ភ្នំពេញ ៖ អាជ្ញាធរខេត្ដព្រះវិហារ បានបញ្ជូនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពបង្ខំរំលោភហើយសម្លាប់ ទៅកាន់តុលាការនៅថ្ងៃនេះ ក្រោយពីចាប់ខ្លួនបានកាលពីថ្ងៃសៅរិ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ជុំវិញរឿងនេះ មន្ដ្រីសង្គមស៊ីវិល ដែលធ្វើការងារ លើការ ការពារសិទ្ធិមនុស្សទទូចសុំឲ្យអាជ្ញាធរ ពង្រឹងច្បាប់ និងសកម្មភាពការងារ របស់ខ្លួនដើម្បីការពារសុវត្ថិភាពស្ដ្រីក្នុងសហគមន៍។

ជនសង្ស័យនេះមានឈ្មោះ គង់ ធី ហៅ អ៊ឹម ធី អាយុ ៥១ឆ្នាំ រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។ បុរសរូបនេះបានធ្វើសកម្មភាពប៉ុនប៉ងបង្ខំរំលោភលើស្ដ្រីរងគ្រោះមានឈ្មោះ យ៉ាន ចិន្ថា ហៅ ឌូ អាយុ ៣០ឆ្នាំ ក៏ប៉ុន្ដែ ស្ដ្រីរងគ្រោះបានព្យាយាមស្រែហៅឲ្យអ្នកភូមិជួយទើបត្រូវបុរសរូបនេះ កាប់សម្លាប់នាងតែម្ដង។
តាមស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌប្រចាំខេត្ដព្រះវិហារមានប្រសាសន៍ថា ពេលនេះអាជ្ញាធរបានបញ្ជូនជនសង្ស័យទៅកាន់តុលាការខេត្ដព្រះវិហារ ហើយករណីនេះលោកបញ្ជាក់ថា គឺជាបទឧក្រិដ្ឋដែលជនសង្ស័យអាចមានទោសពី ៥ឆ្នាំទៅដល់ ១៥ឆ្នាំ។
លោក កែវ ចំរើន ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌប្រចាំខេត្ដព្រះវិហារ បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី០៦ ខែវិច្ឆិកានេះថា ស្ដ្រីរងគ្រោះគឺមានស្វាមីរួចហើយ ។ នាងមានកូនតូចៗចំនួន២នាក់។ នៅថ្ងៃកើតហេតុស្ដ្រីរងគ្រោះ កំពុងសំរាកនៅផ្ទះម្នាក់ឯង ជាមួយកូនតូចម្នាក់ ខណៈស្វាមីកំពុងធ្វើការងារនៅភ្នំពេញ។
លោក កែវ ចំរើន បានឲ្យដឹងទៀតថា នេះជាបញ្ហាដែលលំបាកទប់ស្កាត់ និងលុបបំបាត់ បើទោះបីជាវាកើតឡើងមិនញឹកញាប់ក៏ដោយ។ លោកបញ្ជាក់ថា កន្លងមកអាជ្ញាធរបានចុះបើកជាវេទិកាមូលដ្ឋានជាច្រើន ដើម្បីអប់រំពលរដ្ឋឲ្យយល់ដឹងពី គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងផលអាក្រក់នៃអំពើហិង្សារំលោភផ្លូវភេទនេះ។ លោក កែវ ចំរើន៖«ការអប់រំគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពហ្នឹង បានអនុវត្ដច្រើនឆ្នាំមកហើយ ធ្វើបន្ដបន្ទាប់ ប៉ុន្ដែការអប់រំមនុស្សដូចលោកបានដឹងហើយ មិនមែនជារឿងងាយទេ មនុស្សដែលខិលខូចនៅតែមានអញ្ចឹង»។
ជាមួយគ្នានេះលោកស្នងរង កែវ ចំរើន ក៏សំណូមពរដល់ស្ដ្រីគ្រប់រូបត្រូវមានការការពារខ្លួនគ្រប់ពេល ជាពិសេសត្រូវមានលេខទំនាក់ទំនងអាជ្ញាធរ មូលដ្ឋានដើម្បីទាក់ទង ប្រសិនបើមានករណីហិង្សាណាមួយកើតឡើង។
ជុំវិញករណីនេះ មន្ដ្រីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដព្រះវិហារ បង្ហាញការសោកស្ដាយជាខ្លាំង ចំពោះឃាត់កម្មដ៏អាក្រក់ដែលកើតឡើងលើស្ដ្រីដូចនេះ។
លោក ឡោ ចាន់ មន្ដ្រីសម្របស្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដព្រះវិហារ បានប្រាប់ថា តាមរបាយការណ៍ករណីរំលោភសម្លាប់ បានកើតឡើងញឹកញាប់ទៅលើស្ដ្រីដែលរស់នៅភូមិដាច់ស្រយាល។ លោកបន្ដថា មូលហេតុដែលនាំឲ្យស្ដ្រីក្នុងភូមិស្រុក ដាច់ស្រយាលតែងតែរងគ្រោះពីការចាប់រំលោភ ហើយឈានដល់សម្លាប់ដូចនេះ ពីព្រោះតែភាគច្រើនយុវជនបានញៀនគ្រឿងស្រវឹង ការលេងល្បែងស៊ីសង និងការហូរចូលនៃរឿងអាសអាភាសកាន់តែទូលាយ។ មួយវិញទៀតមន្ដ្រីការពារសិទ្ធិមនុស្សរូបនេះ មើលឃើញថា ហិង្សាលើស្ដ្រីដែលមិនអាចថមថយបានក៏ដោយសារតែមន្ដ្រីអនុវត្ដច្បាប់មួយចំនួន ហាក់យឺតយ៉ាវអន្ដរាគមន៍ ករណីហិង្សាលើស្ដ្រី មិនថា ទាំងហិង្សាក្នុងគ្រួសារ ឬក៏ករណីរំលោភនោះទេ។
ត្រង់ចំណុចនេះលោក ឡោ ចាន់ សំណូមពរដល់អាជ្ញាធរ គួររឹតបន្ដឹងការអនុវត្ដច្បាប់ឡើងវិញ ដែលមានជាអាទិ៍បង្កើនការអនុវត្ដការងារឲ្យបានម៉ឺងម៉ាត់ លុបបំបាត់សារធាតុញៀន និងល្បែងស៊ីសងផ្សេងៗ។ លោក ឡោ ចាន់ ៖«ជាទស្សនរបស់ខ្ញុំទីមួយគាត់ត្រូវយកចិត្ដទុកដាក់លើការបង្ក្រាបផ្សេងៗពិសេសល្បែងស៊ីសង និងគ្រឿងញៀន ទី២ នៅពេលមានបញ្ហាអ្វីកើតឡើងគាត់ត្រូវមានឆន្ទៈចុះទៅភ្លាមៗ។ ពីព្រោះតែកន្លងមកយើងឃើញថា មិនមែនត្រឹមតែរឿងរំលោភសម្លាប់ទេ សូម្បីករណីហិង្សាក្នុងគ្រួសារល្មមៗ ហាក់បីដូចអាជ្ញាធរមួយចំនួន គាត់អត់សូវចុះទៅជាហេតុដល់ពេលខ្លះបណ្ដាលឲ្យស្លាប់ក៏មានដែរ»។
រយៈពេលចុងក្រោយនេះ សង្គមស៊ីវិលដែលធ្វើការងារ ផ្នែកសិទ្ធិមនុស្សមើលឃើញថា ហិង្សាលើស្ដ្រីមិនបានថមថយនោះទេ ផ្ទុយទៅវិញវាបានកើតឡើងជាញឹកញាប់ ហើយមានរូបភាពកាន់តែសាហាវថែមទៀត។ ក្រៅពីការហូរចូលហាក់មានភាពទូលាយនូវរឿងអាស់អាភាសហើយ ប្រ័ពន្ធផ្សព្វផ្សាយមួយចំនួនដែលមានជាអាទិ៍ ទូរទស្សន៍ជាដើម តែងតែបង្ហាញនូវសកម្មភាពហិង្សាលើស្ដ្រីជាញឹកញាប់តាមរយៈកម្មវិធីរបស់ពួកគេ។
បើផ្អែកតាមរបាយការណ៍របស់អង្គការមូលនិធិអាស៊ីដែលដាក់បង្ហាញ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ថា អំពើហិង្សាលើស្ដ្រីដែលអាចមិនថយចុះបាន ពីព្រោះតែកម្មវិធីមួយចំនួនរបស់ស្ថានីយ៍ទូរទស្សន៍ល្បីៗ នៅកម្ពុជា សុទ្ធតែផ្ទុកនូវខ្លឹមសារអំពើហិង្សា គ្រប់ទម្រង់ទៅលើស្ត្រី។ បន្ថែមពីនេះអង្គការនេះ បានរកឃើញទៀតថា អំពើហិង្សាលើស្ដ្រីនិងកុមារ ភាគច្រើនទាំងអ្នករងគ្រោះនិងអ្នកប្រព្រឹត្ដ គឺពួកគេមានការចេះដឹងតិចតួច ហើយជាងនេះពួកគេជាក្រុមមនុស្សមានអាយុចន្លោះពី ២៦ ដល់ ៤៩ឆ្នាំ ហើយជាពលរដ្ឋរស់នៅតាមតំបន់ដាច់ស្រយាល៕