en     km
en     km

សមាជិកបក្សប្រឆាំងបន្តដើរចេញពីបក្សក្រោយលោកនាយករដ្ឋមន្រ្តីដង្ហោយហៅ

Share

ភ្នំពេញ៖ គិតត្រឹមរសៀលថ្ងៃទី០៦ វិច្ឆិកានេះ ពោលគឺនៅបន្ទាប់ពីការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រយៈពេលពីរថ្ងៃ សមាជិកក្រុមប្រឹក្សាឃុំ និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិយ៉ាងតិច ៦ រូបទៀត បានសម្រេចចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
​យ៉ាងណាសមាជិក និងចៅសង្កាត់បក្សប្រឆាំងខ្លះអះអាងថា ខ្លួនសុខចិត្តអស់តំណែងតែមិនក្បត់បក្ស និងឆន្ទៈពលរដ្ឋឡើយ។

យ៉ាងហោចណាស់សមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិចំនួន ២រូប និងថ្នាក់ដឹកនាំបក្ស៤រូបបានសម្រេចដើរចេញពីគណបក្ស​ទៅរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងអំពាវនាវដោយធានារក្សាតួនាទី និងមុខតំណែងរបស់សមាជិកទាំងនោះ ប្រសិនមកចុះចូលបក្សកាន់អំណាច។

គិតត្រឹមរសៀលថ្ងៃទី០៦ វិច្ឆិកានេះ សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ២រូប មួយរូបមានឈ្មោះលោក កែវ ណារិន អាយុ២៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង និងមួយរូបទៀតមានឈ្មោះ លោក ស្មាន សេត អាយុ៦៣ឆ្នាំ ជំទប់ទី២ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​។

ចំណែក ៤ រូបទៀតជា ជាសមាជិកសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ។ពួកគាត់រស់ នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏បានចាក់ចេញពីបក្សផងដែរ។ ចរន្តនៃការចាកចេញនេះបានធ្វើឱ្យចំនួនសមាជិកបក្សប្រឆាំងទៅចុះចូលបក្សកាន់អំណាចកើនឡើងដល់ប្រមាណ ៦៥នាក់ហើយនៅថ្ងៃនេះ។នេះ បើតាមគេហទំព័រFresh News។

ក្នុងលិខិតរបស់សមាជិកក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំបក្សមូលដ្ឋានខេត្តទាំង ៦រូបនេះសុទ្ធតែអះអាងថា ការចាកចេញពីបក្ស គឺបន្ទាប់ពីខ្លួនបានដឹងពីអំពើក្បត់របស់លោក កឹម សុខា ហើយការចុះចូលបក្សកាន់អំណាចគឺដើម្បីបន្តសកម្មភាពបំរើពលរដ្ឋតែប៉ុណ្ណោះ។

ការចាក់ចេញនេះគឺនៅបន្ទាប់ពី សម្តេចនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី០៤ វិច្ឆិកា បានថ្លែងតាមហ្វេសប៊ុកទៅកាន់សមាជិកគណបក្សសង្រ្គោះជាតិ ឱ្យចុះចូលរួមរស់ជីវិតនយោបាយជាមួយបក្សកាន់អំណាច ដោយសម្តេចជឿជាក់ថា គណបក្សសង្គ្រោះជាតិនឹងត្រូវបានរំលាយជាពុំខានតាមអំណាចតុលាការ។

ក្នុងឃ្លីបវីដេអូរយៈពេល ២៦នាទី សម្តេចនាយករដ្ឋមន្រ្តីក៏បញ្ជាក់ពីអនាគតតួនាទីរបស់សមាជិកគណៈកម្មការអចិន្ត្រៃយ៍និងគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ នឹងត្រូវហាមឃាតសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំដោយអំណាចសាលក្រមតុលាការកំពូលដែលបិទផ្លូវតវ៉ា។ សម្តេច ហ៊ុន សែន៖«»។

ដើម្បីទប់ស្កាត់នឹងចរន្តនៃការចាកចេញជាបន្តបន្ទាប់របស់សមាជិកគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អតីតប្រធានគណបក្ស កាលពីថ្ងៃទី០៤ វិច្ឆិកា ក៏បានចេញឃ្លីបវីដេអូមួយផងដែរ ដោយអំពាវនាវដល់សមាជិកបក្សកុំចាញ់បោកការឃោសនារបស់នាយករដ្ឋមន្រ្តី។ លោក សម រង្ស៊ី រស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា គណបក្សសង្គ្រោះជាតិនឹងមិនត្រូវបានរំលាយនោះទេ ហើយលោកព្រមានដល់សមាជិកដែលមានបំណងចង់ចាកចេញ ឬចាកចេញហើយថា «ប្រយ័ត្នទៅមុខក៏មិនដល់ ថយក្រោយក៏មិនបាន»។ លោក សម រង្ស៊ី៖«»។

នៅថ្ងៃនេះដែរស្រ្តីវ័យក្មេងជាចៅសង្កាត់អូចារ ខេត្តបាត់ដំបង កញ្ញា សិនចាន់ ពៅរ៉ូហ្សិត បានអះអាងចំពោះមុខពលរដ្ឋសង្កាត់អូចារក្នុងពេលចុះចែកអំណោយថា កញ្ញាស៊ូនៅបំរើបក្សរហូត បើទោះបីកន្លងមកមានការទិញទឹកចិត្តនិងផ្តល់បុណ្យស័ក្កិជាថ្នូរនឹងការដើរចេញពីបក្សសង្គ្រោះជាតិនោះ។

កញ្ញាបន្តថា នាងមិនក្បត់បក្ស​និងក្បត់ឆន្ទៈពលរដ្ឋដែលគាំទ្រកញ្ញាឡើយ បើទោះបីនាងត្រូវបាត់បង់តំណែងក៏ដោយ។កញ្ញា សិនចាន់ ពៅរ៉ូហ្សិត៖«  »។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបញ្ជាក់ថា ចំនួននៃការចាកចេញនេះគឺជាចំនួនពិតដែលថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាជាអ្នកគ្រប់គ្រង។ លោកបន្តថា ការដែលសមាជិករបស់គណបក្សសង្គ្រោះជាតិដើរចេញពីបក្សប្រឆាំងនេះ គឺព្រោះតែពួកគេបានដឹងអំពើក្បត់របស់មេបក្សខ្លួន ហើយការចាកចេញគឺមិនបានការទិញទឹកចិត្តអ្វីនោះទេ។លោក សុខ ឥសាន៖«   »។

វិទ្យុស្រ្តីមិនទាន់អាចសុំការអាត្ថាធិប្បាបាយពីមន្រ្តីគណបក្សសង្គ្រោះជាតិបាននៅថ្ងៃនេះ ជុំវិញចំនួនអ្នកចាកចេញពីបក្សនេះ។

តែកន្លងមកទាំងមន្រ្តីបក្សសង្គ្រោះជាតិ អ្នកវិភាគ និងអ្នកឃ្លាំមើលការបោះឆ្នោតសុទ្ធតែអៈអាងថា ចរន្តនៃការចាកចេញពីគណបក្សប្រឆាំងទៅចុះចូលនឹងបក្សកាន់អំណាច គឺនៅមានចំនួនតិចតួចជាងឆ្នាំមុនៗ ដែលនេះបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅមានប្រជាប្រិយភាព ហើយសមាជិកមានការយល់ដឹងពីល្បិតនយោបាយបានច្រើន៕

Share

Image
Image
Image