ក្រុងម៉ាកាវៈ ប្រទេសចិន៖ ក្នុងដំណើរចូលរួមសន្និសីទស្រូវអង្ករលើកទី ៩ នៅទីក្រុងម៉ាកាវ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តិ៍ទៅពីថ្ងៃទី៦-៨ខែវិច្ឆិកា និងឆ្លងកាត់ការប្រកួតប្រជែងអង្ករល្អបំផុតប្រចាំឆ្នាំនោះ ទីបំផុតអង្ករកម្ពុជាពុំបានជាប់ជាអង្ករល្អបំផុតនោះទេ តែអង្ករកម្ពុជាបានជាប់ជាអង្ករល្អបំផុតក្នុងចំណោម ៣ប្រទេសចុងក្រោយដែរ។ នេះបើយោងតាមទំព័រហ្វេសប៊ុកសហព័ន្ធស្រូវអង្ករកម្ពុជា ផ្សាយកាលពីថ្ងៃម្សិលមិញ។

ក្នុងប្រព្រឹត្តិការណ៍សន្និសីទស្រូវអង្ករលើកទី ៩ និងក្នុងឱកាសនៃការប្រកួតប្រជែងអង្ករល្អបំផុតនោះ សហព័ន្ធស្រូវអង្ករកម្ពុជា និង សមាជិករបស់ខ្លួនតំណាងឲ្យប្រទេសកម្ពុជា បានទៅចូលរួមដើម្បីរួមចំណែកដល់សកម្មភាពផ្សព្វផ្សាយ និង ស្វែងរកដៃគូសម្រាប់ពង្រីកទីផ្សារ និង នាំចេញអង្ករផងដែរ។
ក្នុងដំណើរចូលរួមនេះ មន្ត្រីរបស់សហព័ន្ធស្រូវអង្ករ និង តំណាងក្រុមហ៊ុននាំចេញពីប្រទេសកម្ពុជា មិនត្រឹមទទួលឱកាសស្វែងយល់ពីបច្ចុប្បន្នភាពក្នុងវិស័យស្រូវអង្ករជាសកលនោះទេ ថែមទាំងបាននាំយកអង្ករចំនួន ៣សំណាក ដែលជ្រើសរើសដោយសម្រិតសម្រាំង និង សុក្រឹត្យបំផុត ដើម្បីដាក់ប្រកួតជ្រើសរើសគុណភាពថ្នាក់ជាតិ សម្រាប់ចូលរួមប្រកួតប្រជែងអង្ករល្អបំផុតប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសន្និសីទលំដាប់អន្តរជាតិមួយនោះ។

សម្រាប់ការប្រកួតគុណភាពអង្ករក្នុងឆ្នាំនេះ អង្ករកម្ពុជាមិនទទួលបានពានជាអង្ករល្អបំផុតនោះទេ ក៏ប៉ុន្តែអង្ករកម្ពុជានៅតែជាប់ជាអង្ករល្អបំផុត (Top Three Finalist) ក្នុងចំណោមសំណាកអង្ករទាំង ២១ មកពី៧ប្រទេស។