតិតា ៖«តែបើសិនជាយើងដើរទៅមុខ យើងនឹងដឹងថា ភាពខុសគ្នាយ៉ាងម៉េច ព្រោះនៅពេលដែលបងចាប់ផ្ដើមចង់ក្លាយខ្លួនជាសហគ្រិន មានមិត្តភក្ដិ និងក្រុមគ្រួសារក៏បារម្ភថា យើងអត់ដែលមានបទពិសោ ធន៍ធ្វើអាជីវកម្មផង ដល់ពេលយើងឈប់ ហើយបង្កើតក្រុមហ៊ុនចឹងអាចនឹងមានភាពប្រឈមច្រើនមែនទែន ។តែបងប្រាប់ពួកគាត់វិញថា បើយើងមិនដែលដើរទៅមុខទេ យើងមិនដឹងថា នៅខាងមុខមានអីទេ»។
ការងារដំបូងដែលកញ្ញា ទូច សុជាតិតា បានឆ្លងកាត់
ការណាត់ជួបសម្ភាសន៍ជាមួយនិងកញ្ញា ទូច សុជាតិតា ដែលជាអតីតបុគ្គលិកអង្គការលីកាដូបានចាប់ផ្ដើមនៅពេលឡើងទៅដល់ការិយាយល័យរបស់អង្គការ Oxfam ។
នៅខាងក្នុងបរិវេណនៃអង្គការ Oxfam ហាក់ដូចជាមានភាពស្ងប់ស្ថាត់បន្ថិចដោយសារតែនៅទីនោះ ម៉ោងប្រមាណជា ៦ ល្ងាចហើយ ដែលធ្វើអោយមានតែបុគ្គលិក ៣ទៅ ៤នាក់ បូករួមទាំងសន្ដិសុខយាមកាមម្នាក់ ប៉ុណ្ណោះដែលកំពុងមានវត្តមាននៅពេលនេះ។ តែយ៉ាងណានៅក្នុងសម្ដីរាក់ទាក់ពីកញ្ញា ទូច សុជាតិតា បានធ្វើអោយសភាពស្ងប់ស្ងាត់ទាំងនេះ ប្រែក្លាយជាបរិយាកាសរីករាយ ។
អង្គុយនៅក្នុងបន្ទប់ការរិយាល័យ ៤ជ្រុង រាងអក្សរ X កញ្ញា ទូច សុជាតិតា បានរៀបរាប់ពីប្រវត្តិការងាររបស់ខ្លួនតាំងពីមុនដំបូង និងរហូតដល់បានក្លាយជាសហគ្រិន។
កញ្ញា ទូច សុជាតិតា ៖ «ច៎ាមុនដំបូងបងជាបុគ្គលិកអង្គការលីការដូជាអង្គការសិទ្ធិមនុស្ស ពេលនឹងបងធ្វើការជាមន្រ្ដីជាន់ខ្ពស់លើរឿងស្រ្ដី ហើយពេលបងធ្វើការរយៈពេលបានប៉ុន្មានខែទៅ គេក៏អោយបងធ្វើជា WomenrightSupervisor »។
ការចាប់ផ្ដើមការងារដំបូងរបស់កញ្ញា ទូច សុជាតិតា គឺជាមន្រ្ដីជាន់ខ្ពន់ផ្នែកស៊ើបអង្កេតលើការរំលោភសិទ្ធិស្រ្ដី នៅអង្គការលីកាដូ ។
ក្នុងសម្ដីរៀបរាប់របស់ កញ្ញា ទូច សុជាតិតា គឺកញ្ញាបានឱ្យដឹងទៀតថា កញ្ញាក៏បានចូលធ្វើការជាអ្នកសម្របសម្រួលអោយអង្គការខេមប៊ូ។
កញ្ញា ទូច សុជាតិតា ៖«ហើយបន្ទាប់មកនៅពេលដែលធ្វើការជាមួយអង្គការនឹង បងចេះតែមានការងារជាច្រើនធ្វើជាមួយនិងការងារអនុសញ្ញាអន្ដរជាតិស៊ីដ ហើយនៅពេលហ្នឹងក៏មានខាងអង្គការលីកាដូក៏ជាប្រធានរបស់អង្គការរួមសម្ព័ន្ធជាមួយនិងខេមប៊ូ នៅក្នុងការងារខេមប៊ូបងជាអ្នកសម្របសម្រួលការងារអោយខេមប៊ូដែរ ហើយពេលហ្នឹង ខេមប៊ូ មាន ៣៥ អង្គការដែលធ្វើការរឿងតស៊ូមតិ ទាក់ទងនិងច្បាប់អំពើហិង្សាក្នុងគ្រួសារ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ហើយនិងច្បាប់ស្ដីពីការជួញដូរស្រ្ដីនិងកុមារ។ ចឹងបងបានចូលរួមចំណែកច្រើនទាក់ទងនិងការតស៊ូមតិទៅលើច្បាប់ទាំងពីរ ហើយនឹងរបាយការណ៍អនុសញ្ញាអន្ដរជាតិស៊ីដ »។
ជាងនេះដែរ បន្ទាប់ពីបានធ្វើការនៅអង្គការលីកាដូ និងបណ្ដាញខេមប៊ូហើយ គឺ នៅឆ្នាំ ២០០៥ កញ្ញាបានចូលធ្វើការនៅ UNDP អង្គការសហប្រជាជាតិ។ ពេលនោះកញ្ញាក៏មានតួនាទីមួយទៀតទៅលើការផ្ដល់ការគាំទ្រផ្នែកអភិបាលកិច្ច ក្នុងគម្រោងធំៗចំនួនបី គម្រោងទីមួយ.ទាក់ទងនិងការអភិវឌ្ឍន៍សមត្ថភាពរបស់សមាជិកសភា និងសមាជិកព្រឹទ្ធសភា។ និងគម្រោងទីពីរ.គឺទាក់ទងនឹងការប្រឆាំងអំពើពុករលួយ ។ ដោយឡែក គម្រោងទីបី.ពាក់ព័ន្ធនិងការស្វែងរកយុត្ដិធម៌។
ការសិក្សានៅប្រទេសនាំអោយកញ្ញាទូច សុជាតិតា ក្លាយជាអ្នកមានគោលដៅច្បាស់លាស់
កញ្ញា ទូច សុជាតិតា បានចូលបម្រើការងារនៅ UNDP នៃអង្គការសហប្រជាជាតិនេះ រយៈពេលបីឆ្នាំ។ បន្ទាប់ពី ៣ឆ្នាំកន្លងផុតទៅកញ្ញាបានសម្រេចចិត្តរៀនបន្ដនៅប្រទេសនូវេសេឡង់។
កញ្ញា ទូច សុជាតិតា៖ «ដោយសារមាន Program Manager គាត់ជាអ្នកដែលមានសមត្ថភាព ហើយនៅក្នុងស្ថាប័នទាំងអស់នោះបងឃើញភាគច្រើន គឺ សុទ្ធតែជាបុរស ថ្នាក់ដឹកនាំនៅក្នុងរាជការ ថ្នាក់ដឹកនាំនៅក្នុងស្ថាប័នអង្គការ ឬក៏ស្ថាប័នផ្សេងៗ ភាគច្រើនជាបុរស ពេលនោះបងសួរខ្លួនឯងថា ហេតុអីក៏មានចំនួនស្រ្ដីតិចម៉្លេះ ។ចឹងពេលនោះបងក៏សម្រេចចិត្តថា បងទៅរៀនបន្ដ» ។
គួរជម្រាបដែរថា ការទៅរៀននៅប្រទេស នូវេសេឡង់ នៅ ឆ្នាំ២០០៨ គឺដោយសារតែកញ្ញា ទូច សុជាតិតា ងបានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេស New Zealand (នូវែលសេឡង់) រៀនអនុបណ្ឌិត ជំនាញខាងគោលនយោបាយសាធារណៈ រយៈពេល ២ឆ្នាំ។
បើនិយាយពីបទពិសោធន៍នៃការរៀនសូត្រនៅប្រទេសនូវេសេឡង់ កញ្ញា ទូច សុជាតិតា ហាក់ដូចជាអភិវឌ្ឍន៍ខ្លួនឯងបានយ៉ាងលឿន។
កញ្ញា ទូច សុជាតិតា៖«និយាយពីបទពិសោធន៍នៃការរៀនសូត្រគឺមុនដំបូងមានអារម្មណ៍ភ័យខ្លាចដែរ ពីព្រោះយើងជាស្រ្ដីហើយយើងមកពីប្រទេសកំពុងអភិវឌ្ឍន៍ ហើយភាសាអង់គ្លេសក៏មិនជាខ្លាំងក្លាណាស់ណា បើប្រៀបធៀបជាមួយនិងជនជាតិដើមរបស់គេដែលនៅទីនោះ។ តែនៅពេលដែលបងបានរស់នៅទីនោះ រយៈពេល ១ខែ បងក៏សាំនឹងស្ថានភាពរស់នៅនៅទីនោះ ហើយបងក៏ជាផ្ដើមរកវិធីសាស្រ្ដនៃការរៀន»។
កញ្ញា ទូច សុជាតិតា ដែលមានអាយុ ៣៧ ឆ្នាំ បានឱ្យដឹងបន្ដថា ការផ្លាស់ប្ដូរយ៉ាងលឿនរបស់កញ្ញា គឺ ការអោយតម្លៃទៅលើការអានសៀវភៅឲ្យបានច្រើន ។
កញ្ញា ទូច សុជាតិតា៖«នៅពេលដែលយើងអាចច្រើន យើងមានចម្ងល់ច្រើន នៅពេលដែលមានចម្ងល់ នៅក្នុងបងឃើញថា នៅថ្នាក់ខ្ពស់ក៏ដោយ ក៏នៅមានបុរសច្រើនជាងដែរ។ចឹងនៅក្នុងថ្នាក់មុនដំបូងបុរស គាត់មានមតិច្រើន ពេលនោះបងក៏ចាប់ផ្ដើមគិតទៀត ពីព្រោះបទពិសោធន៍បងតាំងពីដើម គឺ ទាក់ទងនិងសិទ្ធិស្រ្ដី។ ចឹងបងក៏មានអារម្មណ៍ថា បងជាស្រ្ដីបងក៏អាចគិតបានច្រើន ក៏អាចនិយាយបានច្រើនដូចគ្នា នៅពេលនោះបងចាប់ផ្ដើមអានសៀវភៅច្រើន ធ្វើការស្រាវជ្រាវច្រើន ក៏មានការជជែកក្នុងថ្នាក់គ្រូ ក៏ដូចជាជាមួយលោកគ្រូ អ្នកគ្រូនៅទីនោះ គឺគេទទួលស្គាល់»។
បញ្ជាក់ដែរថា មុននិងកញ្ញា ទូច សុជាតិតា ជាប់អាហារូបករណ៍សិក្សានៅប្រទេនូវេសេឡង់ ផ្នែកអនុបណ្ឌិត មុខវិជ្ជា គោលនយោបាយសាធារណៈ គឺ កញ្ញា បានរៀននៅមហាវិទ្យាល័យចំនួនពីរ គឺមហាវិទ្យាល័យច្បាប់ និងមហាវិទ្យាល័យសេដ្ឋកិច្ច ។ កាលណោះកញ្ញាបានបញ្ចប់មហាវិទ្យាល័យច្បាប់នៅឆ្នាំ២០០១ ហើយបានបញ្ចប់មហាវិទ្យាល័យសេដ្ឋកិច្ចដោយជោគជ័យនៅឆ្នាំ២០០២ ។ ពេលដែលចប់មហាវិទ្យាល័យសេដ្ឋកិច្ចហើយ កញ្ញា ទូច សុជាតិតា ក៏ចាប់ផ្ដើមចូលធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ ២០០២ ។
ជាងនេះអ្វីដែលគួរឲ្យស្ញប់ស្ញែងនឹងកញ្ញា ទូច សុជាតិតា ដែរនោះ គឺ ភាពក្លាហាន និងការតាំងចិត្តខ្ពស់របស់កញ្ញា អំឡុងពេលរៀនថ្នាក់អនុបណ្ឌិតនៅបរទេស។
កញ្ញាទូច សុជាតិតា៖«មុនដំបូងបងគិតថា ខ្លួនឯងជាស្រ្ដីហើយមកពីប្រទេសកំពុងអភិវឌ្ឍន៍ផង ប្រហែលជាមិនអាចរៀនឈ្នះអ្នកដែលគេមានភាសាអង់គ្លេសល្អទេ តែរយៈពេល បាន ពីរ បីខែ ក៏បងចាប់ផ្ដើមអាចរៀនឆ្លងឆ្លើយជាមួយលោកគ្រូ អ្នកគ្រូ នៅទីនោះ គឺ បានល្អដូចជាជនជាតិដើមរបស់គេដែរ»។
ការងារបន្ទាប់ពីការសិក្សានៅបរទេស
នៅមិនទាន់ទៅណាឆ្ងាយទេ បន្ទាប់ពីត្រឡប់មកពីប្រទេសនូវេសេឡង់ នៅចុងឆ្នាំ ២០១០ កញ្ញា ទូច សុជាតិតា ក៏បានចូលបម្រើការងារនៅមណ្ឌលព័ត៌មានស្រ្ដីកម្ពុជាក្នុងឆ្នាំ ២០១១។
កញ្ញា ទូច សុជាតិតា៖«ហើយបន្ទាប់ពីត្រឡប់ពីរៀន នៅចុងឆ្នាំ២០១០ វិញ បងក៏មានបំណងចង់ធ្វើការនៅខាងប្រព័ន្ធផ្សព្វផ្សាយ ដោយសារតែនិក្ខេបទបងរៀនទាក់ទងនឹងសេរីភាពសារព័ត៌មាន ហើយនិអភិបាលកិច្ច ដល់ពេល ឆ្នាំ២០១១ បងក៏បានប្រឡងជាប់នៅមណ្ឌលព័ត៌មានស្រ្ដីកម្ពុជា ជាប្រធានផ្នែកទំនាក់ទំនងរកធនធាន ហើយនិងទំនាក់ទំនងខាងក្រៅ។ហើយទន្ទឹមពេលនឹងដែរគឺបងមានគំនិតមួយទៀត ចង់ចែករំលែកចំណេះដឹង និងចែរំលែកបទពិសោធរបស់ខ្លួនកន្លងមកទៅដល់ក្មេងៗជំនាន់គ្រាន់»។
ធ្វើជាគ្រូបង្រៀនគឺជាបទពិសោធន៍នៃការអប់រំហក់ចូលការងារថ្មីទៀត
កញ្ញា ទូច សុជាតិតា ធ្វើការនៅមណ្ឌលព័ត៌មានស្រ្ដីកម្ពុជានេះ បានរយៈពេលកន្លះឆ្នាំ ។
កញ្ញា ទូច សុជាតិតា៖ «ប្រហែលជាធ្វើការបានកន្លះឆ្នាំ ក៏បងមានការក្រៅម៉ោងមួយទៀត គឺជាគ្រូបង្រៀន ។នៅពេលណឹង បងបង្រៀននៅ ២មហាវិទ្យាល័យ គឺ មហាវិទ្យាល័យបញ្ញាសាស្រ្ដ និងមហាវិទ្យាល័យកម្ពុជា ហើយមុខវិជ្ជាដែល បងបង្រៀនភាគច្រើន ទាក់ទងនិងការគ្រប់គ្រង ទាក់ទងទៅនិងការធ្វើទីផ្សារ ហើយនិងទាក់ទងនូវមុខវិជ្ជាមួយចំនួនទៀតគឺទៅលើភាពជាអ្នកដឹកនាំ និងសហគ្រិនភាព ចុងក្រោយមុខវិជ្ជាដែលបងចូលចិត្តបង្រៀនជាគេ គឺ មុខវិជ្ជា Gender »។
ក្រោយបញ្ចប់ការងារនៅមណ្ឌលព័ត៌មានស្រ្ដីកម្ពុជានៅចុងឆ្នាំ ២០១២ កញ្ញា ទូច សុជាតិតា ក៏មានបំណងមួយទៀតចូលធ្វើការនៅអង្គការ Oxfam ។
កញ្ញា ទូច សុជាតិតា៖ «នៅចុងឆ្នាំ ២០១២ បងមានបំណងមួយទៀត ថា បើសិនជាបានចូលធ្វើការនៅអន្ដរជាតិ ប្រហែលជាមានបទពិសោធន៍ច្រើនជាងណឹងទៀត នៅពេលនោះបងក៏បានប្រឡងជាប់មកខាងអង្គការ Oxfam »។
នៅក្នុងការងាររបស់ Oxfam កញ្ញា ទូច សុជាតិតា បានធ្វើការជាច្រើនទាក់ទងទៅនិងវិស័យផ្សេងៗគ្នា មានទាំងវិស័យកសិ កម្ម វិស័យអភិបាលកិច្ច ធនធានធម្មជាតិ ការគាំទ្រធនធានធម្មជាតិ ការធ្វើអោយមានសេដ្ឋកិច្ចប្រសើរឡើងសម្រាប់ស្រ្ដីជា ដើម។
នៅពេលដែល កញ្ញា ទូច សុជាតិតា ធ្វើការបានរយៈពេល ២ឆ្នាំ ជាមួយនិងអង្គការ Oxfam នៅឆ្នាំ២០១៤ កញ្ញាត្រូវបានគេគាំទ្រអោយក្លាយទៅជាអ្នកគៀងគងថវិកាប្រចាំប្រទេសរបស់ Oxfam ទាំងមូលនៅកម្ពុជា រហូតដល់ឆ្នាំ២០១៦ ការងារ គៀងគងថវិការអោយ Oxfam ហាក់ដូចជាបានធ្វើអោយកញ្ញាកាន់តែសិ្នទជាមួយនិងវិស័យឯកជនបន្ថែមទៀត។
កញ្ញា ទូច សុជាតិតា៖ «នៅពេលដែលបងធ្វើការច្រើនជាមួយនិងខាងវិស័យឯកជន ពេលនោះក៏បងចាប់ផ្ដើមគិត ថា មួយរយៈពេលកន្លងមកនេះ បងធ្វើការច្រើនជាមួយនិងស្ថាប័នអង្គការ ។ដូចនេះក៏មានចិត្តមួយចង់ផ្លាស់ប្ដូរការងារ និងផ្លាស់ប្ដូរបទពិសោធន៍។ប៉ុន្ដែមុននិងឈប់ពីអង្គការ Oxfamពេលនោះបងបានត្រៀមខ្លួនជាមុន ពីព្រោះបងមានផែនការច្បាស់លាស់ថានៅពេលមុនបងឈប់នៅ២០១៦ ចឹងបងត្រូវធ្វើអីខ្លះនៅអំឡុងឆ្នាំ ២០១៦ »។
ការហត់ចូលក្នុងវិស័យសហគ្រាសក្លាយជាស្ថាបនិកក្រុមហ៊ុន
មុន និងអំឡុងពេល២០១៦ កញ្ញា ទូច សុជាតិតា បានចូលរួមស្ម័គ្រចិត្តធ្វើការងារជាមួយនិងសមាគមមួយ ឈ្មោះថា «សមាគមសហគ្រិន ស្រ្ដីកម្ពុជា» ដែលនៅក្នុងសមាគមសហគ្រិនស្រ្ដីកម្ពុជាពេលនោះ មានសមាជិកជាង ៣០០នាក់ កញ្ញា ទូច សុជាតិតា បានស្ម័គ្រចិត្តចូលរួមសម្របសម្រួលការងារមួយចំនួននៅទីនោះ ដូចជា Business Network នៅពេលមានប្រជុំជាមួយខាងសហគ្រិនស្រ្ដី ឬប្រជុំជាមួយអ្នកវិនិយោគពីខាងក្រៅជាដើម។
កញ្ញា ទូច សុជាតិតា ៖ «នៅពេលដែលបងបានចូលនៅក្នុងសមាគម មានអារម្មណ៍ថា មានចំណេះដឹងថ្មីថែមទៀត ពីព្រោះសួរខ្លួនឯងថា មានសហគ្រិនស្រ្ដីជាច្រើនដែលគាត់បានទទួលជោគជ័យនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែបើប្រៀបធៀបចំនួន គឺ នៅតិចជាងបុរសដដែល ។ ដូចនេះ ទស្សនៈបញ្រ្ជាបយេនឌ័រ ឬលើកកម្ពស់យេនឌ័រនៅតាមខ្លួនជានិច្ច ចឹងក៏មានអារម្មណ៍ថា ចង់ធ្វើការនៅក្នុងវិស័យឯកជនវិញម្ដង ថាតើវាមានភាពខុសគ្នាយ៉ាងម៉េច»។
នៅពេលដែលចូលក្នុងវិស័យឯកជនពេលនោះ កញ្ញា ទូច សុជាតិតា ក៏មានគំនិតមួយចង់បង្កើតក្រុមហ៊ុនដោយខ្លួនឯង ។ នៅឆ្នាំ ២០១៤ កញ្ញាក៏បានបង្កើតក្រុមហ៊ុនមួយដោយដាក់ឈ្មោះថា inspiredin ដែលកញ្ញាជានាយកគ្រប់គ្រង ។
កញ្ញា ទូច សុជាតិតា ៖ « inspiredin គឺជាក្រុមហ៊ុនដែលផ្ដល់ប្រឹក្សាយោបល់ទៅដល់សហ គ្រិនថ្មី សហគ្រិនជាលក្ខណៈគ្រួសារ ។ ពេលនោះបងក៏ធ្វើការដោយបង្កើតជាក្រុមហ៊ុននៅពេលដែលខ្លួនឯងកំពុងមានបទពិសោធន៍ទៅលើវិស័យឯកជនតិចតួចដែល ។ប៉ុន្ដែមានអារម្មណ៍ថា បង្កើតបណ្ដើរ រៀនបណ្ដើរ ហើយធ្វើជាប្រធានបណ្ដើរ »។
តាម កញ្ញា ទូច សុជាតិតា កាបង្កើតក្រុមហ៊ុនដោយខ្លួនឯង ហើយរៀនបណ្ដើរ និងធ្វើជាប្រធានបណ្ដើរ ជារឿងដែលពិបាក និងជួបឧបសគ្គខ្លះដែរ ។តែឧបសគ្គទាំងនេះមិនមែនជាបញ្ហាអ្វីដែលកញ្ញាមិនអាចយកជ័យជំនៈលើវាបាននោះទេ ។
កញ្ញា ទូច សុជាតិតា ៖ «ចឹងមានឧបសគ្គច្រើនដែរនៅពេលនោះ គឺ ចំណេះដឹង ចឹងយើងត្រូវរៀនច្រើនពីភាពជាសហគ្រិន ប៉ុន្ដែដោយសារតែភាពរៀនសូត្រពីសមាគមសហគ្រិនដែលបងបានរៀពីសហគ្រិនដើរគាត់បានដើរទៅមុខ បានធ្វើអោយការរៀនសូត្ររបស់បងក្នុងរយៈពេលខ្លី អាចរៀនបានលឿន»។
គោលដៅជួយស្រ្ដីក្លាយជាសហគ្រិន
អ្វីដែលធ្វើអោយកញ្ញា ទូច សុជាតិតា សម្រេចចិត្តបើកក្រុមហ៊ុនប្រឹក្សាយោបល់សម្រាប់សហគ្រិនឡើង ដោយសារកញ្ញាមើលឃើញអំពីតម្រូវការនៅក្នុងតំបន់អាស៊ាន និងការបង្កើតក្រុមហ៊ុននៅកម្ពុជា ដែលជាចំនុចចាប់ផ្ដើមមួយធ្វើអោយកញ្ញា សម្រេចបង្កើតក្រុមហ៊ុនដែលផ្ដល់ប្រឹក្សាយោបល់ទៅលើភាពជាសហគ្រិន ការគ្រប់គ្រងបុគ្គលិក និងការស្រាវជ្រាវទីផ្សារជា ដើម។ ប៉ុន្ដែយ៉ាងណាគំនិតមួយទៀតដែលធ្វើអោយកញ្ញា សុជាតិតា មានគំនិតបង្កើតក្រុមហ៊ុននេះឡើងដែរ ដោយសារតែជីវភាពស្រ្ដីនៅកម្ពុជាតែម្ដង។
កញ្ញា ទូច សុជាតិតា ៖ «ព្រោះបងព្យាយាមធ្វើយ៉ាងម៉េចដើម្បីអាចអោយមានបុគ្គលិក ឬថ្នាក់ដឹកនាំជាស្រ្ដី ប៉ុន្ដែភាពលំបាកដោយសារតែពិបាករកបុគ្គលិកជាស្រ្ដីដែលគាត់មានចំណេះដឹងខ្ពស់ដែលអាចផ្ដល់ជាទីប្រឹក្សាទៅដល់ខាងសហគ្រិនផ្សេងៗ ។ ប៉ុន្ដែបងតែងតែព្យាយាមពីព្រោះបងមានទ្រីស្ដីមួយ តែងតែគិតទោះនៅក្នុងស្ថាប័នរដ្ឋក្ដី ស្ថាប័នឯកជនក្ដី បងតែងតែគិតថា បងចង់ក្លាយជាប្រជាពលរដ្ឋសកលមួយ ។ ចឹងនៅក្នុងដំណើរបានក្លាយជាប្រជាពលរដ្ឋសកលមួយ បងតែងមានអារម្មណ៍ថា ធ្វើយ៉ាងម៉េចដើម្បីអោយស្រ្ដីរបស់ប្រទេសកម្ពុជា ធ្វើដំណើរទៅរួមគ្នា »។
នៅមុនពេលបង្កើតក្រុមហ៊ុន និងអំឡុងពេលបង្កើតក្រុមហ៊ុន កញ្ញា ទូច សុជាតិតា បានប្រាប់ថា នាងមានបំណងប្រាថ្នារួចហើយ គឺអោយស្រ្ដីនៃប្រទេសកម្ពុជាបានធ្វើដំណើររួមគ្នាជាសកលនៅលើពិភពលោក។
ខណៈដែលចង់អោយស្រ្ដីនៃប្រទេសកម្ពុជាបានធ្វើដំណើររួមគ្នាជាសកលនៅលើពិភពលោក កញ្ញា ទូច សុជាតិតា ក៏បានឆ្លៀតពេលក្រៅការងាររបស់ខ្លួនជួយដល់សមាគមស្រ្ដីកម្ពុជា និងជួយដល់សមាជិករបស់សមាគមសហគ្រិនផងដែរ ដើម្បីអោយពួកគេទទួលបានព័ត៌មាន និងទទួលបានការបណ្ដុះបណ្ដាលបន្ថែមទៀត។
កញ្ញា ទូច សុជាតិតា៖ «ចឹងនៅក្នុងណឹងមានការងារជាច្រើនដែលត្រូវធ្វើ ធ្វើម៉េចកសាងសមត្ថភាពរបស់សហគ្រិនស្រ្ដី ហើព្យាយាមធ្វើម៉េចអោយការរៀនសូត្រមានលក្ខណៈងាយយល់ ងាយទទួលយកអនុវត្តបាន »។
តាមរយៈការងារក្រុមហ៊ុន inspiredin តាមរយៈការងារសមាគមសហគ្រិនស្រ្ដីកម្ពុជា ពេលនោះកញ្ញា ទូច សុជាតិតាត្រូវបានគេអោយធ្វើជាជនបង្គោលរបស់កម្មវិធីមួយដែលហៅថា US Asian Academe ដែលធ្វើការទៅលើព័ត៌មានវិទ្យា និងភាពជា សហគ្រិន ។ ក្រៅពីជាជនបង្គោលរបស់ Asian Academe ត្រូវបានគេជម្រុញលើកទឹកចិត្តកញ្ញាជាជនបង្គោលរបស់កម្មវិធីមួយទៀតដែលមានឈ្មោះថា Wi-Fi ។
កញ្ញា ទូច សុជាតិតា៖ « ចឹងនៅក្នុងណឹងគេធ្វើយ៉ាងម៉េចគឺគេ ដោយសារយើងឃើញហើយសេដ្ឋកិច្ចរបស់យើង ការរស់នៅរបស់យើង ការរៀនសូត្រក្ដី ប្រព័ន្ធមួយនេះជួយច្រើនមែនទែន ចឹងបានជាមានការងារច្រើនដែលត្រូវធ្វើជាមួយសមាគម និងការងារច្រើនទៀតដែលត្រូវធ្វើជាមួយនិងក្រុមហ៊ុនរបស់ខ្លួនឯង »។
បន្ទាប់ពីបង្កើតក្រុមហ៊ុន inspiredin ដែលផ្ដល់លក្ខណៈប្រឹក្សាយោបល់ទៅដល់សហគ្រិន ជួយរៀបចំក្រុមហ៊ុនដែរពីក្រុមហ៊ុនជាលក្ខណៈគ្រួសារអោយទៅជាលក្ខណៈក្រុមហ៊ុនស្ដង់ដា កញ្ញា ទូច សុជាតិតា ក៏មានគំនិតបង្កើតក្រុមហ៊ុនមួយទៀតដែលធ្វើការលើការវេចខ្ចប់ និងការផ្សព្វផ្សាយបែបលក្ខណៈសិល្បៈផងដែរ ។
កញ្ញា ទូច សុជាតិតា៖ «ដោយសារធ្វើការជាច្រើនជាមួយសហគ្រិន ឃើញថា ពួកគាត់មានការប្រឈមដូចជាផលិតផលក្នុងស្រុករបស់យើង បើនិយាយពីគុណភាពមិនសូវជាចាញ់ប្រទេសជិតខាងទេ ចឹងទាក់ទងភាគច្រើនទាក់ទងនិងការវេចខ្ចប់របស់ផលិតផលក្នុងស្រុកយើង។ចឹងហើយបានបងជាមួយនិងខាងភាគហ៊ុនផ្សេងទៀតក៏នាំគ្នាបង្កើតជាក្រុមហ៊ុនមួយទៀតថា SourireProAn Art (SPA) ពីព្រោះយើងយកសិល្បៈដើម្បីកែប្រែការវេចខ្ចប់ផលិតផលក្នុងស្រុក»។
ទាក់ទងការងារជាច្រើនដែលកញ្ញា ទូច សុជាតិតា បានធ្វើនៅក្នុងក្រុមហ៊ុនថ្មី ឈ្មោះថា Sourireproandart នៅចុងខែ៩ នៃឆ្នាំ២០១៧នេះ កញ្ញាក៏សម្រេចបង្កើតក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា InoTED ដែលមានម្ចាស់ភាគហ៊ុន ៨នាក់ទៀត បានគិតរួមគ្នាបង្កើតក្រុមហ៊ុនថ្មីមួយនេះឡើង។
កញ្ញា ទូច សុជាតិតា៖ «ចឹងគឺយើងគិតពី ថាតើ ដោយសារបទពិសោធន៍បងជាមួយសមាគម ដែលបងបានត្រូវគេតែងតាំងជាជនបង្គោលរបស់ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាផង ចឹងនៅក្នុងក្រុមហ៊ុនរបស់យើងក៏យើងបានគិតថាតើ យើងត្រូវយកព័ត៌មានវិទ្យា មកធ្វើការលើកស្ទួយ ឬលើកកម្ពស់ការអភិវឌ្ឍន៍ផ្សេងៗដោយរបៀបម៉េច នៅក្នុងណឹងវិស័យអប់រំជាគោលការណ៍សំខាន់ ទីពីរ.យើងផ្ដោតទៅលើវិស័យទេសចរណ៍ និងទីបី.វិស័យកសិកម្ម»។
ភាពជោគជ័យបានមកពីការអភិវឌ្ឍន៍ខ្លួនឯង
ការរៀនសូត្រពីការងារមួយទៅការងារមួយបានធ្វើអោយកញ្ញា ទូច សុជាតិតា អភិវឌ្ឍន៍ខ្លួនឯងកាន់តែប្រសើរ ហើយក៏ជាចំណែកធនធានមនុស្សមួយដ៏សំខាន់សម្រាប់ប្រទេសជាតិ ។
កញ្ញា ទូច សុជាតិតា៖ «នេះគឺជាការបទពិសោធន៍ការធ្វើការងារក្រុមហ៊ុន ការធ្វើការងារនៅក្នុងសមាគម ហើយអ្វីដែលបងបានរៀនសូត្រច្រើនគឺការជួបជុំការជជែកវែកញ៉ែកជាមួយនិងមនុស្សដែលមានមកពីប្រទេសផ្សេងៗគ្នា ឬមួយក៏មកពីស្ថាប័នផ្សេងៗគ្នា គឺជាបណ្ដុះចំណេះដឹង ជាបណ្ដុះបទពិសោធន៍ ដែលបងបានរៀនសូត្រ អនុវត្ត ហើយនិងយកមកចែករំលែកទៅដល់ក្រុមយុវជនផ្សេងទៀត ក៏ដូចជាសហគ្រិនដែលគាត់អត់ទាន់មានឱកាសដូចអ្នកមួយចំនួន។នេះជាអ្វីដែលបងបានធ្វើកន្លងមក និងកំពុងធ្វើ ហើយនិងបន្ដធ្វើទៅថ្ងៃអនាគត »។
ការជោគជ័យរមែងផ្សារភ្ជាប់ជាមួយនិងការខិតខំប្រឹងប្រែងចុះក្រៅពីការខិតខំប្រឹងប្រែង តើអ្វីដែលនៅពីក្រោយ កញ្ញា ទូច សុជាតិតា ដែលជម្រុញអោយនាងទទួលបានជោគជ័យ?
កញ្ញា ទូច សុជាតិតា៖ «ច៎ាបើគិតមែនទែនទៅម្ដាយរបស់បងគឺជាមេផ្ទះ ប៉ុន្ដែសរសើរគាត់ដោយសារតែគាត់ជាស្រ្ដី តាមពិតទៅកម្រិតវប្បធម៌គាត់អត់បានរៀនដល់ថ្នាក់ខ្ពស់ទេ ប៉ុន្ដែគាត់តែងតែអោយតម្លៃលើការសិក្សា ។ចឹងបងជាកូនស្រីច្បងនៅក្នុងគ្រួសារគាត់តែងតែជម្រុញលើកទឹកចិត្តអោយបានច្រើន ចឹងការងារមួយចំនួនគាត់ទទួលរ៉ាប់រង ហើយបើនិយាយអំពីឱពុករបស់បងវិញគាត់ក៏បានផ្ដល់ឱកាសអោយកូនៗរៀនសូត្រផងដែរ»។
អំពីគ្រួសារ
ផ្ដើមចេញពីគ្រួសារដែលអោយតម្លៃលើការសិក្សា ការផ្ដល់ឱកាស និងការជម្រុញលើកទឹកចិត្ដ បានធ្វើអោយកញ្ញា ទូច សុជាតិតាទទួលបានចំណេះដឹងជាច្រើនពីការសិក្សារៀនសូត្រ និងការងារនៅក្នុងសង្គម។
កញ្ញា ទូច សុជាតិតា ៖«បងមិនមែនជាកូនអ្នកដែលធូរធាទេ គឺជាអ្នកមកពីខេត្តបាត់ដំបង ដែលឡើងមកទីក្រុងភ្នំពេញជួលផ្ទះគេនៅ យសារការសិក្សាររបស់កូនណឹហើយឱពុកម្ដាយរបស់បងបានផ្លាស់ប្ដូរទៅលំនៅ មករស់នៅទីក្រុងភ្នំពេញ »។
កញ្ញា ទូច សុជាតា ជាកូនច្បងនៅក្នុងគ្រួសារ ដែលមានបងប្អូនប្រុសស្រី ៥នាក់ ( ស្រី ៣ នាក់ និងប្រុស ២នាក់ )។
ការផ្ដល់ឱកាស និងលើកទឹកចិត្តពីឱពុកម្ដាយអោយកូនៗរៀនបានខ្ពស់ គឺជារឿងដ៏សំខាន់ហើយសមទ្ធិផលនៃការខិតខំប្រឹងប្រែងរបស់កូនៗ ក៏ជារឿងដ៏សំខាន់ដែលឱពុកម្ដាយចង់ឃើញផងដែរ ៕
អត្ថបទ៖ កញ្ញា ជុំ ជោគជាតា