en     km
en     km

ក្រសួងទេស​ចរណ៍ ៖ តំបន់ឆ្នេរសមុទ្រត្រូវការបន្ថែមមគ្គុទេសក៏ទេសចរណ៍

Share

ភ្នំពេញ៖ខណៈភ្ញៀវទេសចរណ៍បានកើនឡើងជាលំដាប់នៅតំបន់ឆ្នេរសមុទ្រ ក្រសួងទេសចរណ៍បានបើកការប្រឡងជ្រើសរើសសិក្ខាកាមមគ្គុទេ្ទសក៏ទេសចរណ៍ដើម្បីធ្វើការបន្ថែមលើផ្នែកមួយនេះ។

តាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅលើហ្វេសប៊ុករបស់ខ្លួន ការប្រឡងជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៏ទេសចរណ៍តំបន់ឆ្នេរ ជំនាន់ទី ៣ ដែលក្រោមជំនួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  បានចាប់ផ្ដើម កាលពីថ្ងៃទី ០៦ វិច្ឆិកា ឆ្នាំ២០១៧ ។

គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសសិក្ខាកាមចូលរៀនវគ្គបណ្ដុះបណ្ដាលមគ្គុទ្ទេសក៏ទេសចរណ៍តំបន់ឆ្នេរ មានចំនួន ៧០ នាក់ ។ការប្រឡងមាន ២ វិញ្ញាសារ គឺវិញ្ញាសារសរសេរ និងវិញ្ញាសារផ្ទាល់មាត់។

ចំពោះបេក្ខជនជ័យលាភី នឹងត្រូវសិក្សារយៈពេល ១៦០ម៉ោង ផ្នែកទ្រឹស្ដីរួមទាំងត្រូវចុះកម្មសិក្សាអនុវត្តផងដែរ ។បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនេះ សិក្ខាកាមត្រូវស្នើសុំអាជ្ញាប័ណ្ណមគ្គុទេ្ទសក៏ទេសចរណ៍ថ្នាក់តំបន់ តាមប្រព័ន្ធអនឡាញ ឬតាមមន្ទីរទេសចរណ៍ ដើម្បីអាចប្រកបវិជ្ជាជីវៈរបស់ខ្លួនស្របច្បាប់។

វគ្គសិក្សានេះ បង្កើតឱកាសការងារបន្ថែមទៀតដល់យុវជននៅតំបន់ឆ្នេរ ឱ្យបម្រើការងារជាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ភ្ញៀវទេសចរដ៏ច្រើនកុះករមកទស្សនាតំបន់ឆ្នេរ​ ដែលជាសមាជិកនៃក្លឹបឆ្នេរដ៏ស្អាតបំផុតលើពិភពលោក ក៏ដូចជាត្រៀមចូលរួមអបអរសាទរ និងរង់ចាំទទួលបម្រើទេសចរអំឡុងទិវាបុណ្យសមុទ្រលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកែប នាថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខផងដែរ។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន ៥% នាំចំណូលចូលជាតិប្រមាណ ៣៤០០លានដុល្លារ ស្មើនឹង ១៣% នៃផលិត ផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ប្រមាណជាង ៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប៕

 

 

 

Share

Image
Image
Image