en     km
en     km

មន្ត្រីកម្ពុជា៖ការប្រកួតបវរកញ្ញាពិភពលោកនាំឱ្យកម្ពុជាទទួលបានភាពល្បីផ្នែកទេសចរណ៍

Share

ភ្នំពេញ៖ ការប្រកួតប្រជែងបវរកញ្ញាឯកពិភពលោកបានចាប់ផ្តើមហើយនៅលើទឹកដីកម្ពុជា ដោយចាប់ផ្តើមបេសកកម្មប្រកួតដំបូងគេនៅស្រុកអូរំាងឪ ខេត្តត្បូងឃ្មុំ។ ការប្រកួតប្រជែងនេះធ្វើទ្បើងដោយបេក្ខភាពប្រកួតប្រជែង៦៥រូប មកពី ៦៥​ ប្រទេសផ្សេងៗគ្នា។ ប្រធានបទនៃការប្រកួតផ្ដោតលើបរិស្ថាននិងអប់រំជាដើម។

បវរកញ្ញាឯកពិភពលោកបានចាប់ផ្តើមចុះបេសកកម្មរបស់ខ្លួនដំបូងគេនៅលើទឹកដីខេត្តត្បូងឃ្មុំ ដោយផ្តោតសំខាន់ទៅលើវិស័យបរិស្ថាន វិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀត។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានផ្តល់បទសម្ភាស ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា មូលហេតុដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងបវរកញ្ញាឯកពិភព​លោកនេះ គឺដើម្បីឆ្លុះបញ្ចំាងពីការយកចិត្តទុកដាក់របស់កម្ពុជាទៅលើ វិស័យគំាពារ       បរិស្ថាន។ លើសពីនេះទៀតនោះក៏ដើម្បីដោះស្រាយរួមគ្នារវាងប្រទេសទំាង៦៥ក្នុងការដោះស្រាយបញ្ហាបរិស្ថាននៅលើពិភពលោក ដោយចូលរួមទទួលខុសត្រូវក្នុងការថែរក្សាបរិស្ថាន ព្រោះថាបញ្ហាបរិស្ថានគឺជាអាយុជីវិតរបស់ពិភពលោកទំាងមូលដែលត្រូវចូលរួមដោះស្រាយទំាងអស់គ្នា។ ​

លោក អ៊ាង សុផល្លែត សង្កត់ធ្ងន់ថាតាមរយៈការប្រកួតប្រជែងបវរកញ្ញាឯកពិភពលោកនេះពួកគេនឹងបង្ហាញការពិតពីអ្វីដែលកម្ពុជាមានដើម្បីបង្ហាញទៅដល់ពិភពលោកឱ្យបានស្គាល់កម្ពុជាឱ្យកាន់តែច្បាស់ថែមទៀត។

លោក អ៊ាង សុផល្លែត ៖ «បើ៦៥ប្រទេសគាត់បានទៅដល់ហើយ គាត់និយាយហើយប្រហែលជាឆ្លុះបញ្ចាំងការពិតពីកម្ពុជាយើង អ្វីដែលខ្ញុំបានស្នើសុំគាត់គឺថាបើកបេះដូង ទទួលយកការពិត និយាយការពិតនូវអ្វីដែលគាត់បានឃើញនៅកម្ពុជាយើង»

តាមរយៈការប្រកួតប្រជែងនេះ អ្នកនំាពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីថា ការប្រកួតប្រជែងបវរកញ្ញាឯកពិភពលោក នេះគឺបង្ហាញពីស្ថេរភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ ទើបវិស័យឯកជនបរទេសសហការជា មួយវិស័យឯកជនក្នុងស្រុកសហការគ្នាប្រារព្ធកម្មវិធីនេះទ្បើង ដែលស្វែងរកការគំាទ្រពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា។

លោក ថៃ នរៈសត្យា បន្តថាកម្ពុជាក៏ទទួលបានផលប្រយោជន៍មួយចំនួនក្នុងការប្រកួតប្រជែងបវរកញ្ញាឯកពិភពលោកនេះផងដែរ។

លោក អ៊ាង សុផល្លែត ៖ «ព្រោះយើងនៅទៅកន្លែងមួយចំនួនដូចជារមណីដ្ឋានធម្មជាតិ រមណីវប្បធម៌ រមណីដ្ឋានដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកតំបន់ទេសចរធម្មជាតិ តំបន់ទេសចរផ្សេងៗទៀត ព្រមទំាងមជ្ឈមណ្ឌលកុមារកំព្រា ឬមន្ទីរពេទ្យ ឬសាលារៀនមួយចំនួនដែលយើងមានកម្មវិធីទៅដល់ហ្នឹងរួមទំាងកម្មវិធីទាក់ទិននឹងបរិស្ថានផងដែរ»។

បេក្ខនារីមួយរូបក្នុងចំណោមបេក្ខនារី៦៥រូបដែលចូលរួមប្រកួតប្រជែងបវរកញ្ញាឯកពិភពលោក គឺកញ្ញា ផ លីណា ដែលមានដើមកំណើតជាខ្មែរ សញ្ជាតិអាមេរិក បានលើកទ្បើងថានាងពិតជា​សប្បាយចិត្តដែលមានកិត្តិយសតំណាងឱ្យប្រទេសកម្ពុជាក្នុងការចូលរួមប្រកួតប្រជែងបវរ កញ្ញាឯកពិភពលោកនេះ។ ផ លីណា បន្តថានេះជាលើកទីមួយហើយដែលកញ្ញាបានមកដល់ទឹកដីកម្ពុជាព្រោះថានេះជាទឹកដី ភូមិកំណើតរបស់នាង។

បេក្ខនារីរូបនេះបង្ហាញអារម្មណ៍របស់ខ្លួនដែលមកដល់ទឹកកម្ពុជាដូច្នេះថា ៖​«ខ្ញុំតែងតែទន្ទឹងរង់ចំាឱកាសដើម្បីអាចមកនៅទីនេះខ្ញុំងរង់ចំាអស់រយៈពេលជាយូរមកហើយដើម្បីបានមកប្រទេសកម្ពុជា ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃដែលខ្ញុំបានមកកាន់ប្រទេសកម្ពុជាគឺខ្ញុំមើលឃើញថានេះពិតជាព្រះរាជាណាចក្រអច្ឆរិយហើយមានភាពកក់ក្តៅ»

ចំណែកអតីតបវរកញ្ញាឯកពិភពលោកឆ្នំា២០១៦ដែលមកពីប្រទេស Ecador កញ្ញា Angela Bonila បានលើកទ្បើងថាប្រទេសកម្ពុជាជាប្រ ទេសដែលស្រស់ស្អាត ហេតុអ្វីបានជាយើងមិនធ្វើឱ្យប្រទេសកម្ពុជាទៅជាកន្លែងមួយដែលល្អបំផុតសម្រាប់ការរស់នៅក្នុងជីវិត។មូលហេតុមួយនេះហើយដែលយើងចង់ធ្វើយ៉ាងណាដើម្បីស្ថាបនាប្រទេសកម្ពុជាឱ្យមានបរិស្ថានល្អគួរជាទីរស់នៅ។

អតីតបវរកញ្ញាឯកពិភពលោកឆ្នំា២០១៦រូបនេះសង្កត់ធ្ងន់ថាមនុស្សមួយចំនួនចាត់ទុកថាភាពស្រស់ស្អាត ឬសម្រស់ស្រស់ស្អាតមិនសូវមានប្រយោជន៍នោះទេ។ តែផ្ទុយទៅវិញបវរកញ្ញារូបនេះថាអះអាងថាសម្រស់ស្អាតពិតជាមានប្រយោជន៍ព្រោះថាមិនត្រឹមតែមានសម្រស់តែថែមទាំងមានចំណេះដឹងក្នុងការចែករំលែកបទពិសោធន៍ឱ្យគ្នាទៅវិញទៅមកផងដែរ។

កញ្ញា Angela Bonila បន្តទៀតថាបវរកញ្ញាឯកដែលបានចូលរួមប្រកួតប្រជែងគ្នានេះគឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការរួមគ្នារវាងប្រទេសទំាង៦៥ដែលបានចូលរួមប្រកួតប្រជែងនេះ

កញ្ញា Angela Bonila៖ «យើងខ្ញុំមិនមានសម្រស់តែមួយមុខទេប៉ុន្តែសម្រស់នេះក៏មានគោលបំណងដែរយើងខ្ញុំមកដើម្បីធ្វើការ ដើម្បីសហការនឹងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក»។

បើតាមលោក អ៊ាង សុផល្លែត បវរកញ្ញាឯកពិភពលោកដែលបានមកដល់កម្ពុជានេះគឺជាលើកទី០៣ហើយ លើកទីមួយធ្វើទ្បើងក្នុងឆ្នំា ២០១៥ ដល់ឆ្នំា២០១៧នេះ ដោយផ្តោតសំខាន់ទៅលើវិស័យបរិស្ថាន វិស័យអប់រំ វិសុខាភិបាលជាដើម។ បេក្ខភាពបវកញ្ញាឯកពិភពលោកឆ្នំា២០១៧ សរុបមានចំនួន ៦៥ រូប មកពី៦៥ប្រទេសផ្សេងៗគ្នារួមទំាងបវរកញ្ញាកម្ពុជាមួយរូបផងដែរ ហើយការប្រកួតប្រជែងយកជ័យលាភីបវរកញ្ញាឯកពិភពលោកនេះនឹងបញ្ចប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ៕

 

Share

ព័ត៌មានទាក់ទង

Image