ភ្នំពេញ៖ បវរកញ្ញាពិភពលោកឆ្នំា២០១៦ និងបេក្ខភាពវរកញ្ញាពិភពលោកឆ្នំា២០១៧ បានមកដល់ប្រទេសកម្ពុជាហើយដើម្បីចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភីបវរកញ្ញាឯកពិភពលោកឆ្នំា២០១៧។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានចុះផ្សាយនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នំា២០១៧នេះ។ លោក ជួន សារ៉េតជូនសេចក្ដីរាយការណ៍៖
សំឡេង៖
កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភីបវរកញ្ញាឯកពិភពលោក ដែលមានជាង៦០ប្រទេសចូលរួម។ ការប្រកួតប្រជែងនេះកម្ពុជានឹងទទួលបានផលប្រយោជន៍ផងដែរគឺតាមរយៈការចូលរួមផ្សព្វផ្សាយពីវបប្បធម៌ ប្រពៃណីកម្ពុជា ឱ្យពិភពលោកបានស្គាល់កាន់តែច្រើនថែមទៀត។
អ្នកនំាពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានផ្តល់បទសម្ភាសឱ្យវិទ្យុស្រ្តីនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នំា២០១៧នេះថា ការដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងបវរកញ្ញាឯកពិភពលោក នេះគឺបង្ហាញពីស្ថេរភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ ទើបវិស័យឯកជនបរទេស សហការជាមួយវិស័យឯកជនក្នុងស្រុកសហការគ្នាប្រារព្ធកម្មវិធីនេះទ្បើង ដែលស្វែងរកការគំាទ្រពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា។
លោក ថៃ នរៈសត្យា បន្តថាកម្ពុជាក៏ទទួលបានផលប្រយោជន៍មួយចំនួនក្នុងការប្រកួតប្រជែងបវរកញ្ញាឯកពិភពលោកនេះផងដែរ។
លោក ថៃ នរៈសត្យា ៖ «ព្រោះយើងនៅទៅកន្លែងមួយចំនួនដូចជារមណីដ្ឋានធម្មជាតិ រមណីវប្បធម៌ រមណីដ្ឋានដែលជាបេតិកភណ្ឌវប្បធម៌ពិភពលោកតំបន់ទេសចរធម្មជាតិ តំបន់ទេសចរផ្សេងៗទៀត ព្រមទំាងមជ្ឈមណ្ឌលកុមារកំព្រា ឬមន្ទីរពេទ្យ ឬសាលារៀនមួយចំនួនដែលយើងមានកម្មវិធីទៅដល់ហ្នឹងរួមទំាងកម្មវិធីទាក់ទិននឹងបរិស្ថានផងដែរ»។
លោក ថៃ នរៈសត្យា បន្ថែមទៀតថា ៖«អ្វីដែលគេធ្វើនៅស្រុកយើង អ្វីដែលជាការប្រព្រឹត្តិតទៅមិនតទៅទៀនោះយើងមិនមើលឃើញអ្វីដែលពាក់ព័ន្ធបញ្ហានយោបាយ បញ្ហាអ្វីទេវាពាក់ព័ន្ធតែទៅលើបញ្ហាសោភ័ណភាព បញ្ហាបង្ហាញពីវប្បធម៌អរិយធម៌ សម្លៀកបំពាក់តំណាងប្រទេសនីមួយនោះផង ហើយក្នុងនោះកម្ពុជាក៏បានរួមចំណែកផងដែរវាបានបង្ហាញឱ្យឃើញថាភាពសម្បូរបែបនៃវប្បធម៌ដែលអាចយកចម្រុះចូលគ្នាបាន» ។
គូរជម្រាបថាបេក្ខភាពបវកញ្ញាឯកពិភពលោកឆ្នំា២០១៧ សរុបមានចំនួន ៦៥ រូប មកពី៦៥ប្រទេសផ្សេងៗគ្នារួមទំាងបវរកញ្ញាកម្ពុជាមួយរូបផងដែរ ការចូលរួមនេះចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នំា២០១៧ ហើយពួកគេក៏នឹងចូលរួមក្នុងវិស័យបរិស្ថាន ជាមួយក្រសួងបរិស្ថាននៅស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នំា២០១៧៕