ភ្នំពេញ៖នាយប្រតិបត្តិអង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សនិងការងារនិងជាអតីតសមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡីបានស្នើសុំចៅក្រមស៊ើបសួរសាលាដំបូងកុំចាត់ការបណ្តឹងប្រធានគណបក្សយុវជនកម្ពុជាករណីបាត់បច្ច័យបុណ្យសព។មន្ត្រីការពារសិទ្ធិមនុស្សថាមេបក្សយុវជនកម្ពុជាគ្មានសិទ្ធិប្តឹងរឿងនេះទេ។
លោក មឿន តុលា នាយប្រតិបត្តិអង្គការសម្ព័ន្ធការពារសិទ្ធិមុស្សនិងការងារ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម គឺជាអតីតគណៈកម្មាការបុណ្យសពលោកបណ្ឌិតកែម ឡី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅចូលបំភ្លឺជុំវិញការបាត់បច្ច័យបុណ្យសពដែលប្តឹងដោយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
នៅថ្ងៃទី៧ ខែវិច្ឆិកានេះ គណៈកម្មាការបុណ្យសពលោកបណ្ឌិតកែម ឡី គឺលោក មឿន តុលា នាយប្រតិបត្តិអង្គការសម្ព័ន្ធការពារសិទ្ធិមនុស្សនិងការងារបានចូលបំភ្លឺនៅតុលាការតាមពាក្យបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាជុំវិញការបាត់បច្ច័យបុណ្យសពអ្នកវិភាគសង្គមដ៏ល្បីមួយរូប។
លោក មឿន តុលា ប្រធានអង្គការការពារសិទ្ធិមនុស្ស បានស្នើសុំទៅតុលាការឲ្យតម្កល់ពាក្យបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
លោក ប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងតុលាការថាលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការសាកសួរលោករយៈពេលជាង២ម៉ោងសាកសួរជុំវិញការប្រើប្រាស់ បច្ច័យក្នុងសាងសងចេតីសពលោកបណ្ឌិត កែម ឡី។
លោក បានប្រាប់ចៅក្រមស៊ើបសួរថាគណៈកម្មាការបុណ្យមិនជាប់ពាក់ព័ន្ធនឹងការកាន់បច្ច័យបុណ្យ របស់លោកបណ្ឌិត កែម ឡី ទេ។
«សំណូមពរឲ្យតុលាការតម្កល់អត់ចាត់ការ។ខ្ញុំបានបញ្ជាក់ទៅតុលាការហើយថាគណៈកម្មាធិការបុណ្យនិងមិនមានការជាប់ពាក់ព័ន្ធនឹងការគ្រប់ចាត់ចែកថវិការទេគឺក្រុមគ្រួសារជាអ្នកគ្រប់គ្រងចាត់ចែងថវិការទាំងអស់នោះ។»
ប្រធានអង្គការការពារសិទ្ធិមនុស្សរូបនេះ បានដាក់បង្ហាញភស្តុតាំងអំពីការអវត្តមានរបស់លោកនៅពេល រៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ព្រោះលោកមានបេសកម្មនៅប្រទេសនិងបង្ហាញអំពីលិខិតផ្តល់សិទ្ធិជាគណៈកម្មាការរៀបចំពិធីបុណ្យ ពីភរិយានិងម្តាយបង្កើតរបស់លោកកែម ឡី។
តាមគម្រោងចេតិយលោកបណ្ឌិត កែម ឡី ត្រូវការចំណាយថវិកាប្រមាណ១២ម៉ឺនដុល្លារអាមេរិកដើម្បីសាងសង់។ ចេតិយនេះមានទំហំ៩ម៉ែត្រគុណ៩ម៉ែត្រដែលមានចំនួន៧ថ្នាក់និងមាន កម្ពស់១៦ម៉ែត្រ។
លោក ស៊ឺន សែន ករុណា អ្នកនាំពាក្យអង្គការសមាគមអាដហុកដែលទៅឃ្លាំមើលនៅតុលាការព្រឹកមិញនេះ ឲ្យដឹងថាលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា គ្មានសិទ្ធិប្តឹងទៅគណៈកម្មធិការបុណ្យសព លោកបណ្ឌិត កែម ឡីព្រោះលោកស្រស់មិនមែនជាសាច់ញ្ញាតរបស់ក្រុមគ្រួសារលោកកែម ឡីនោះទេ។
លោក ករុណា សង្ឃឹមថា តុលាការមិនចាត់ការលើបណ្តឹងនេះទេ ព្រោះគឺជាសកម្មភាពមនុស្សធម៌របស់គណៈកម្មាការបុណ្យសព លោកបណ្ឌិត កែម ឡី។
«គួរតែកុំចាត់វិធានការចោទប្រកានក្នុងករណីនេះព្រោះជាករណីមួយដែលមនុស្សតែងធ្វើមនុស្សធម៌ធ្លាក់ទឹកចិត្តធ្វើឲ្យសង្គមមើលឃើញថាកម្ពុជាធ្វើនូវអំពើដែលល្អត្រូវមានការចោទប្រកាន់អ្វីជាដើម អញ្ចឹងធ្វើប៉ះពាល់មុខមាត់តុលាការកម្ពុជាដែរទេ។»
ចំណែកព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានកោះហៅចូលបំភ្លឺក្នុងនាមជនសង្ស័យ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោក ពេជ្រ ស្រស់ ដែលជាម្ចាស់បណ្តឹងនេះ បានចោទ ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា និង លោក ប៉ា ងួនទៀង ដែលជាអតីតគណៈកម្មការនៃបុណ្យសព លោក កែម ឡី បានធ្វើឱ្យបាត់បច្ច័យរបស់ប្រជាពលរដ្ឋ និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលបានចូលរួមដើម្បីសាងសង់ចេតីយលោក កែម ឡី។
តែបែបនេះក្ដីពុំឃើញពលរដ្ឋដែលបានចូលរួមបរិច្ចាគថវិកាដើម្បីបុណ្យសពលោកបណ្ឌិតកែមឡី បានប្ដឹងករណីនេះទេ៕